05182013Headline:

ប៉ុបពី និង​ម្តាយ​និយាយ​ពី​៨ឆ្នាំ​មុន

17 July 2012
ឈឹម ស្រីនាង និង Vincent MacIsaac
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ពេល​នេះ ប៉ុបពី មិន​ត្រឹម​ជា​តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​ភេទ​ទីបី​ដ៏​ល្បី​ប៉ុណ្ណោះ​ទេ តែ​នាង​បាន​បើក​អាជីវកម្ម​សម្អាង​ការ​ផ្ទាល់​មួយ​កន្លែង​ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៥៥​ ជិត​តំបន់​អភិវឌ្ឍន៍​ខេមកូស៊ីធី​រាជធានី​ភ្នំពេញ​ផង​ដែរ។

ការ​ចាត់ចែង​ការ​ងារ ប៉ុបពី ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ហាង​សម្អាង​ការ​មួយ​ នាង​ពិត​ជា​មាន​ភាព​​មមាញឹក ខណៈ​នាង​ក៏​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ប៉ុបពី បាន​និយាយ​ថា៖ «ខ្ញុំ​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​ភាព​រឹង​មាំ ពោល​គឺ​គ្រប់​ពេល​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​ និង​ដាស់តឿន​ខ្លួន​ឯង​»។

វា​ហាក់​ដូចជា​មាន​ភាព​ចម្លែក​ណាស់​នៅ​ពេល​ដែល​នាង​មាន​ការ​យល់​ដឹង​ចំពោះ​ តម្លៃ​ខ្លួន​ឯង​ដោយ​បាន​ពុះពារ និង​ប្រែ​ក្លាយ​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ក្លាយ​ជា​ពិធីករ​ទូរទស្សន៍​ ម្នាក់ ទោះ​បី​ខ្លួន​បាន​កែ​ភេទ ​និង​បាន​រស់​នៅ​ក្រោម​ការ​សើច​ចំអក​មិន​សូវ​ឲ្យ​តម្លៃ​របស់​មនុស្ស​ក្នុង​ សង្គម​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ក៏​ដោយ។

ប៉ុបពី បាន​លើក​ឡើង​ពី​ស្ថានភាព​ខ្លួន​ចាប់​ផ្តើម​ស្លៀក​ពាក់​ឈុត​មនុស្ស​ស្រី​ ដំបូង​កាល​ពី​៨​ឆ្នាំ​មុន​ថា​៖ «ពេល​នោះ​ នាង​ខ្ញុំ​បាន​ប្រើ​ក្រសែ​ភ្នែក បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន​ខណៈ​ពេល​នៅ​ក្បែរ​មនុស្ស​ទាំង​ឡាយ​។ តែ​បន្ទាប់​មក​ ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​មជ្ឈដ្ឋាន​ដែល​មិន​អាច​ទទួល​យក​បាន​ខ្លះ​ពី​សំណាក់​ជន​ដែល​មើល​ងាយ ឬ សើច​ចំអក​ឲ្យ​ខ្ញុំ​ដែរ»។

ប៉ុបពី​ បន្ត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ខក​ចិត្ត​ចំពោះ​អ្នក​ទាំង​នោះ​ណាស់។ តែ​ខ្ញុំ​បាន​ទប់​អារម្មណ៍​ ដោយ​ការ​ប្រើ​ក្រសែ​ភ្នែក​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ពួក​គេ​ដែល​វា​គឺជា ចំណុច​ពិសេស​នៃ​ការ​បង្ហាញ​ភាព​ខ្លាំងក្លា​របស់​ខ្លួន​គ្រប់​ពេល»។

តែ​ទោះ​ជា​យ៉ាង​ណា​សកម្មភាព​មាក់​ងាយ​របស់​មនុស្ស​ក្នុង​សង្គម​ទាំង​នោះ​ក៏ បាន​ជួយ​ជំរុញ​ទឹក​ចិត្ត​តារា​ដ៏​ល្បី​ភេទ​ទី​បី​រូប​នេះ​ឲ្យ​ពុះពារ កាន់​តែ​ខ្លាំង​ឡើង​ជាង​មុន​ក្នុង​ការ​ជម្នះ​ចិត្ត​ខឹង​សម្បា និង​ការ​ខក​ចិត្ត​នានា។ បន្ទាប់​ពី​បាន​វះ​កាត់​ប្តូរ​ភេទ​នៅ​ប្រទេស​ថៃ​មក ប៉ុបពី​ក៏​បាន​បង្ហាញ​ពី​មោទនភាព​ខ្លួន​ខ្លាំង​ណាស់​ដែរ​ ជា​ពិសេស​នោះ​គឺ​ទម្រង់​នៃ​ដើម​ទ្រូង​របស់​នាង​ដែល​អាច​ទាក់ទាញ​ក្រសែ​ ភ្នែក​បុរសៗ​មួយ​ចំនួន​ឲ្យអាច​ឈ្លក់​វង្វេង​​ម្តង​ម្កាល​ផង​ដែរ។

ទោះបី ប៉ុបពី បាន​កែ​ភេទ​ទៅ​ហើយ​ក្តី​ ក៏​នាង​បាន​បញ្ជាក់​ពី​ការ​និយម​ចូល​ចិត្ត​នូវ​សម្រស់​តាម​បែប​ធម្មជាតិ ដែល​នាង​តែង​តែ​រក្សា​នូវ​របៀប​តុប​តែង​ខ្លួន​តែ​ម្តង។ នាង​បន្ត​ថា៖«នាង​ខ្ញុំ​ចូល​ចិត្ត​ការ​តុបតែង​ខ្លួន​តាម​បែប​ធម្ម​ជាតិ»។

ចំណុច​ដែល​កិត្តិ​ស័ព្ទ​ប៉ុបពី​បាន​ក្លាយ​ជា​បវរ​កញ្ញា​ខ្ទើយ​(Miss Lady Boy) នៅ​កម្ពុជា​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ក្រុម​ខ្ទើយ ​ចំនួន​៣០​នាក់​តាម​រយៈ​ការ​វិនិច្ឆ័យ​សម្រេច​របស់​គណៈកម្មការ​លើ​បី​ ចំណុច​សំខាន់​គឺ​ឥរិយាបថ​ជា​មនុស្ស​ស្រី ចំណេះ​ដឹង​ក្នុង​សង្គម​ និង​ការ​សម្តែង​របាំ​អប្សរា។

អ្វី​ដែល​ពិសេស​នោះ​ម្តាយ​របស់​ប៉ុបពី​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល ខណៈ​គាត់​បាន​ដឹង​ថា កូន​ប្រុស​គាត់​បាន​ក្លាយ​ជា​បវរកញ្ញា​ខ្ទើយ​កំពូល។ អ្នក​ស្រី ទួត ខុន​ ជា​ម្តាយ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា គេ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​​ណាស់។ គេ​ពិត​ជា​ស្រស់​ស្អាត​ដូច​មនុស្ស​ស្រី​មែន»។

អ្នក​ស្រី ទួត ខុន​ ក៏​បាន​សម្តែង​ទឹក​ចិត្ត​ក្នុង​នាម​ជា​ឪពុក​ម្តាយ​មាន​កូន​ជា​មនុស្ស​ភេទ​ទី ​បី​ដែរ​ថា៖«ខ្ញុំ​មិន​គិត​ទេ​ថា ពួក​យើង​[ឪពុក​ម្តាយ]​គួរ​តែ​ខឹង​សម្បា ឬ ក៏​អន់​ចិត្ត​ចំពោះ​កូន​ខ្លួន​នោះ។ យើង​មាន​តែ​សម្រប​ចិត្ត​ និង​ទុក​សិទ្ធិ​ឲ្យ​គេ​ចុះ ​ព្រោះ​វា​ជា​លក្ខណៈ​ធម្ម​ជាតិ​មួយ​ដែរ​របស់​មនុស្ស»។

ម្យ៉ាង​ទៀត​ ប៉ុបពី ​មិន​បាន​ប្រកាន់​ចំពោះ​ពាក្យ​ដែល​គេ​បាន​ហៅ​នាង​ក្នុង​នាម​ជា​បវរ​កញ្ញា​ ភេទ​ទី​បី​នេះ​ឡើយ។ នាង​លើក​ឡើង​ថា៖ «ការ​ហៅ​ឈ្មោះ​ប៉ុបពី​មាន​ន័យ​ថា ​ការ​សម្គាល់​នាង​ខ្ញុំ​គឺ​ជា​តារា​ម្នាក់»។ ដោយ​ឡែក​ឈ្មោះ​នេះ​ទទួល​បាន​ការ​ដាក់​ងារ​ឲ្យ​របស់​គណៈ​កម្មការ​រៀបចំ​ការ​ ប្រកួត​។ បន្ទាប់​ពី​បាន​ជាប់​ចំណាត់​ថ្នាក់​លើ​តំណែង​បវរកញ្ញា​ខ្ទើយ​នោះ​មក ប៉ុបពី បាន​ទៅ​រៀន​នូវ​ចំណេះ​ដឹង​ផ្នែក​សម្អាង​ការ​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ ថៃ។ នា​ពេល​នោះ​នាង​ក៏​ត្រូវ​ក្រុម​បុរសៗ​ចោល​ភ្នែក​លើ​នាង​ដែរ តែ​នាង​ពុំ​មាន​ទំនុក​ចិត្ត​លើ​​ក្រុម​បុរស​បស្ចិម​ប្រទេស​​នោះ​ឡើយ។ ប៉ុបពី​និយាយ​ថា៖ «នាង​ខ្ញុំ​ត្រូវ​បាន​ក្រសែ​ភ្នែក​អ្នក​ខាង​ក្រៅ​ចាប់់​អារម្មណ៍»។

ប៉ុបពី បាន​និយាយ​រៀប​រាប់​ថា នាង​អាច​មាន​លក្ខណៈ​ប្រសើរ​ក្នុង​នាម​ជា​ស្រ្តី​ខ្មែរ​ម្នាក់ ​ព្រោះ​នាង​អាច​មាន​ជោគជ័យ​ក្នុង​ការ​ជួប​ស្នេហ៍​ពិត(មិត្ត​ប្រុស)។ ចំណង​ស្នេហ៍​របស់​ប៉ុបពី មាន​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ តែ​នាង​ក៏​ជួប​បញ្ហា​រកាំ​រកូស​ដែរ​ដោយ​ភាព​ប្រចណ្ឌ​របស់​មិត្ត​ប្រុស​។ នាង​ប៉ុបពី​បាន​និយាយ​ថា៖​«​ប្រសិន​ជា​គាត់​ចង់​បែក​ផ្លូវ​គ្នា​នោះ នាង​ខ្ញុំ​ក៏​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ឡើយ។ ខ្ញុំ​ស្រឡាញ់​ខ្លួន​ឯង និង​ត្រូវ​គិត​ពី​ក្រុម​គ្រួសារ​ខ្លួន​មុន​ហើយ។ ទោះ​បី​ជា​គាត់​មាន​រូប​រាង​សង្ហា​គួរ​សម​ក៏​ដោយ តែ​នាង​ខ្ញុំ​គិត​ថា ​ខ្លួន​ឯង​មាន​ការ​ចាប់​អារម្មណ៍​ជាង​គាត់»។

ប៉ុបពី ក៏​បាន​លើក​ឡើង​ពី​កត្តា​ឥរិយាបថ​សង្គម​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស កម្ពុជា​ចំពោះ​សតិ​អារម្មណ៍​លើ​មនុស្ស​ភេទ​ទី​បី​ដែរ ដោយ​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ផ្លាស់​ប្តូរ​ពី​ការ​សើច​ចំអក​មក​ជា​ការ​ គោរព​វិញ​ជា​បណ្តើរៗ៕ PR

What Next?

Recent Articles

4 Responses to "ប៉ុបពី និង​ម្តាយ​និយាយ​ពី​៨ឆ្នាំ​មុន"

  1. Name says:

    បើប្រទេសកម្ពុជាមានមនុស្សដូចប៉ុបពីទាំងអស់ នឹងរលាយមិនខាន។

  2. SOPHEAK VENG says:

    មនុស្សគ្រប់រូប​មានសិទស្មើរៗភាព​ មិនថាជាភេទអ្វីឡើយ។ឪពុកម្តាយបង្កើតយើងមកដើម្បីឲ្យកូន
    បានរៀនសូត្រមានចំនេះដឹង កាលបើមានចំនេះដឹងហើយគាត់ចង់េអាយកូនរបស់គាត់បានស្គាល់
    ពីតំលៃរបស់មនុស្ស។ភេទទី៣ពិតមែនតែពួកគាត់ជាបុគ្គលដែលប្រាសចាកពីបុគ្គលិកលក្ខណះនារី
    រឺ​ បុរសយ៉ាងណាក៏ដោយគាត់ជាមនុស្សដូចយើងដែរគាត់ចេះឈឺចាប់​ គាត់ចេះខ្មាសអៀន គាត់
    ចេះកើតទុក្ខ ចុះបើយើងជាគាត់វិញពេលមានពាក្យតេះដៀលសួរថា​ យើងមានអារម្មណ៏យ៉ាងណា
    សប្បាយចិត្តពេលគេតិះដៀល? មើលងាយ មើលថោក?អារម្មណ៏ទាំងអស់នេះខ្ញុំគិតថាអ្នកទាំងអ
    ស់គ្នាប្រហែលជាយល់ច្បាស់ជាងខ្ញុំទៅទៀត។ប្រទេសជាតិដែលរលាយរលត់បាននោះមិនមែនព្រោះតែពួកភេទទី៣ទេ មកពីការរើសអើង ច្រណែនឈ្នានីស និន្ទាគ្នា និងភាពអាត្មានិយមរបស់អ្ន
    កទាំងអស់គ្នាទៅវិញទេ ផ្ទុយទៅវិញបើយើងសាមគ្គីគ្នា ស្រឡាញ់គ្នា រួបរួមគ្នា ប្រកាន់នូវព្រហ្មវិហារ
    ធម៌(មេត្តា ករុណា មុទិតា ឧបេក្ខា)យើងប្រាកដជាមានការរីកចម្រើនខ្លាំងណាស់។ប្រទេសអន្តរ
    ធានមិនមែនព្រោះតែភេទទី៣ទេ គឺមកពីភេទទីមួយទី២​ហ្នឹងហើយ!​ រាជរដ្ឋាភិបាលពួកគាត់ខិតខំ
    រកវិធីអភិវឌ្ឍន៏ប្រទេស កសាងប្រទេស អភិវឌ្ឍន៏ប្រទេស មិនគិតថាលំបាកប៉ុនណាទេពួកគាត់ពុះ
    ពារគ្រប់ឧបសគ្គ មិនដែលចង់បានអ្វីពីយើងពួកយើងទេសុំឲ្យតែប្រជាពលរដ្ឋទាំងអស់ចេះស្រឡា
    ញ់គ្នា តែប៉ុនហ្នឹងយើងធ្វើមិនបានផងមានមុខឯណាទៅថាឲ្យគេ?
    ខ្ញុំនិយាយនេះមិនមែនកាន់ជើងម្ខាងៗទេគ្រាន់តែចង់ឲ្យចេះពិចារណាខ្លះផង យើងជាមនុស្សមិនមែ
    នជាសត្វទេ យល់ពីពាក្យថាមនុស្សទេ?សូម្បីតែឪពុកម្តាយយើងក៏មិនចង់ឲ្យកូនគាត់ជាមនុស្សអា
    ក្រក់អីបែបហ្នឹងដែរ ចង់ឲ្យកូនចេះយល់ពីតម្លៃរបស់មនុស្សមិនថាមានក្រ អាក្រក់ល្អ រឺភេទណាមួយ
    ឡើយសុទ្ឋតែជាមនុស្សដូចៗគ្នា នេះហើយដែលគេហៅថាជាមនុស្សពិតប្រាកដ។

  3. I like u and love u so much , Because u so cute ,brave ,u so clever and I will support u don’t be unsad for another people mockdown u ok u try 2 do its Bye from ur support u