សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍​ផ្ដោត​លើ​ស្ត្រី

ដោយ ម៉ៅ សុធានី
2012-07-23
​វិទ្យុ​អាស៊ីសេរី

អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ស្ត្រី (UN Women) រៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍ ចំនួន ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​២២ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា នេះ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

គោល​បំណង​សំខាន់​នៃ​អង្គ​សន្និសីទ​ដែល​មាន​តំណាង​ពី​កម្ពុជា ចូល​រួម​ដែរ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ស្ត្រី​ដែល​ឆ្លង និង​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ពិភពលោក។

សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់ ២​ឆ្នាំ​ម្ដង ប៉ុន្តែ​នៅ​ឆ្នាំ​នេះ គឺ​ផ្ដោត​សំខាន់​ក្នុង​ការ​ផ្ដល់​អាទិភាព​ដល់​ស្ត្រី​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ដូច​ជា​បុរស​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំ​សុខភាព។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ស្ត្រី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា នេះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​កើត​អេដស៍​ត្រូវ​បាន​សង្គម​រើស​រើស​អើង និង​រង​ការ​រំលោភ​បំពាន​លើស ៣​ដង​នៃ​ស្ត្រី​ធម្មតា ដែល​ពុំ​មាន​កើត​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក។

ប្រធាន​ចាត់ចែង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍ លោក ហាឌ្រីន ប៊ុនណូដ (Hadrien Bonnaud) មាន​ប្រសាសន៍​ថា សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍​នៅ​ឆ្នាំ​នេះ គឺ​ពង្រឹង​អំណាច​ដល់​ស្ត្រី​ដែល​កើត​អេដស៍​ហ៊ាន​តស៊ូ​មតិ​ដើម្បី​អោយ​ខ្លួន​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ។

លោក​ថា បន្ថែម​ពី​នេះ គឺ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្នុង​ប្រទេស​នីមួយៗ ក្រុម​សង្គម​ស៊ីវិល ផ្ដល់​វេទិកា​គាំទ្រ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​បណ្ដាញ​ស្ត្រី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ផ្ដល់​សេវា​ថែទាំ​ដល់​ស្ត្រី​កើត និង​ឆ្លង​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

លោក ជា សារឹត ប្រធាន​សមាគម​នារី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អនាម័យ (Women Organization for Modern Economy and Nursing-WOMEN) ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​១៩ ស្ដីពី​ជំងឺ​អេដស៍​នេះ មាន​ប្រសាសន៍​ថា វត្តមាន​របស់​លោក​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​នេះ គឺ​ដើម្បី​សិក្សា​ថែម​ទៀត​អំពី​វិធីសាស្ត្រ​ថ្មី ដែល​ជួយ​អោយ​កម្មវិធី​ផ្ដល់​សេវា​ថែទាំ និង​ថ្នាំ​ព្យាបាល​ដល់​អ្នក​កើត​អេដស៍​នៅ​កម្ពុជា ទទួល​បាន​ជោគជ័យ។

លោក ជា សារឹត៖ «គឺ​ចង់​បាន​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការ​វិវត្តន៍​ជំងឺ​អេដស៍ ពាក់ព័ន្ធ​នឹង​ការ​អប់រំ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​ជំងឺ​អេដស៍ វិធីសាស្ត្រ​នៃ​ការ​ថែទាំ​ថ្មីៗ និង​ព័ត៌មាន​ទាក់ទង​នឹង​ឱសថ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។ តាម​ការ​ស្មាន​របស់​ខ្ញុំ មាន​ប្រតិភូ​មក​ចូល​រួម​ប្រមាណ ៥០​នាក់ ទាំង​ស្ថាប័នរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​ធ្វើ​ការ​ខាង​ផ្នែក​មេរោគ និង​ជំងឺ​អេដស៍​នេះ»

សន្និសីទ​អន្តរជាតិ​ស្ដីពី​ជំងឺ​អេដស៍​នៅ​ឆ្នាំ​នេះ រៀបចំ​ធ្វើ​ឡើង ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​២២ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២៧ ខែ​កក្កដា នេះ ហើយ​ចែក​ចេញ​ជា​ច្រើន​វគ្គ ដែល​ក្នុង​វគ្គ​នីមួយៗ មាន​វាគ្មិន​ជា​ច្រើន​រូប​ពី​ខាង​អង្គការ​សហប្រជាជាតិ​នៃ​ជំងឺ​អេដស៍ និង​អង្គការ​សុខភាព​ពិភពលោក​ជាដើម ដើម្បី​ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​កើត​អេដស៍ និង​ផ្សព្វផ្សាយ​ពី​វិធានការ​មួយ​ចំនួន ដើម្បី​ផ្ដល់​សេវា​គាំទ្រ​សុខភាព​ដល់​ស្ត្រី​ទាំង​នោះ។ ក្នុង​ចំណោម​វាគ្មិន​ដែល​មក​ចូល​រួម​ដែរ​នោះ គឺ​មាន​ស្ត្រី​ខ្មែរ​វ័យ​ក្មេង​មួយ​រូប​ឈ្មោះ ដាលីស ព្រំ ដែល​រូប​នាង​ផ្ទាល់​កើត​ជំងឺ​អេដស៍។

កញ្ញា ដាលីស ព្រំ បច្ចុប្បន្ន​ធ្វើ​ការ​ជា​អ្នក​សម្របសម្រួល​នៃ​សហគមន៍​ស្ត្រី​ខ្មែរ​ដែល​ផ្ទុក​ជំងឺ​អេដស៍​នៅ​កម្ពុជា ហៅ​កាត់​ថា (CCW)។ កញ្ញា​បាន​ឲ្យ​ដឹង​ថា កញ្ញា​នឹង​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​សមត្ថភាព​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់​ស្ត្រី​ខ្មែរ​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍​នៅ​កម្ពុជា អាច​មាន​សុខភាព​ល្អ រស់​នៅ​បាន​យូរ​ឆ្នាំ​ត​ទៅ​ទៀត។

ស្ថិតិ​របស់​អង្គការ​សហប្រជាជាតិ​នៃ​ជំងឺ​អេដស៍ (UNAIDS) បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១១ មាន​អ្នក​ផ្ទុក និង​កើត​ជំងឺ​អេដស៍​ចំនួន ៣៤​លាន​នាក់ នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះ ១​លាន​៨​សែន​នាក់​បាន​ស្លាប់។ ​ក្នុង​ចំណោម​អ្នក​ផ្ទុក និង​កើត​អេដស៍ ៣៤​លាន​នាក់​នោះ គឺ​ជិត ៥០% បាន​ទទួល​ថ្នាំ​ព្យាបាល ដើម្បី​ពន្យារ​ជីវិត Antiretroviral។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ មាន​អ្នក​កើត​អេដស៍​ចំនួន ៦៧.២០០​នាក់ ក្នុង​នោះ​ប្រមាណ​ជា ៤​ម៉ឺន​នាក់ បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles