មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា គេបានរៀបចំសម្ភារៈ និងថ្នាំពេទ្យយ៉ាងគ្រប់គ្រាន់ នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ និងមន្ទីរពេទ្យកុមារចំនួន២ទៀត ដើម្បីត្រៀមលក្ខណៈចាំទទួលព្យាបាលអ្នកកើតជំងឺគ្រុនឈាម។
ដោយ ហង្ស សាវយុត
2012-07-31
វិទ្យុអាស៊ីសេរី

១១-កក្កដា-២០១២៖ កុមារជាច្រើន ដែលកុមារខ្លះក្នុងចំណោមនោះ ជាអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែន ខេត្តសៀមរាប។
RFA/Hang Savyouth
ក្រុមគ្រូពេទ្យបម្រើសុខភាពសាធារណៈ នៅក្នុងខេត្តសៀមរាប បានអះអាងថា ទាំងមន្ទីរពេទ្យកុមារ និងមន្ទីរពេទ្យបង្អែករបស់ខេត្តនេះ កំពុងទទួលព្យាបាលអ្នកជំងឺគ្រុនឈាម ដែលមានចំនួនច្រើនលើសលុបជាងកាលពីឆ្នាំមុន។
មន្ទីរពេទ្យកុមារមួយក្នុងចំណោមមន្ទីរពេទ្យកុមារចំនួន២ របស់ខេត្តសៀមរាប បានឱ្យដឹងថា មានកុមារដែលកើតជំងឺគ្រុនឈាមជាច្រើន បានចូលទៅពិគ្រោះជំងឺ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរបស់គេរហូតដល់មន្ទីរពេទ្យមានបញ្ហាខ្វះគ្រែ និងកន្លែងសម្រាប់ព្យាបាលអ្នកជំងឺទាំងនោះ។
លោក កែ សុគន្ធា ជានាយករដ្ឋបាលរបស់មន្ទីរពេទ្យកុមារអង្គរ មិត្តគ្មានព្រំដែន លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១២ គឺមន្ទីរពេទ្យរបស់លោកបានទទួលពិនិត្យកុមារជាង ១.០៦០នាក់ ដែលកើតជំងឺគ្រុនឈាម ហើយក្នុងចំណោមនោះ កុមារប្រមាណជាង៥៧០នាក់បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ តួលេខនេះ គឺកើនឡើងប្រមាណជិត៥ដង បើប្រៀបធៀបនឹងកុមារដែលកើតជំងឺគ្រុនឈាម ក្នុងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០១១ ដោយមានចំនួនប្រមាណតែជាង៤៤០នាក់នោះ។
លោក កែ សុគន្ធា៖ «អ្នកជំងឺទាំងអស់នេះ ប្រសិនជាយើងមានលទ្ធភាពអាចទទួល មានកន្លែងឱ្យគាត់ស្នាក់នៅព្យាបាលជំងឺនោះច្រើនជាងហ្នឹង ប្រហែលអាចកើនឡើង៥ដងអីទៅ។ ដោយហេតុថា កន្លែងខ្ញុំ គ្រែវាតិច វាមានតែ៥៥គ្រែ ដល់ពេលអ៊ីចឹង អ្នកជំងឺមានតែដេកនៅតាមផ្លូវដើរ វាពេញអស់។ ឥឡូវហ្នឹង នៅតែខ្វះគ្រែអ្នកជំងឺ ព្រោះវាពេញអស់ហើយ។ ព្យាបាលវាអត់ទាន់ រយៈពេលព្យាបាលវាខ្ទង់៤ទៅ៥ថ្ងៃ ទៅមួយអាទិត្យអី មកពីក្រោយបុកៗមកទៀត»។
ទោះយ៉ាងណា នាយករដ្ឋបាលមន្ទីរពេទ្យរូបនោះ មិនបានបញ្ជាក់ឱ្យដឹងពីចំនួនកុមារដែលស្លាប់ដោយសារជំងឺគ្រុនឈាម នៅឡើយទេ។
ចំណែកមន្ទីរពេទ្យបង្អែករបស់រដ្ឋក៏បានឱ្យដឹងថា ពេលបច្ចុប្បន្ននេះ ក្រៅពីកុមារ ក៏មានមនុស្សធំពេញវ័យ ដែលកើតជំងឺគ្រុនឈាមដែរ។
លោក ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានមានប្រសាសន៍ថា ជំងឺគ្រុនឈាមមិនមែនកើតតែលើកុមារទេ គឺមនុស្សពេញវ័យមួយចំនួន ក៏កំពុងកើតមានជំងឺនេះដែរ៖ «ខាងខ្ញុំក៏មានដែរ គ្រុនឈាមលើមនុស្សធំ។ វាច្រើនធៀបជាមួយនឹងឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែ វាមិនមានចំនួនច្រើនដល់កុមារទេ។ ក្នុង១ខែ យើងមាន៤ទៅ៥នាក់ ១០នាក់ប៉ុណ្ណោះឯង»។
លោក ប៉ែន ផល្គុន បានឱ្យដឹងទៀតថា ក្នុងរយៈពេល៦ខែឆ្នាំ២០១២ មនុស្សធំដែលកើតជំងឺគ្រុនឈាម មានចំនួនប្រមាណពី៥០ទៅ៦០ករណី ហើយចំនួននេះគឺកើនឡើងប្រហែលជាង២ដង បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នា កាលពីឆ្នាំ២០១១ កន្លងទៅ។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឱ្យដឹងថា បើទោះបីជាតួលេខនៃអ្នកកើតជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែឆ្នាំ២០១២ មានការកើនឡើងជាងឆ្នាំមុនមែន ក៏ប៉ុន្តែ អត្រានៃការស្លាប់ដោយសារជំងឺនេះ មានតិចតួចបំផុត។
មន្ទីរសុខាភិបាល បានឱ្យដឹងថា ពេលបច្ចុប្បន្ន ក្រៅពីមន្ត្រីសុខភាពបង្កើនការរៀបចំព្យាបាលជំងឺគ្រុនឈាមនោះ គឺមន្ទីរបានធ្វើយុទ្ធនាការដើរចែកថ្នាំអាបេត សម្លាប់មូសនិងដង្កូវទឹក ព្រមទាំងបានបាញ់ថ្នាំសម្លាប់មូលនៅតាមតំបន់មួយចំនួនទៀតផង។
កាលពីខែមិថុនា កន្លងទៅ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២ មានអ្នកកើតជំងឺគ្រុនឈាមទូទាំងប្រទេសចំនួនជិត៩ពាន់នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន៣៨នាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។