ថ្ងៃទី 28 កក្កដា 2012
ដោយ: វឿន សាវុធ
CEN
ភ្នំពេញ: ដូចជាអ្នកក្រីក្រជាច្រើនទៀតដែរនៅតាមបណ្តាខេត្តនានា ចាន់ណា បានធ្វើដំណើរមកស្វែងរកការងារធ្វើនៅភ្នំពេញ ដោយសង្ឃឹមថា នឹងមានជីវវភាពប្រសើរជាងនៅតំបន់ជនបទ។ ជាមួយនឹងដើមទន់តិចតួច ចាន់ណា បានចាប់យកមុខរបរមួយប្រហែលជាវាមានទំនាក់ទំនងជាមួយនឹងជីវិតរបស់នាងនៅជនបទ។ នោះគឺការអូសរទេះលក់ខ្ចៅពីមួយកន្លែងទៅមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។
ចាន់ ណា ដែលមានអាយុទើបតែ ១៦ឆ្នាំ បានអូសរទេះលក់ខ្ចៅពីផ្សារសូរិយា សំដៅទៅមុខវាំង និងគោលដៅចុងក្រោយនៅមុខណាហ្គា ហើយលក់ខ្ចៅនេះជារៀងរាល់ថ្ងៃ។ នាងលក់ខ្ចៅបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ រីឯខ្ចៅពី ១ទៅ ២តៅ។
ចាន់ណា បានប្រាប់ឲ្យដឹងថា “ខ្ញុំមានលក់ខ្ចៅពីរប្រភេទ គឺខ្ចៅទន្លេ និងខ្ចៅបឹង។ ខ្ញុំទិញចៅនេះមកគិតជាតៅមានតម្លៃពី៣ ទៅ ៤ម៉ឺនរៀល ហើយខ្ញុំលក់ចេញវិញនៅពេលវាឆ្អិនគិតកំប៉ុង ក្នុងមួយកំប៉ុងខ្ចៅ ២០០០រៀល”។
នាងបានប្រាប់ពីរបៀបស្ងោរខ្ចៅនេះ ឲ្យដឹងថា “យើងត្រូវខ្ចៅនោះទៅត្រាំទឹកឲ្យបានមួយយប់ទល់ភ្លឺសិនទើបយកវាទៅស្ងោ។ ឯការសោ្ងវា គឺត្រូវដាំទឹកឲ្យពុះសិន រូចដាក់គល់ស្លឹកគ្រៃ ម្តេង ស្លឹកគ្រៃ និងស្លឹកក្រូច។ បន្ទាប់មកទើបផ្តើមបង់អំបិល ស្ករ និងប៊ីឆេងជាការស្រេច។ ចំពោះរយៈពេលស្ងោ គឺអាស្រ័យទៅតាមខ្ចៅតិច រឺច្រើន។ បើច្រើន គឺ៣០នាទី បើតិចវិញគិតតាមហ្នឹងដែរ”។
ចាន់ណា បានបន្តទៀតថា “ទឹកជ្រលក់ខ្ចៅនេះ វាមានពីរប្រភេទ គឺទឹកត្រីកោះកុង និងអំបិលម្រិចក្រូចឆ្មារ។ បើនិយាយពីការលក់ខ្ចៅនេះដែរ ខ្ញុំលក់ភាគច្រើនបាន ២តៅ។ នៅមានពេលខ្លះក៏សល់ទៀតផង ដោយសារមេឃភ្លៀង”។
បន្ថែមទៅលើអាកាសធាតុដែលរារាំងដល់របររបស់ ចាន់ណា នោះ អាជ្ញាធរពេលខ្លះ ក៏បានធ្វើបាបមុខរបរចល័តរបស់នាងផងដែរ ដែលត្រូវឲ្យនាងត្រូវតែមានភ្នែករវាសរវៃ ដើម្បីគេចចេញពីការចាប់ពិន័យ។
នាងបាននិយាយថា “ដោយសារស្ថានភាពគ្រួសារមានការលំបាកខ្លាំងពេក ទើបធ្វើឲ្យខ្ញុំមកប្រកបរបរជាអ្នកលក់ខ្ចៅដូច្នេះ។ ប៉ុន្តែ ការលក់នេះ ត្រូវបានប៉ូលិសដេញ និងចាប់ទៀតផង”។
នាងបានបញ្ជាក់ថា “ខ្ញុំត្រូវបានប៉ូលិសចាប់បានចំនួនពីរដងមកហើយ។ ចាប់បានលើកទី១ ត្រូវបង់លុយពី ១៥ ទៅ ២០ដុល្លារ ឯលើកទី២ គឺអស់ ១០ម៉ឺន។ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាគេមកដេញខ្ញុំ? ខ្ញុំគ្រាន់តែជាអ្នកលក់ខ្ចៅប៉ុណ្ណឹងសោះ!”៕


លក់ខ្ចៅគេដេញចាប់ តើឲ្យគាត់លក់ទើបគេមិនដេញចាប់?
ចុះបើគាត់ខ្វះខាត ទៅជួញដូរគ្រឿងញៀន តើប៉ះពាល់ដល់សង្គមយ៉ាងណា?
វត្តមាននៃមុខរបរនេះនៅកណ្តាលទីក្រុងដ៍ស្រស់បំព្រងនេះ វាធ្វើអោយមុខមាត់ចៅហ្វាយក្រុងមិនស្រស់ដូចទីក្រុងទេ!
វត្តមានមុខរបរនេះនៅកណ្តាលទីក្រុងដ៍ស្រស់បំព្រងនេះ បង្ហាញថាមានមនុស្សក្រីក្រមួយចំនួនព្យាយាមរស់និងផ្តល់សេវាទីផ្សារដល់អ្នកត្រូវការ ដែលមិនមានលទ្ធភាពចូលហាង ពេលមកកំសាន្តទស្សនាទីក្រុងដ៍ស្រស់នេះ ។
វត្តមានមុខរបរនេះមិនដើរទន្ទឹមនឹងការអភិវឌ្ឍន៍របស់ទីក្រុងទេ! តែវាឆ្លុះបញ្ចាំងពីតថៈភាពជីវិតរបស់ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅក្នុងទីក្រុង ។ មុខរបរនេះបានប្រាក់ចំណូល យា៉ងហោចណាស់ ២ ដងលើសពីការងារក្នុងរោងចក្រ បើតាមព៌តមាននេះ ។
I feel bad for her, the 16 years old should be in school and lean an important skill to improve her life in a future.
ខ្ញុំយល់ថាគួរតែរៀបចំសណ្តាប់ធ្នាប់និងមានកន្លែងអោយពយកគាត់លក់ទៅជាការល្អរ មិនគួរពិន័យគាត់ជាលុយច្រើនៗដូច្នេះទេ។ កន្លែងដែលគួរពិន័យគឺកន្លែងដែលមានចតឡានហូរហៀរមកដល់ ទ្រូងផ្លូវដូចជាកន្លែងកាត់សក់រឺភោជនីយដ្ឋាននៅជុំវិញផ្សាធំថ្មីជាដើម។ គួរពិចារណារផង កុំជាន់កដកស្លាបអ្នកក្រីក្រ។