គំនូរ​ស្រោច​ស្រង់​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច

13 July 2012
មាស រ័ត្ន
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ កន្លង​មក​គេ​តែង​សរសើរ​ជន​ស្បែកស​ថា​មាន​ការ​អប់​រំជ្រៅ​ជ្រះ​ជាង​ខ្មែរ ដូច្នេះ​សីលធម៌​របស់​គេ​ក៏​សន្មត​ថា​គ្រាន់​បើ​ដែរ។ ប៉ុន្តែ​សម្រាប់​រឿង​រំលោភ​សេពសន្ថវ:លើ​កុមារ​កម្ពុជា​កន្លង​មក ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខ្មែរ​ និង​ជន​បរទេស​ បាន​ប្រព្រឹត្តអំពើ​អនាចារ​ទាំង​នេះ​មិន​សូវ​លើស​ខ្វះ​គ្នា​ទេ។ រហូត​មក​ដល់​ពេល​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​​ច្រើន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​កុមារ។

មាន​អង្គការ​មួយ​ឈ្មោះ​ថា Let Us Create (តោះ​យើង​នាំ​គ្នា​បង្កើត) ​មាន​មូលដ្ឋាន​នៅ​ក្រុង​ព្រះ​សីហនុ​ ដែល​ជា​តំបន់​មាន​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ជាញឹក​ញយ បាន​បើក​ថ្នាក់​គូរ​គំនូរ​ដើម្បី​ជួយ​ព្យាបាល​កុមារ​ដែល​មាន​បញ្ហា​រំលោភ​បំពាន​កន្លង​មក ក៏​ដូចជា​បញ្ចៀស​ពួក​គេ​ឲ្យ​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​នានា​ដូចជា​កេង​កម្លាំង​ពលកក្ម​ផង​ដែរ។ ដោយ​យល់​ថា ​គំនូរ​មធ្យោបាល​មួយ​ដែល​ សកល​លោក​ជ្រើសរើស​យក​មក​ព្យាបាល​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​កញ្ញា លៀ ឃីដ អ្នក​គ្រប់គ្រង​កម្មវិធី របស់​អង្គការ​នេះ​ថ្លែង​ថា៖ «ពេល​ដែល​គេ​គូរ​គំនូរ សម្រាប់​កុមារ​ដែល​មាន​បញ្ហា​ក្នុង​ជីវិត​គ្រួសារ​ដ៏​ក្រីក្រ គេ​អាច​បញ្ចេញ​នូវ​អារម្មណ៍​ទុក្ខព្រួយ​ឯកោ ឬ​រីក​រាយ​បាន។ ដូច្នេះ​គេ​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ទុក្ខសោក​ពី​មុន​បាន​»។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ម្លប់​តាប៉ាង ដែល​ធ្វើ​ការ​ការពារ​កុមារ​នៅ​ក្រុង​ព្រះ​សីហនុ មាន​កុមារ​ចំនួន​៧០០​នាក់​កំពុង​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ មាន​កង​ដៃ​ កង​ជើង ឬ ខ្សែក​នៅ​តាម​មាត់​សមុទ្រ ហើយ​ពួក​គេ​ប្រឈម​នឹង​ការ​លួង​លោម​គេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ពី​អ្នក​ទេសចរ អសីលធម៌​មួយ​ចំនួន​។

