ដោយ សួន សុផលមុន្នី
2012-07-28
វិទ្យុអាស៊ីសេរី
អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីស្ថាប័នជំនាញមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានក្រុមអ្នកភូមិចោទប្រកាន់ថា បានឃុបឃិតគ្នារំលោភបំពានលើដីព្រៃបឹងទន្លេសាប ស្ថិតនៅក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់។
ក្រុមអ្នកភូមិបានអំពាវនាវសុំឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ ចុះពិនិត្យជាបន្ទាន់ និងចាត់វិធានការទប់ស្កាត់ករណីរំលោភបំពានដីព្រៃលិចទឹក ក្នុងដែនបឹងទន្លេសាប ស្ថិតក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខាងកើតភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
សេចក្ដីអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់ពីមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកាយដីនៅតំបន់បឹងទន្លេសាប នោះ ដែលជាតំបន់ហាមឃាត់។
ក្រុមអ្នកភូមិអះអាងថា នៅលើទីតាំងដីព្រៃស្ថិតនៅក្នុងតំបន់៣ នោះ មានគ្រឿងចក្រជាច្រើនគ្រឿង ត្រូវបានគេដាក់ទៅជីកកាយដីអស់រយៈជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែលោក ង៉ែត សឿ មេឃុំកំពង់ព្រៀង បានបដិសេធថា ដីនៅតំបន់នោះស្ថិតក្នុងតំបន់២។ អាជ្ញាធរមានច្បាប់អនុញ្ញាតិជីកប្រឡាយលើកទំនប់ធ្វើផ្លូវប្រវែង ៧គីឡូម៉ែត្រ ដើម្បីទាញយកទឹកធ្វើស្រែ។
កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ ក្រុមមន្ត្រីជលផល បានចុះទៅហាមឃាត់ការជីកប្រឡាយនោះ ដោយចោទថាក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមន្ទីរធនធានទឹកពាក់ព័ន្ធ កំពុងជីកទន្ទ្រាននៅលើដីព្រៃលិចទឹក ក្នុងតំបន់៣ ដែលរាជរដ្ឋាភិបាល បានចេញសារាចរហាមឃាត់។ ការជីកប្រឡាយទំនប់នេះ គឺធ្វើឡើងដើម្បីឲ្យត្រីចូលនៅរដូវវស្សា និងចាប់ត្រីនៅរដូវប្រាំង។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍យ៉ាងខ្លីថា ភាគីទាំងពីរកំពុងធ្វើការចរចាគ្នា ប៉ុន្តែនៅពុំទាន់មានលទ្ធផលទេ។ ប្រធានសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី បានថ្លែងថា ករណីនេះជាទំនាស់ដែនសមត្ថកិច្ចរបស់មន្ត្រីជំនាញ និងមន្ត្រីជំនាញ។ បញ្ហានេះជាការសម្រេចរបស់រដ្ឋាភិបាល ប៉ុន្តែគួរធ្វើយ៉ាងណាកុំឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។
ក្រុមអាជ្ញាធរឃុំកំពង់ព្រៀង អាជ្ញាធរស្រុកសង្កែ អភិបាលរងខេត្ត និងមន្ទីរធនធានទឹក ឧតុនិយម ខេត្តបាត់ដំបង កាលពីខែមិនា និងដើមខែកក្កដា ឆ្នាំ២០១២ បានចុះហត្ថលេខារួមគ្នា ស្នើសុំទៅក្រសួងធនធានទឹក និងអាជ្ញាធរបឹងទន្លេសាប ដើម្បីស្ដារប្រឡាយចាស់សល់ពីសម័យ ពល ពត មួយខ្សែប្រវែង ៧គីឡូម៉ែត្រ ដើម្បីធ្វើការអភិវឌ្ឍ បង្កើនទិន្នផលស្រូវនៅក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង។
ក្រោយមក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរបឹងទន្លេសាប បានធ្វើលិខិតមួយជូនអភិបាលខេត្តបាត់ដំបង។ លិខិតបញ្ជាក់ថា ក្រសួងធនធានទឹក និងអាជ្ញាធរបឹងទន្លេសាប ពុំមានការយល់ទាស់ទេ តែការអនុវត្តត្រូវធ្វើទៅតាមបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងហាមឃាត់ដាច់ខាត មិនឲ្យប៉ះពាល់ដីនៅតំបន់៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។