ជម្លោះ​រវាង​មន្ទីរ​ជលផល​និង​មន្ទីរ​ធនធាន​ទឹក​លើ​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ដោយ សួន សុផលមុន្នី
2012-07-28
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយ​ចំនួន ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា បាន​ឃុបឃិត​គ្នា​រំលោភ​បំពាន​លើ​ដី​ព្រៃ​បឹង​ទន្លេសាប ស្ថិត​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់​ហាម​ឃាត់។

ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ចុះ​ពិនិត្យ​ជា​បន្ទាន់ និង​ចាត់​វិធានការ​ទប់ស្កាត់​ករណី​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក ក្នុង​ដែន​បឹង​ទន្លេសាប ស្ថិត​ក្នុង​តំបន់​៣ ក្នុង​ភូមិ​សាស្ត្រ​ខាង​កើត​ភូមិ​កាច់រទេះ ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កក្កដា ឆ្នាំ២០១២ បន្ទាប់​ពី​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ជីក​កាយ​ដី​នៅ​តំបន់​បឹង​ទន្លេសាប នោះ ដែល​ជា​តំបន់​ហាម​ឃាត់។

ក្រុម​អ្នក​ភូមិ​អះអាង​ថា នៅ​លើ​ទីតាំង​ដី​ព្រៃ​ស្ថិត​នៅ​ក្នុង​តំបន់​៣ នោះ មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ត្រូវ​បាន​គេ​ដាក់​ទៅ​ជីក​កាយ​ដី​អស់​រយៈ​ជាច្រើន​ថ្ងៃ​មក​ហើយ។ ប៉ុន្តែ​លោក ង៉ែត សឿ មេ​ឃុំ​កំពង់ព្រៀង បាន​បដិសេធ​ថា ដី​នៅ​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​២។ អាជ្ញាធរ​មាន​ច្បាប់​អនុញ្ញាតិ​ជីក​ប្រឡាយ​លើក​ទំនប់​ធ្វើ​ផ្លូវ​ប្រវែង ៧​គីឡូម៉ែត្រ ដើម្បី​ទាញ​យក​ទឹក​ធ្វើ​ស្រែ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​ជលផល បាន​ចុះ​ទៅ​ហាម​ឃាត់​ការ​ជីក​ប្រឡាយ​នោះ ដោយ​ចោទ​ថា​ក្រុម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក​ពាក់ព័ន្ធ កំពុង​ជីក​ទន្ទ្រាន​នៅ​លើ​ដី​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ដែល​រាជរដ្ឋាភិបាល បាន​ចេញ​សារាចរ​ហាម​ឃាត់។ ការ​ជីក​ប្រឡាយ​ទំនប់​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ត្រី​ចូល​នៅ​រដូវ​វស្សា និង​ចាប់​ត្រី​នៅ​រដូវ​ប្រាំង។

ទាក់​ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ភាគី​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ចរចា​គ្នា ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​ទេ។ ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បាន​ថ្លែង​ថា ករណី​នេះ​ជា​ទំនាស់​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ និង​មន្ត្រី​ជំនាញ។ បញ្ហា​នេះ​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល ប៉ុន្តែ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ។

ក្រុម​អាជ្ញាធរ​ឃុំ​កំពង់ព្រៀង អាជ្ញាធរ​ស្រុក​សង្កែ អភិបាលរង​ខេត្ត និង​មន្ទីរ​ធនធាន​ទឹក ឧតុនិយម ខេត្ត​បាត់ដំបង កាល​ពី​ខែ​មិនា និង​ដើម​ខែ​កក្កដា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា​រួម​គ្នា ស្នើ​សុំ​ទៅ​ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​បឹង​ទន្លេសាប ដើម្បី​ស្ដារ​ប្រឡាយ​ចាស់​សល់​ពី​សម័យ ពល ពត មួយ​ខ្សែ​ប្រវែង ៧​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ បង្កើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ភូមិ​កាច់រទេះ ឃុំ​កំពង់ព្រៀង។

ក្រោយ​មក នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប បាន​ធ្វើ​លិខិត​មួយ​ជូន​អភិបាល​ខេត្ត​បាត់ដំបង។ លិខិត​​បញ្ជាក់​ថា ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​បឹង​ទន្លេសាប ពុំ​មាន​ការ​យល់​ទាស់​ទេ តែ​ការ​អនុវត្ត​ត្រូវ​ធ្វើ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​កំណត់​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង និង​ហាម​ឃាត់​ដាច់​ខាត មិន​ឲ្យ​ប៉ះពាល់​ដី​នៅ​តំបន់​៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles