06202013Headline:

ប្រជុំ​អ្នក​ច្នៃ​ម៉ូដ​សម្រាប់ Fashion Week

19 July 2012
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ និង​ភាព​ឡូយ​ឆាយ​របស់​ពលរដ្ឋ​កម្ពុជា​មើល​ទៅ​មាន​សន្ទុះ​ងើប​យ៉ាង​ខ្លាំង នៅ​ក្នុង​សម័យ​ថ្មី​នេះ​។ ការ​រីក​ចម្រើន​បែប​នេះ​ហើយ ទើប​មាន​ទំាង​អ្នក​ច្នៃ​ម៉ូដជាតិ​ និង​អន្តរជាតិ កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​គំនិត​ច្នៃម៉ូដ​សម្លៀក​បំពាក់ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន និង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​អ្នក​ច្នៃ​ម៉ូដជាតិ​ និង​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។

ទន្ទឹម​នឹង​ការ​ឈាន​ចូល​មក​ដល់​នៃ​ការ​ប្រកួត​ច្នៃម៉ូដ​នេះ ព្រឹត្តិការណ៍​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រៀបចំ​គឺ​កម្មវិធី​ជប់​លៀង​ស្លៀក​ពាក់​ជា​លក្ខណៈ​បុរាណ​ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៤០,​ ៥០ ​និង​៦០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្លិប​កម្សាន្ត​ Riverhouse នៅ​ល្ងាច​ថ្ងៃ​ទី១៩ ខែ​កក្កដា​នេះ ក្រោម​ការ​រៀបចំ​កម្មវិធី​ច្នៃម៉ូដ​របស់​ក្រុមហ៊ុន edge Management Group ។

អ្នក​ស្រី​ សូហ្វី អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​ណែនាំ​ដល់​ការ​រៀបចំ​ធ្វើ កម្មវិធី Cambodia Fashion week​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ប៉ុន្មាន​ខែ​ទៀត​នេះ និង​ដើម្បី​ជា​ឱកាស​ជួប​ជុំ​អ្នក​ច្នៃ​ម៉ូដ​ជាតិ និង​អន្តរជាតិ​ ដែល​ពួក​គេ​នឹង​​ចូល​រួម​ការ​បង្ហាញ​ម៉ូដ​សម្លៀក​នៅ​ក្នុង​កម្មវិធី​នោះ។ ម្យ៉ាង​ដើម្បី​បង្ហាញ​ពី​អ្នក​ចូល​រួម​ធ្វើ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ កម្មវិធី fashion week ផង​ដែរ។

នៅ​ក្នុង​កម្មវិធី​ជប់​លៀង​ស្លៀក​ពាក់​បុរាណ​នោះ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​មក​ពី​បណ្តា​ពី​ស្ថាប័ន​នានា​ដែល​ពាក់​ព័ន្ធ​ចូល​រួម​ ប្រមាណ ១៥០ ​នាក់​។ កម្មវិធី​នោះ​នឹង​រៀបចំ​ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​៧:៣០ ​រហូត​ដល់​ម៉ោង​៩:៣០​យប់ សម្រាប់​អ្នក​មាន​លិខិត​អញ្ជើញ​ ប៉ុន្តែ​ចាប់​ពី​ម៉ោង​៩:៣០​ទៅ​គឺ​ភ្ញៀវ​ទាំង​ឡាយ​អាច​ចូល​រួម​កម្សាន្ត​បាន ​ដោយ​សេរី។​

អ្នក​រៀបចំ​រូប​នោះ​ បាន​បញ្ជាក់​ថា Cambodia Fashionweek​ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នោះ ​មាន​អ្នក​រចនា​ម៉ូដ​នៅ​ក្នុង​ស្រុក​ចូល​រួម​ប្រមាណ​១៣​នាក់​ និង​ក្រៅ​ស្រុក​ជា​ច្រើន​ប្រទេស​ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​សិង្ហបុរី វៀតណាម​ ម៉ាឡេស៊ី ​ថៃ​ បារាំង អូស្រ្តាលី និង​នូវែលសេឡង់។ កម្មវិធី​នេះ​ នឹង​រៀប​ចំឡើង​នៅ​ខែ​កញ្ញា​ និង​ធ្នូ នៅ​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា កម្មវិធី Cambodia Fashion Week ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១១ ដោយ​មាន​ការ​ចូល​រួមពី​សំណាក់​អ្នក​ច្នៃម៉ូដ​ល្បី​មក​ពី​សហរដ្ឋ​អាមេរិក ហើយ​នៅ​ឆ្នាំ​នេះ គេ​នឹង​រៀបចំ​ឲ្យ​កាន់​តែ​ធំ​ជាង​ឆ្នាំ​មុន៕

What Next?

Recent Articles

One Response to "ប្រជុំ​អ្នក​ច្នៃ​ម៉ូដ​សម្រាប់ Fashion Week"

  1. Kmeng Peal says:

    ដូចជាមិនមែនខ្មែរ សាសន៍អីទៅហ្ន?