ប្រធាន​របស់​អង្គការ​ម្លប់​តាប៉ាង ​លោក​ អៀវ សៅសារិន ថ្លែង​ថា «ជន​បរទេស​ខ្លះ​ពិត​ជា​ចង់​ទិញ​វុត្ថុ​អនុស្សាវរីយ៍​ពី​កុមារ​ទាំង​នោះ​មែន ប៉ុន្តែ​ជន​បរទេស​ខ្លះ​មិន​ចង់​ទិញទេ ប៉ុន្តែ​បាន​ផ្តល់​លុយ​ឲ្យ​កុមារ​ទាំង​នោះ​ជំនួស​វិញ។ កុមារ​ខ្លះ​អាច​រក​លុយ​បាន​ពី​១០ ទៅ​២០​ដុល្លារ​ឯណោះ​ ក្នុង​មួយ​ថ្ងៃ​ ដូច្នេះ​យើង​ពិបាក​នឹង​យក​កុមារ​ទាំង​អស់​នោះ​មក​បណ្តុះ​បណ្តាល​ណាស់ ពីព្រោះ​ពួក​គេ​ញៀន​នឹង​មុខ​របរ​ហ្នឹង​ហើយ»។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា អង្គការ​របស់​គាត់​ក៏​បាន​យក​កុមារ​ដែល​លក់​ដូរ​តាម​ឆ្នេរ​សមុទ្រ​ខ្លះ​មក​បណ្តុះ បណ្តាល​នៅ​កន្លែង​របស់​គាត់​ដែរ ហើយ​អង្គការ​របស់​គាត់​បាន​សហការ​ជា​មួយ​នឹង​អង្គការ​ដទៃ​ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពីការ​ការពារ​កុមារ​ ដោយ​ស្នើ​ឲ្យ​អ្នក​រត់​តុក តុក ម៉ូតូ​ឌុប​ឬ​ម្ចាស់​ផ្ទះ​សំណាក់​ឧស្សាហ៍​ឃ្លាំ​មើល​ដល់​កុមារ​លក់​វត្ថុ​អនុស្សាវរីយ៍​នោះ​ផង។

ចំណែក​អង្គការ​ Let Us Create ​ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​ ដូច្នេះ​វិធីសាស្រ្ត​ថ្មី​ដើម្បី​ចូល​រួម​កាត់​បន្ថយ​បញ្ហា​រំលោភ​បំពាន គឺ​គេ​បាន​ផ្តល់​ការ​ឧបត្ថម្ភ​មួយ​ផ្នែក​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់ ​ក្មេង​ទាំង​នោះ។

លោក ចាប ចំរើន ថ្លែង​ថា ជា​ប្រធាន​របស់​អង្គការ​នេះ ​បាន​បង្កើត​សាល​ពិព័រណ៍​ឈ្មោះ​ថា Let Us Create ដើម្បី​ដាក់​តាំង​លក់​រូប​គំនូរ​គូរ​ដោយ​កុមារ​ទាំង​នោះ។ តាម​ការ​សង្គេត​របស់​លោក គំនូរ​របស់​ក្មេង​ទាំង​នេះ​លក់​ដាច់​គ្រាន់​បើដែរ ហើយ​អ្នក​ទិញ​ភាគ​ច្រើន​គឺជា​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​។

នៅ​ថ្ងៃ​ទី២៣ ខែ​នេះ អង្គការ​របស់​លោក​នឹង​ដឹក​យក​គំនូរ​ពី​៥០ ទៅ​ ៧០​ផ្ទាំង ទៅ​ដាក់​តាំង​លក់​នៅ​ភ្នំពេញ ឯសាល​ពិព័រណ៍ Botanic (ផ្ទះ​លេខ​១២៦ ផ្លូវ​ ១៩ ក្បែរ​សារមន្ទីរជាតិ) ការ​ដាក់​តាំង​បង្ហាញ​ចាប់​ផ្តើម​ពី​ម៉ោង​៦​ល្ងាច​តទៅ និង​មាន​រយ:ពេល​ពេញ​មួយ​ខែ​ឯណោះ ដែល​សាធារណ​ជន​អាច​ចូល​ទស្សនា​ដោយ​សេរី​៕

What Next?

