ថ្ងៃទី 15 កក្កដា 2012
ដោយ: CEN

សម្តេចហ៊ុនសែន ជួបជាមួយលោក Pak Ui Chun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង កាលពីរសៀលថ្ងៃទី១៤កក្កដា ឆ្នាំ២០១២
(រូបថត៖ វេបសាយនគរបាលជាតិ)
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបលោក Pak Ui Chun រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ( កូរ៉េខាងជើង ) នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខការទូតកូរ៉េខាងជើង បានព្រមព្រៀងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រាប់អ្នកកាសែត ដោយស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ដោយលើកឡើងក្នុងពេលជួបសម្តេចហ៊ុនសែន ថា កម្ពុជា គឺជាសមាជិក នៃចលនាមិនចូលបក្សសម្ព័ន្ធ ហើយក៏ជាប្រធានអាស៊ានផងនោះ កម្ពុជាមានតួនាទីសំខាន់ណាស់ដែលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានបំណងចង់ រឹតចំណងទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ឲ្យបានកាន់តែរឹងមាំឡើង មិនត្រឹមតែលើវិស័យនយោបាយទេ ប៉ុន្តែរួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។
លោក អ៊ាង សុផល្លែត បានបន្ថែមថា “នៅក្នុងជំនួបនោះ ឯកឧត្តម Pak Ui Chun បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គីម ជុងអ៊ុន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានប្រសាសន៍ថា ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ សូមគោរព និងវាយតម្លៃខ្ពស់ចំពោះនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងទទួលបានកិច្ចសហប្រតិបត្តិការនៅក្នុងឆាកអន្តរជាតិ”។
លោក អៀង សុផល្លែត បានបន្ថែមថា “ឯកឧត្តម Pak Ui Chun បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបានពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ មានបំណងចង់សហការជាមួយកម្ពុជាក្នុងការសាងសង់រោងចក្រម៉ាស៊ីនកិនស្រូវ និងជួលដីដើម្បីដាំកៅស៊ូ ហើយក្នុងករណីដែលភាគីកម្ពុជាយល់ព្រមសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ សូមជូនអ្នកឯកទេសលើវិស័យនេះមកធ្វើការសិក្សា”។
លោក អៀង សុផល្លែត បានបន្តថា “សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គីម ជុងអ៊ុន និងបានវាយតម្លៃខ្ពស់ចំពោះការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ដោយមានប្រសាសន៍ថា ជាការពិតណាស់ដែលប្រទេសទាំងពីរ គប្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ពិសេសទៅលើវិស័យអ្វី ដែលយើងអាចធ្វើទៅបាន ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍ផងដែរ”។
ពាក់ព័ន្ធនឹងការចង់បង្កើតរោងចក្រម៉ាស៊ីនកិនស្រូវវិញ លោកអៀងសុផល្លែត បានបន្ថែមថា សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា វាជាបំណងល្អ ហើយត្រឹមត្រូវសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅនាំអង្ករចេញនោះ។
លោក អៀង សុផល្លែត បានបន្តថា “សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា កាលពីឆ្នាំទៅម៉ិញ កម្ពុជាមាននៅសល់ស្រូវប្រមាណ ៤លានតោន ហើយស្រូវទាំងនេះ អាចកិន ហើយនាំចេញបាន ដែលប្រការនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឲ្យសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បញ្ជូនអ្នកបច្ចេកទេសខាងវិស័យកសិកម្មមកធ្វើការសិក្សា ដើម្បីជ្រើសរើសយកទីតាំងសម្រាប់តម្លើងរោងម៉ាស៊ីនកិនស្រូវ នៅកន្លែងណា ដែលមានសក្កានុពល និងអាចប្រមូលទិញពីប្រជាជនបាននោះ”។
ពាក់ព័ន្ធជាមួយផ្ទៃដីដាំកៅស៊ូវិញ លោកអៀងសុផល្លែត បានបន្តថា សម្តេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែចេញបទបញ្ជា មិនផ្តល់នូវដីសម្បទានថ្មីទៀតទេ ដូច្នេះសូមពិចារណាចូលរួមទុនជាមួយក្រុមហ៊ុន ដែលមានដីសម្បទានស្រាប់ ព្រោះក្រុមហ៊ុនមួយចំនួនមានដីសម្បទានសេដ្ឋកិច្ចហើយ ប៉ុន្តែពុំទាន់មានទុនគ្រប់គ្រាន់ធ្វើការអភិវឌ្ឍនោះទេ។
លោកអៀងសុផល្លែត បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានមានប្រសាសន៍បន្តថា ក្នុងវិស័យកសិកម្មនេះ គប្បីពិនិត្យមើលការបង្កើតរោងចក្រកែឆ្នៃ ដើម្បីនាំផលិតផលកសិកម្មចេញផងដែរ ព្រោះសព្វថ្ងៃនេះ កម្ពុជា មានដំឡូង ពោត សណ្តែក ដែលកំពុងតែនាំចេញ ដោយពុំទាន់ កែច្នៃ ហើយដែលគប្បីពិនិត្យលើវិស័យនេះ ដែលកំពុងតែមានសកម្មភាពនោះ។
សូមរម្លឹកថា ក្នុងកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤កក្កដា ឆ្នាំ២០១២ លោកប្រមុខការទូតកូរ៉េខាងជើង Pak Ui Chun បានបញ្ជាក់ច្បាស់ថា កូរ៉េខាងជើង បានត្រៀមរួចជាស្រេច ដើម្បីចូលរួមតុចរចា ៦ ភាគី។ ចំណែកប្រមុខការទូតកម្ពុជា បានស្វាគមន៍យ៉ាងរីករាយ ចំពោះជំហរវិជ្ជមាន និងបង្ហាញពីសុឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការចូលរួមកិច្ចចរចា ៦ ភាគីឡើងវិញ ស្តីពី បញ្ហាជម្លោះឧបទ្វីបកូរ៉េ និងវិបត្តិនុយក្លេអ៊ែរ៕