កម្ពុជា​ដក​ទ័ព​ជិត​៥០០​នាក់​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2012-07-18
​វិទ្យុ​អាស៊ីសេរី

ក្រុម​សេនានុព័ន្ធ​យោធា​អម​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា ចំនួន ១១​ប្រទេស បាន​ចូល​រួម​ពិនិត្យ និង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ដក​កងទ័ព​កម្ពុជា ចេញ​ពី​តំបន់​ដែល​ហាម​ឃាត់​មិន​ឱ្យ​មាន​កង​ទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

ទាហាន​កម្ពុជា ​ដើរ​ក្បួន​នៅ​តំបន់​៥​មករា នៃ​ភ្នំ​ព្រះវិហារ ក្នុង​ពេល​ធ្វើ​ពិធី​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២។

ទាហាន​កម្ពុជា ​ដើរ​ក្បួន​នៅ​តំបន់​៥​មករា នៃ​ភ្នំ​ព្រះវិហារ ក្នុង​ពេល​ធ្វើ​ពិធី​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២។
RFA/Mom Sophon

កម្ពុជា​បាន​ដក​កងទ័ព​ប្រមាណ​ជិត ៥០០​នាក់ ចេញ​ពី​តំបន់​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​កងទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ហើយ កាល​ពី​វេលា​ម៉ោង​​ប្រមាណ ១០​ព្រឹក ថ្ងៃ​ពុធ បន្ទាប់​ពី​កង​ទាហាន​ជា​ច្រើន​រយ​នាក់ បាន​បញ្ជូន​ទៅ​កាន់​ទីនោះ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី ជាង ៤​ឆ្នាំ ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក។

លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា គឺ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ដក​កម្លាំង​កងទ័ព​ទាំង​នោះ។

លោក​បាន​ថ្លែង​ថា កង​យោធពលខេមរភូមិន្ទ​ពិត​ជា​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​ទឹក​ដី ក្នុង​ការ​បោះ​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្លួន ដោយ​យោង​ទៅ​តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​ឆ្នាំ​១៩៦២ និង​ផែនទី​ឧបសម្ពន្ធ ដែល​បាន​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំវិញ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា ពិត​ប្រាកដ។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ដក​កងទ័ព​ពេល​នេះ ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ប្រទេស​កម្ពុជា​ គោរព​ករណី​កិច្ច​ជា​រដ្ឋ​ភាគី​សមាជិក​អង្គការ​សហ​ប្រជាជាតិ និង​ច្បាប់​អន្តរជាតិ៖ «ជា​ពិសេស គោរព​បាន​នូវ​សិទ្ធិ​ជា​ម្ចាស់​ផ្ទះ ដែល​មាន​កាតព្វកិច្ច​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​ ហើយ​បាន​ចាប់​ផ្ដើម​អនុវត្ត​ដីកា​បង្គាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ លេខ​១៥១ ថ្ងៃ​ទី​១៨ ខែ​កក្កដា​ ឆ្នាំ​២០១១»

ពល​ទាហាន​ខ្មែរ​ខ្លះ​បាន​សំដែង​ការ​ត្រេកអរ​នៅ​ពេល​ដែល​មាន​បញ្ជា​ឱ្យ​ពួកគេ​ដក​ចេញ​ពី​តំបន់​ដែល​ហាម​ឃាត់​មិន​ឱ្យ​មាន​កងទ័ព​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នោះ។

ទាហាន​​ម្នាក់​ដែល​ក្នុង​ដៃ​កាន់​អាវុធ​ដើម្បី​ត្រៀម​ខ្លួន​ចាក​ចេញ​ទៅ​កាន់​ទីបញ្ជាការ​របស់​ខ្លួន​វិញ បាន​ប្រាប់​ថា គាត់​មិន​ចង់​ឃើញ​មាន​ការ​បង្ហូរ​ឈាម​រវាង​កម្ពុជា និង​ថៃ នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ទៀត​ទេ៖ «រាជ​រដ្ឋាភិបាល​ឱ្យ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ តំបន់​ជម្លោះ​រវាង​ខ្មែរ និង​ថៃ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ដោយ​បាន​ជួប​ជុំ​បង​ប្អូន ប្រពន្ធ​កូន។ មិន​ចង់​ឱ្យ​មាន​សង្គ្រាម ចង់​ឱ្យ​សុខ​​ទាំង​អស់​គ្នា។ ធ្លាប់​ថ្វាយ​ចេក ថ្វាយ​មាន់​អី​ថា មិន​ចង់​ឱ្យ​កើត​សង្គ្រាម​បន្ត​ទៅ​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ដក​កងទ័ព​ទាំង​សង​ខាង​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នោះ។

ចំណែក​ប្រទេស​ថៃ គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេ​ញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ នៅ​ពេ​លណា​នៅ​ឡើយ​ទេ។

​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៨ ខែ​កក្កដា គ្រាន់តែ​បាន​និយាយ​ថា បាន​ត្រៀម​កង​កម្លាំង​នគរបាល​ព្រំដែន​ចំនួន ៤​អនុ​សេនា​ធំ បញ្ជូន​មក​ស្រុក​កាន់ថារ៉ាឡាក់ នៃ​ខេត្ត​ស៊ីសាកេត ដើម្បី​ជំនួស​កងទ័ព​ដែល​ត្រៀម​ខ្លួន​ដក​ចេញ​ពី​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ។

លោក សួស យ៉ារ៉ា ជា​អនុ​ប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់ បាន​ឱ្យ​ដឹង​​ថា កងទ័ព​កម្ពុជា ចំនួន ៤៨៥​នាក់ គឺ​បាន​ដក​ចេញ​ពី​តាម​កន្លែង ៤​ចំណុច នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ពី​ទី​វត្ត​កែវសិក្ខាគិរីស្វារៈ ពី​ជណ្ដើរ​បូរាណ​ភាគ​ខាង​កើត ពី​ជណ្ដើរ​បូរាណ​ភាគ​ខាង​ជើង និង​ពី​ចំណុច​ជណ្ដើរ​នាគ ហើយ​កម្លាំង​សន្តិសុខ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ចំនួន ១០០​នាក់ និង​កម្លាំង​នគរបាល​ជាតិ​ប្រមាណ​ជាង ២៥០​នាក់ ត្រូវ​បញ្ជូន​ទៅ​ដាក់​ការពារ​ជំនួស​វិញ៕​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "កម្ពុជា​ដក​ទ័ព​ជិត​៥០០​នាក់​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ"

  1. VMK says:

    សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងយោធពលខេមរភូមិន្ទដែល
    បានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិយើង..សូមបងៗកងទ័ពទាំងអស់
    ជួបប្រទះតែសេចកី្តសុខ..នេះក៏ជាសញ្ញាវិជ្ជមានមួយសំរាប់សន្តិសុខតាម
    បណ្តោយព្រំដែន​ ខ្មែរ.សៀម ផងដែរ។

  2. Kmeng Peal says:

    មើលមុខពលទាហ៊ានយើងដូចជាអត់បើកប្រាក់ខែអោយយ៉ាងម៉េច ហឺុ!បើទៅខាងលិចកំុភ្លេចខាងកើត។

  3. Name says:

    បើដកទ័ពអស់ សូមប្រយ័ត្ន សៀមណា! សៀមវាល្បិចច្រើនណាស់!
    ហើយទ័ពទាំងអស់កុំឡើងរកក្រញួងទៀត សូមឲ្យរដ្ឋាភិបាលជួយគិតគួរដល់ពួកគាត់ផង!