Recent Articles

6 Responses to "គំនូរ​ស្រោច​ស្រង់​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច"

  1. កូនខ្មែរ says:

    ជួយ​ទិញផលិតផលខ្មែរ គឺស្រលាញ់ខ្មែរ​ ហើយសមជាខ្មែរ

  2. O says:

    ចូរយ់កុំភ្េចថាកុមារគឺជាទំពាាំងស្នង ឫស្សី.​ គួរតែសំលឹងមើលពីការប្រឹងប្រែងរបស់កុមារដែលរស់ ដោយខ្លួនឯង និង ចាប់ផ្តើមកសាងជីវិតរបស់ពួគគេដោយការតស៊ូ និងព្យាយាម។

  3. o says:

    កុមារគឺជាមនុស្សដែលពិបាកថែទាំ ពិបាកចិញ្ចឹម ប៉ន្តែពួគគាត់បែរជាងាយស្រួលខ្លាំងណាស់ក្នុងការលួងលោម ដូច្នេះបើសិនជាមនុស្សពេញវ័យ អោយពួគគាត់ក្លាយជាមនុស្សល្អនោះពួគគាត់​ហ្នឹងក្លាយជាមនុស្សល្អ តែបើបង្រៀនពួគគាត់អោយក្លាយជាមនុស្សអាក្រក់នោះពួគគាត់ហ្នឹងក្លាយជាមនុស្សអាក្រក់ជាក់ជាមិនខាន ដូច្នេះសូមថែរក្សានិង ស្រឡាញ់កុមារអោដូចជាភ្នែកទាំគូររបស់អ្នក ព្រើថាវាគ្រាន់តែចេះមើលតែប៉ណ្ណោះតែចំនែកឯ ការវិភាគ និងគិតគឺខួរក្បាលរបស់អ្នក….

  4. ភាពក្រីក្រ នាំអោយកូនចៅជួបនៅបញ្ហាក្រពះស្រេកឃ្លាន
    ដើម្បីទិញនំចំណីបានគឺត្រូវការលុយ ដូច្នេះវិធីដោះស្រាយស្វែងរកមូនិធិ
    គឺរកលុយតំកល់សំរាប់ជួយដល់ជនខ្វះខាតច្បាស់លាស់ ។
    ហើយបង្កើតច្បាប់ដាក់បង្ហាញដល់ភ្ញៀវអោយដឹង អំពីទោសទណ្ឌកម្ម
    ដ៏ធ្ងន់ធ្ងរ នឹង ត្រូវបង់ប្រាក់អោយច្រើនទើបមនុស្សរៀងចាល ។
    ក្រែងមានអ្នកមានសមត្ថកិច្ចឆ្លៀតរកស៊ីជាមួយក្មេងៗដែរ ទើបបានជាបំបាត់មិនឈ្នះ ?

  5. o says:

    បើសិនជាមានមនុស្សអាក្រកហើយ សង្ខឹមថាអ្នកនឹងជាមនុស្សដែលមានឆន្ទះ ជាមួយនិងគុណធម័។

  6. o says:

    យ៉ាងហោចណាស់ ក៏មានល្អម្នាក់ក្នុងចំណោម ១០​ នាក់ដែរ ។បើសិនជា​ ១០០នាក់ ឫ ១០០០០ នាក់នោះវាហ្នឹងមានចំនួនច្រើន ជាក់ជាមិនខាន់. ហើយបើសិនជាអ្នកអាចជួយបានម្នាក់វាប្រសើរជា មិនដែលជួយសោះដែរណា…អ្វីដែលអាំចជួយបានគួរតែជួយតែបើវាហួសពីសម្ថភាពដែលខ្លួនយើងកំុពុងតែមាននោះ គឺជួយបានប៉ុណ្ណាយកប៉ុណ្ណឹង យ៉ាងហោចណាស់ក៏យើងមាននូវកូនចិត្ត ១ដែលមិនប្រមាថដល់ពួគគាត់នោះ គឺវាល្អណាស់ទៅហើយ….សង្ឃឹមថាមនុស្សគ្រប់រូបនិងមានកូនចិត្ត១នេះ…