ដោយ ហង្ស សាវយុត
2012-07-14
វិទ្យុអាស៊ីសេរី
ក្រុមហ៊ុនអាមេរិកមួយឈ្មោះ ជី អេនណឺជី (G Energy) និងក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ សោម៉ា គ្រុប (SOMA GROUP) បានឱ្យដឹងថា គេបានធ្វើការវិនិយោគនូវចំនួនទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក។

លោក សុខ ពុទ្ធិវុធ ជាអគ្គនាយកក្រុមហ៊ុន សោម៉ា គ្រុប និងលោក កែនជិ អឺនិស៊ិ (Kenji Uenishi) ជាប្រធានក្រុមហ៊ុន ជី អេនណឺជី (G Energy) សហរដ្ឋអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក ចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់ម៉ាស៊ីនឧស្ម័នដើម្បីផ្តល់ថាមពលអគ្គិសនី នៃគម្រោងជីវម៉ាសដោយប្រើអង្កាមនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១២។
RFA/Hang Savyouth
នេះជាការវិនិយោគលើកដំបូង ដើម្បីផ្ដល់ថាមពលអគ្គិសនីដើរដោយជីវម៉ាសឧស្ម័នចម្រុះ ផ្គត់ផ្គង់ទៅឱ្យប្រជាពលរដ្ឋនៅតាមជនបទបានប្រើប្រាស់ពេលខាងមុខឆាប់ៗ។
ក្រុមហ៊ុនទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយគ្នា កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា នៅឯខេត្តសៀមរាប ដោយមានលោក សាត សាមី ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល របស់រដ្ឋាភិបាលកម្ពុជា និងលោក ហ្វេនស៊ីសស្កូ សាន់ជេហ្ស (Fancisco Sanchez) ជាអនុរដ្ឋលេខាធិការសម្រាប់ពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចូលរួមធ្វើជាសាក្សីផង។
លោក សុខ ពុទ្ធិវុធ ជាអគ្គនាយករបស់ក្រុមហ៊ុន សោម៉ា គ្រុប លោកបានមានប្រសាសន៍ក្នុងបទសម្ភាសន៍បន្ទាប់ពីចុះហត្ថលេខាថា ការចាប់ផ្តើមដំណើរការផ្ដល់ថាមពលអគ្គិសនី ដែលដើរដោយជីវម៉ាសឧស្ម័នចម្រុះរបស់ក្រុមហ៊ុនលោក អាចនឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកិនស្រូវ និងវិស័យកសិកម្មនៅតាមតំបន់ផ្សេងទៀត ដែលអាចទាញយកការកែច្នៃនូវជីវម៉ាសដែលជាកាកសំណល់ពីរោងម៉ាស៊ីន ដើម្បីផលិតជាអគ្គិសនីយកទៅប្រើប្រាស់ ហើយក៏ជាការជួយកាត់បន្ថយនូវការចំណាយលើថាមពលអគ្គិសនី និងការបោះចោលកាកសំណល់នៅតាមកន្លែងផ្សេងៗផងដែរ។
លោក សុខ ពុទ្ធិវុធ៖ «បច្ចុប្បន្ននេះ ប្រហែល៣លាន ក្នុងការវិនិយោគនេះ។ បច្ចេកវិទ្យានេះ គឺវាអាចប្រើប្រាស់វត្ថុធាតុដើម ដូចជាអង្កាម កម្ទេចឈើជាដើម ដែលវាមានសក្ដានុពលធំជាងគេ នៅក្នុងស្រុកខ្មែរយើង។ បច្ចុប្បន្នយើងចាប់ផ្ដើមនៅខេត្តកំពង់ចាម ហើយនឹងមានខេត្តបន្តៗក្នុងផែនការ ហើយនឹងសង្ឃឹមថា វានឹងអាចអនុវត្តបានលឿន ពីព្រោះនេះជាបទពិសោធន៍លើកទីមួយ។ អីចឹង យើងនឹងសាកល្បងមើល»។
ចំណែកលោក កែនជិ អឺនិស៊ិ (Kenji Uenishi) ជាប្រធានក្រុមហ៊ុន ជី អេនណឺជី (G Energy) នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុន សោម៉ា គ្រុប គឺជារបកគំហើញដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន ដែលវានឹងមានសក្ដានុពលខ្ពស់សម្រាប់បច្ចេកវិទ្យាម៉ាស៊ីនឧស្ម័ន ជី.អ៊ី (G E) ដោយមានភាពសមស្របក្នុងការជួយសម្អាតកាកសំណល់ និងផ្ដល់តម្លៃដល់ផ្នែកកសិកម្មផង នៅក្នុងបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍។
លោក កែនជិ អឺនិស៊ិ៖ «ជាការពិតណាស់ គឺយើងបានការជួយគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីចាប់ផ្ដើមថាមពលជីវម៉ាសនេះសម្រាប់កម្ពុជា ដើម្បីសម្រេចឱ្យបានគោលដៅសេដ្ឋកិច្ច និងបរិស្ថាន ហើយគោលដៅនៃការផ្ដល់ថាមពលនេះ នឹងឆ្លងកាត់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាស៊ាន មួយចំនួនទៀត នាពេលអនាគត»។
គម្រោងរបស់ក្រុមហ៊ុន សោម៉ា គ្រុប ត្រូវបានគេចាត់ទុកថា គឺជាតំណាងនៃកិច្ចព្រមព្រៀងទិញថាមពលទី១ នៅក្នុងកម្ពុជា ដើម្បីប្រើប្រាស់ថាមពលអគ្គិសនីជីវម៉ាស។ គម្រោងនេះ បានកើតចេញពីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ជី អេនណឺជី (G Energy) ដែលបានចុះហត្ថលេខា កាលពីអំឡុងខែតុលា ឆ្នាំ២០១១ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នៅសហរដ្ឋអាមេរិកថ្លៃភ្លើងឡើងសឹងស្មើរថ្លៃផ្ទះ ម្លោះហើយសម្លឹងមើលកម្ពុជា ដូចសាច់ជ្រូកលើជ្រុញមិនខុសទេ ។
I don’t agree.
រៀនភរតាមសំដាច់តេជោ។
I have been living in the U.S. for year, and I had never paid the electric city as much as the house ‘s rent. I usually pay about 8 to 10 percent of rent the house, and I believe everyone would pay almost the same prices for their domestic in the U.S. to live.