05212013Headline:

ក្រសួង​ប្រកាស​ពន្យារ​ពេល​ប្រមូល​ពន្ធ​​យានជំនិះ​​ដល់​ថ្ងៃ​៣១ កក្កដា

ដោយ ទេព សុរ៉ាវី
2012-07-15
​វិទ្យុ​អាស៊ីសេរី

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​ពន្យារ​ពេល​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១២ និង​ចាត់​ឲ្យ​មន្ត្រី​ពន្ធដារ​បំពេញ​ការងារ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ បន្ថែម ដើម្បី​ពន្លឿន​ការ​ប្រមូល​ពន្ធ និង​ផ្ដល់​សេវា​ដល់​ម្ចាស់​យានយន្ត។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា កន្លង​ទៅ បង្ហាញ​ពី​មូលហេតុ​នៃ​ការ​អូស​បន្លាយ​ពេល​ប្រមូល​ពន្ធ ដោយសារ​តែ​រយៈពេល​ចុង​ក្រោយ​នេះ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ សម្រុក​ចូល​មក​បង់​ពន្ធ​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ក្នុង​ការ​ផ្ដល់​សេវា។

ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បាន​ប្រកាស​ឲ្យ​ម្ចាស់​យានយន្ត​បង់​ពន្ធ​ផ្លូវ​រយៈពេល ៥​ខែ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២។

អនុ​ប្រធាន​នាយកដ្ឋាន​ច្បាប់ និង​វិវាទ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក អោម ចន ថា​ការ​សម្រេច​របស់​ក្រសួង​នេះ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ អាច​មាន​ការ​កែប្រែ។

លោក​ថា ការ​ពន្យារ​ពេល​ប្រមូល​ពន្ធ​ផ្លូវ​នេះ អាច​ឈាន​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា៖ «លិខិត​ហ្នឹង​ផ្អាក​ផ្សាយ​វិញ ខ្ញុំ​អត់​ដឹង​មូលហេតុ មិន​ដឹង​ពន្យារ ពន្លូត​ពេល​ទៀត ឬ​មួយ​ក៏​យក​អា​ហ្នឹង​វា​អាច​ថា​ថ្ងៃ​១៥ វា​អាច​ថា​ថ្ងៃ​៣១ រឺ​អាច​ថា ថ្ងៃ​១៥ ខែ​៨»

ក្រសួង​សេដ្ឋកិច្ច​ក៏​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១ ខែ​សីហា អង្គភាព​ពន្ធដារ នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​អនុវត្ត​ការ​ផាក​ពិន័យ​ចំនួន ១​ដង ស្មើ​ប្រាក់​ពន្ធ​បន្ថែម​លើ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ ចំពោះ​ម្ចាស់​យានយន្ត​ដែល​យឺត​យ៉ាវ​បង់​ពន្ធ​ក្រោយ​ថ្ងៃ​បរិច្ឆេទ​សុពលភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles