13 July 2012
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

លោកស្រី កែ សុវណ្ណារតន៍ (ឆ្វេង) និងលោកស្រីជូឡុង ស៊ូមូរ៉ា នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ពេលកន្លងមក។
រូបថត ហេង ជីវ័ន
ភ្នំពេញៈ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បានស្នើទៅកាន់ប្រធានព្រឹទ្ធសភា លោកជា ស៊ីម ឲ្យពន្យារពេលបើកសម័យប្រជុំព្រឹទ្ធសភាអាណត្តិទី ៣ ដែលនឹងចាប់ផ្តើម នៅសប្តាហ៍ក្រោយនិងបានទាមទារឲ្យមានការរៀបចំគណៈកម្មការពិសេស ដែលមានសមាសភាពចម្រុះគណបក្ស។
នៅក្នុងលិខិតចុះហត្ថលេខា កាលពីថ្ងៃពុធ ដោយសមាជិកព្រឹទ្ធសភា ៨ រូបក្នុងចំណោម ១១ រូប ដែលផ្ញើទៅកាន់លោក ជា ស៊ីម សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានស្នើលោក ជា ស៊ីម ឲ្យលើកពេលបើកសម័យប្រជុំ ដែលនឹងចាប់ផ្តើមនាថ្ងៃពុធ ទី ១៨ ខែកក្កដាខាងមុខ និងសូមស្នើឲ្យរៀបចំគណៈកម្មការពិសេសមួយ។
លិខិតរបស់បក្សប្រឆាំងនោះ បានសរសេរថា៖«គណបក្ស សម រង្ស៊ី សូមស្នើសម្តេចប្រធាន រៀបចំគណៈកម្មការពិសេសមួយ ដែលមានសមាសភាគចម្រុះគណបក្ស ដើម្បីពិនិត្យមើលលើសំណើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាដែលយើងបានផ្ញើជូន»។
លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភាបានថ្លែងកាលពីថ្ងៃម្សិលមិញថា គោលបំណងនៃការស្នើសុំលើកពេលនោះ គឺដោយសារគណបក្ស សម រង្ស៊ី ចង់ឲ្យបក្សកាន់អំណាចទទួលខ្លឹមសារ នៃការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយអះអាងថា គណបក្សប្រឆាំង ចង់ឲ្យព្រឹទ្ធសភាបង្កើនចំនួនសមាជិក ក្នុងគណៈកម្មាធិការទាំង ៩ ឲ្យលើសពី ៥ រូប ដែលសមាជិកទាំងនេះ សុទ្ធតែមកពីគណបក្សកាន់អំណាចទាំងអស់។ លោកបានបន្ថែមថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ១១ រូប មានតែសមាជិក ២ រូបប៉ុណ្ណោះ ដែលរួមមានរូបលោក និងលោកស្រី កែ សុវណ្ណារតន៍ ត្រូវបានបញ្ចូលក្នុងគណៈកម្មាធិការទី ៧ និងទី ៨ ព្រឹទ្ធសភា។
លោក គង់ គាំ បានគូសបញ្ជាក់ថា៖«បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បានចែងថា គណៈកម្មាធិការនីមួយៗ ត្រូវមានសមាជិកយ៉ាងតិច ៥ រូប ដូច្នេះវាមានន័យថា គណៈកម្មាធិការនីមួយៗ អាចមានសមាជិកលើសពី ៥ រូប»។
លោកបានបន្តថា៖«បើ[គណបក្សប្រជាជន]មិនអាចបង្កើនចំនួនសមាជិកក្នុង គណៈកម្មាធិការនីមួយៗលើសពី ៥ នាក់ទេ យើងទាំង ២ នាក់នឹងដកខ្លួនពីគណៈកម្មាធិការ ដោយទុកឲ្យគណបក្សប្រជាជនក្លាយជាបក្សទោល»។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបដិសេធ មិនធ្វើអធិប្បាយ ដោយបានបង្វែរសំណួរ ទៅកាន់លោក ជា ជេត សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មដែលមិនអាចទំនាក់ទំនងបានកាលពីថ្ងៃម្សិលមិញ។
ព្រឹទ្ធសភា មានសមាជិក ៦១ រូប និងគណៈកម្មាធិការចំនួន ៩ ដែលក្នុងនោះ មាន ៤៦ រូប មកពីគណបក្សប្រជាជន ១១ រូបមកពីគណបក្ស សម រង្ស៊ី ២ រូបតែងតាំងដោយព្រះមហាក្សត្រ និង ២ រូបទៀត តែងតាំងដោយរដ្ឋសភា។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបានថ្លែងថា គណបក្សប្រជាជនកម្ពុជា គួរចែកតួនាទីមួយចំនួនដល់សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដោយអះអាងថា នៅប្រទេសប្រជាធិបតេយ្យ គណបក្សដែលទទួលបានអាសនៈ នៅក្នុងការបោះឆ្នោត ត្រូវតែទទួលបានតួនាទីខ្លះ នៅក្នុងសភា ឬព្រឹទ្ធសភា ហើយបើគណបក្សកាន់អំណាច មិនព្រមចែកអំណាច ទៅគណបក្សប្រឆាំងទេ មានន័យថា គណបក្សកាន់អំណាច កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ៕ CR