ដោយ វណ្ណ វិចារ
2012-07-14
វិទ្យុអាស៊ីសេរី
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបង្គាប់ឲ្យរោងចក្រ ហៃយ៉ុន ហ្គាមិន ខេមបូឌា (Hia Yon Gament Cambodia) ទទួលតំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (CCAWDU) ចូលធ្វើការវិញ ប៉ុន្តែរោងចក្រមិនធ្វើតាម។
មន្ត្រីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ ចំនួន៣នាក់ ត្រូវបក្សពួករបស់ជំនួយការរោងចក្រ ហៃយ៉ុន វាយប្រហារឲ្យរបួស។
អគ្គលេខាធិការ ស៊ីខាវឌូ លោក ឯក សុភក្តី មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា កម្មកររោងចក្រ ហៃយ៉ុន បានធ្វើកូដកម្មប្រឆាំងការសម្រេចរបស់ភាគីរោងចក្រ ដែលមិនអនុញ្ញាតិឲ្យតំណាងសហជីពចូលធ្វើការវិញ។ លោកបន្តថា មន្ត្រី ស៊ីខាវឌូ បានចុះទៅពិនិត្យមើលការធ្វើកូដកម្មរបស់កម្មករ ប៉ុន្តែត្រូវបានជំនួយការរោងចក្រ ហៃយ៉ុន ឈ្មោះ តុប ស៊ីថា ធ្វើការរារាំង ដោយប្រើប្រាស់អំពើហិង្សាទៅលើមន្ត្រីសហជីព។ លោកបន្តថា សហជីពដាក់ពាក្យប្ដឹងទៅកាន់តុលាការរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌៖ «ធ្វើឲ្យគ្នាយើងទាំងបីនាក់ត្រូវបានគេវាយ បន្ទាប់មកយើងធ្វើកំណត់ហេតុបញ្ជូនទៅកាន់តុលាការ»។
លោក ឯក សុភក្តី បន្តថា មន្ត្រីសហជីពទាំងបីនាក់ដែលត្រូវគេវាយ មានឈ្មោះ ណី ប៊ុនធឿន ចាន់ ពៅ និងជឹម ឃៀង។
មន្ត្រីចងក្រងសហជីពនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្ពុជា ស៊ីខាវឌូ លោក ណី ប៊ុនធឿន មានប្រសាសន៍ថា ពេលដែលលោកចូលទៅដល់មុខរោងចក្រ សុំចូលជួបកម្មករដែលកំពុងធ្វើកូដកម្ម ស្រាប់តែភាគីរោងចក្រដែលដឹកនាំដោយឈ្មោះ តុប ស៊ីថា មករារាំងមិនឲ្យចូលឡើយ។ លោកបន្តថា បន្ទាប់ពីជជែកគ្នាបានពីរបីនាទី ស្រាប់តែបក្សពួករបស់ជំនួយការរោងចក្រស្ទុះវាយតែម្តង។
លោក ណី ប៊ុនធឿន៖ «គូកនគេមួយក្រុម មានគ្នាជាង១០នាក់ ឈរព័ទ្ធខ្ញុំជិត។ ខ្ញុំរវល់តែនិយាយជាមួយ តុប ស៊ីថា ហ្នឹង គេមកវាយខ្ញុំតែម្តង។ ខ្ញុំមិនសុខចិត្តទេ នូវទង្វើអញ្ចឹងមកលើខ្ញុំ។ ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ និងកាន់តុលាការ ដើម្បីជួយរកយុត្តិធម៌»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជំនួយការរោងចក្រ ហៃយ៉ុន លោក តុប ស៊ីថា និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានទេ នៅថ្ងៃទី១៣ កក្កដា ដើម្បីសុំការពន្យល់អំពីរឿងនេះ។
យ៉ាងណាក៏ដោយ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ទម្រង់នៃអំពើហិង្សាណាមួយក៏ដោយ ជាការប្រព្រឹត្តិខុសច្បាប់ អ្នកប្រព្រឹត្តិត្រូវមានទោស។ លោកបន្តថា ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមសហជីពភាគច្រើន សមត្ថកិច្ចមិនដែលរកឃើញជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នោះឡើយ៖ «ករណីនេះសុំអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការបន្ទាន់ ដើម្បីធ្វើការតាមប្រព័ន្ធតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ឈានទៅកាត់បន្ថយអំពើហិង្សា»។
មន្ត្រីសហជីពនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្ពុជា ស៊ីខាវឌូ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ប្ដឹងបុគ្គលឈ្មោះ តុប ស៊ីថា ជំនួយការរោងចក្រ ហៃយ៉ុន ហ្គាមិន ខេមបូឌា ពីបទប្រើប្រាស់អំពើហិង្សាដោយចេតនា និងគំរាមកំហែង ដោយយោងតាមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
នៅកម្ពុជានាពេលកន្លងទៅ មន្ត្រីសហជីពជាច្រើនទទួលរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងជនមិនស្គាល់មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
they come to make business in our country but they don’t care our people and laws because the laws are good for them but are bad our poor workers . . hars!ha!