កម្ពុជា​សុំ​ឲ្យ​តំណាង UNODC សហការ​ជាមួយ​ប្រទេស​ដៃគូ ទប់ស្កាត់​គ្រឿងញៀន

ថ្ងៃទី 23 កក្កដា 2012
ដោយ: រតនា
CEN

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម​យាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍​ជម្រាប​តំណាង UNODC ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ នាទី​ស្តីការគណៈរដ្ឋមន្ត្រី ថា បញ្ហា​ថ្មី​មួយ​នៅ​កម្ពុជា ដែល​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​បាន​ជោគជ័យ​នោះ គឺ​បាន​បង្ក្រាប​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន កាលពីពេល​កន្លងទៅនេះ បាន​ចំនួន​រាប់សិប​តោន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា សារធាតុ​គីមី​ផ្សំ មាន​ទម្ងន់​លាន​គ្រាប់​ឯណោះ ហើយ​ព្រឹត្តិការណ៍​នៃ​ការចាប់​គ្រឿង​គីមី​ផ្សំ ផលិត​ជា​គ្រឿងញៀន​នេះ គឺជា​បញ្ហា​ធំ​ជាង​ឆ្នាំ​២០០៧ ទៅទៀត ហើយ​លើក​នេះ បើ​គិត​ជា​សរុប សារជាតិ​គីមី​ដែល​ពួកឧក្រិដ្ឋជន​នាំចូល​នោះ មាន​ទម្ងន់​ជិត ៣០ តោន និង​មានការ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ​អន្តរជាតិ​ចូលមក​កម្ពុជា ហើយ​កម្ពុជា​ខ្លួនឯង បានធ្វើការ​ទប់ស្កាត់​ទាន់ពេលវេលា នូវ​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​នេះ ដែល​ពួក​ឈ្មួញ​នាំចូល​ពី​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​វៀតណាម ចូល​ប្រទេស​កម្ពុជា ដល់​កំពង់ផែ​ក្រុងព្រះសីហនុ​។​

​លោក កែ គឹម​យាន បាន​មានប្រសាសន៍​បន្តទៀតថា ពួក​ឈ្មួញ​មួយចំនួនទៀត ដែលជា​ក្រុម​ឧក្រិដ្ឋជន បាន​បង្វែរ​ការដឹកជញ្ជូន​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន ទៅ​ប្រទេស​សិង្ហ​បុរី ហើយ​នាំចូល​ប្រទេស​វៀតណាម និង​បន្ត​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ប៉ុនប៉ង​ផលិត​គ្រឿងញៀន ដែលជា​ការ​បំ​លែង​ទិស តែ​ទីបំផុត​គេ​មកជួប​គ្នា​នៅ​កម្ពុជា ហើយ​ត្រូវបាន​បង្ក្រាប​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូ UNODC លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ និង​ប្រទេស​ដៃគូ និង​ការផ្តល់​ព័ត៌មាន​រហ័ស​ទាន់ពេលវេលា ដើម្បី​ចូលរួម​ទប់ស្កាត់​ការនាំ​ចូល ការផលិត​គ្រឿងញៀន​ឲ្យ​បាន​ទាន់ពេល​៕ K​

What Next?

Recent Articles