05182013Headline:

តុលាការ​បង្គាប់​ឱ្យ​ជន​ត្រូវ​ចោទ ចូលខ្លួន ជា​លើក​ទី​៣ ក្នុង​បណ្តឹង​លោក ញឹក ប៊ុនឆៃ​

ថ្ងៃទី 20 កក្កដា 2012
ដោយ: ឆាយា
CEN

ភ្នំពេញ: ករណី​បណ្តឹង​របស់លោក ញ៉ឹក ប៊ុនឆៃ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចេញ​ដីកា​បង្គាប់​ម្តងទៀតឱ្យ​នាយក​វិទ្យុ​អេ​ហ្វ​អឹម ៩០ មេ​ហ្គា​ហឺត ចូលមក​តុលាការ ដើម្បី​សាកសួរ​ពី​ដំណើររឿងដែល​ត្រូវ​ចោទប្រកាន់​ពីបទរំលោភ​លើ​ទំនុកចិត្ត ដោយយោង​តាម​ពាក្យបណ្តឹង​របស់លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​ការចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ម្តងទៀត​នេះ បានធ្វើ​ឡើងក្រោយ​ពេលដែល​តុលាការ​បានចេញ​ដីកា​បង្គាប់​ពីរលើក​រួចមកហើយ តែ​នាយក​វិទ្យុ​រូបនេះ មិនឃើញ​ចូលខ្លួន​នោះទេ ដោយ​សំអាងថាពុំដែល​បានទទួល​ដីកា​ម្តងណា​ឡើយ​។​

​ចំណែក​បុគ្គលិក​ស្រី​ម្នាក់ទៀត ដែល​រង​នូវ​ការចោទប្រកាន់​ដែរនោះ បាន​ចូលមក​បំភ្លឺ​រួចហើយ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ កន្លងទៅ ដោយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​មិន​ឃុំខ្លួន តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យតាមផ្លូវ​តុលាការ រួច​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅវិញ​។​

​ក្នុង​ពាក្យបណ្តឹង ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១២ ដែលមាន​កម្មវត្ថុ​ប្តឹង​លោក ញ៉ែម សុផាន់​ណា អាយុ ៤៨​ឆ្នាំ មុខរបរ​នាយក​វិទ្យុ​អេ​ហ្វ​អឹម ៩០ មេ​ហ្គា​ហឺត ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ ៣៩AE0 ផ្លូវ​លេខ​២៥៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​បុគ្គលិក​ស្រី​ម្នាក់ទៀត​នោះ លោក ញ៉ឹក ប៊ុនឆៃ ក្នុងនាម​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច បាន​បញ្ជាក់ថា ពួកគេ​ទាំង​ពីរបាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​កិបកេង​លួច​បន្លំ​យក​ថវិកា និង​សម្ភារៈ​របស់​ក្រុមហ៊ុន ឃ្លាំងមឿង​ម៉ា​ល់​ធី​មេ​ឌា អេ​ន​ត្រេ​ចខ​ប​ភើ​រេ​ស៊ីន KMAT តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០០៨ មកម្ល៉េះ ដោយ​ប្រើ​រូបភាព​រាយការណ៍​ភូតកុហក​អំពី​ប្រាក់ចំណូល និង​យក​ទីតាំង​ស្ថានីយ​វិទ្យុ​មួយចំនួនទៅគ្រប់​គ្រង​ខ្លួនឯង ក្នុងនាម​ក្រុមហ៊ុន សុផាន់​ណា មេ​ឌា អេ​ន​អេ​ត​វើ​ថា​យ​ស៊ី​ង វិញ​។​

​ពាក្យបណ្តឹង​ដដែល​នេះ បាន​សំណូមពរសុំឱ្យ​តុលាការ​ចាប់ខ្លួន​ពួកគេយកមក​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន ៤០ ម៉ឺន​ដុល្លារ​អាមេរិក និង​ជំងឺ​ចិត្ត ១០ ម៉ឺន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ការចោទប្រកាន់​តាម​ពាក្យបណ្តឹង​នេះ បាន​ត្រូវ​លោក ញ៉ែម សុផាន់​ណា បដិសេធចោល ដោយបាន​ពោល​អះអាងថា លោក ញ៉ឹក ប៊ុនឆៃ ពុំមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​តាំងខ្លួន​ជាដើម​បណ្តឹង​ទេ ពោលគឺ​មានតែ​លោកស្រី សម សុភាព ជា​ភរិយា​លោក ញ៉ឹក ប៊ុនឆៃ ប៉ុណ្ណោះ​។
​ក្នុងនោះ លោក ញ៉ែម សុផាន់​ណា បាន​បញ្ជាក់ថា ក្រុមហ៊ុន​ឆ​ព្វ​ណ្ណ​រាជសីហ៍ ក្រុមហ៊ុន​ឃ្លាំងមឿង​មេ​ឌា​គ្រុប ក្រោយមក​ប្តូរ​នាម​ករ​ណ៍​មកជា​ក្រុមហ៊ុន សុផាន់​ណា មេ​ឌា អេ​ន​អេ​ត​វើ​ថា​យ​ស៊ី​ង និង​ក្រុមហ៊ុន​ឃ្លាំងមឿង ម៉ា​ល់​ធី មេ​ឌា អេ​ន​អេ​ត​វើ​ថា​យ​ស៊ីន មាន​នីតិបុគ្គលដាច់ដោយឡែក​ពីគ្នា​តាមផ្លូវ​ច្បាប់ ពោលគឺ​ពុំមាន​ក្រុមហ៊ុន​ណាមួយ កែ​ពីមួយទៅមួយ​ទៀត​នោះទេ​។

​ទោះជា​លោក ញ៉ែម សុផាន់​ណា បានដាក់​ពាក្យ​ចូល​បំភ្លឺ​រួចហើយ​ក៏ដោយចុះ ក៏​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក ញ៉ែម សុផាន់​ណា និង​បុគ្គលិក​ស្រី​ម្នាក់ទៀត​ពីបទរំលោភ​លើ​ទំនុកចិត្ត រួច​បញ្ជូន​សំណុំ​រឿងនេះឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ S

What Next?

Recent Articles