កូរ៉េ​ផ្ដល់​ប្រាក់​ជាង​៣​លាន​ដុល្លារ​សម្រាប់​ផែនការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប

ប្រទេស​កម្ពុជា កំពុង​រៀបចំ​បង្កើត​គម្រោង​ផែនការ​ប្លង់​មេ​សម្រាប់​ការ​អភិវឌ្ឍ​លើ​បញ្ហា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប។

ដោយ សេក បណ្ឌិត
2012-07-31
វិទ្យុ​អាស៊ីសេរី

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​៣១ កក្កដា អំពី​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ទំនើប។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​៣១ កក្កដា អំពី​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ទំនើប។
RFA/Sek Bandith

ការ​ចាប់​ផ្ដើម​បង្កើត​គម្រោង​ផែនការ​ប្លង់​មេ​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ផលិតភាព និង​គុណភាព​នៃ​ផលិតផល​ខ្ពស់​ក្នុង​វិស័យ​នីមួយៗ​នៅ​កម្ពុជា និង​ឲ្យ​ស្រប​ទៅ​តាម​យុគ​សម័យ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទំនើប​នៅ​លើ​ពិភពលោក។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ (KOICA) វិទ្យាស្ថាន​ផែនការ និង​វាយ​តម្លៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​កូរ៉េ (KISTEP) បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​លាន​ដុល្លារ ក្នុង​ការ​ជួយ​រៀបចំ​បង្កើត​គម្រោង​ផែនការ​ប្លង់​មេ សម្រាប់​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា។

គម្រោង​នេះ​ភាគី​ទាំង​ពីរ (កម្ពុជា-កូរ៉េ) បាន​សិក្សា​រួម​គ្នា​ជា​ជំហាន​ដំបូង​នៅ​ឆ្នាំ​២០១១ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ​កក្កដា ឆ្នាំ​២០១២ ទើប​ក្រសួង​ផែនការ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​មួយ ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា និង​បង្ហាញ​ពី​គោលបំណង​មួយ​ច្បាស់លាស់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ស្ដីពី​ការ​បង្កើត​គម្រោង​ផែនការ​ប្លង់​មេ​សម្រាប់​ការ​ប្រើប្រាស់​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ទំនើប​នេះ។

លោក ឆាយ ថន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា កម្ពុជា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ទំនើប ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​នៃ​ប្រទេស​ជា​ច្រើន​នៅ​ពិភពលោក ជា​ពិសេស​ប្រទេស​នៅ​ក្នុង​តំបន់។

លោក​បន្ត​ថា វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ដែល​ត្រូវ​ការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទំនើប​ជា​ចាំបាច់​នោះ មាន​ដូចជា​វិស័យ​កសិកម្ម ឧស្សាហកម្ម​ជា​បឋម និង​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ (Computer) ឬ​សេវាកម្ម​ជាដើម ដើម្បី​លើក​ស្ទួយ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ និង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ។

ទាក់ទង​បញ្ហា​នេះ​ដែរ បណ្ឌិត លីចម ស៊ីក (Lee Jeom Sig) អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​កូរ៉េ បាន​ធ្វើ​បទ​បង្ហាញ​ថា កសិកម្ម​ជា​វិស័យ​មួយ​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ស្បៀង​សម្រាប់​ប្រទេស​នីមួយៗ ប៉ុន្តែ​វិស័យ​នេះ​ក៏​ត្រូវ​ការ​ចាំបាច់​នូវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​បរិស្ថាន និង​ឧស្សាហកម្ម​ជាដើម។

ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ព្រៃវែង លោក សំរិទ្ធ មករា ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​នេះ​ដែរ មាន​ប្រសាសន៍​ថា នៅ​ពេល​កម្ពុជា មាន​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មួយ​ទំនើប​ច្បាស់​លាស់​នោះ លោក​ជឿ​ថា គ្រប់​វិស័យ​ទាំង​អស់​នឹង​មាន​ការ​រីក​ចំរើន​ជាង​ពេល​បច្ចុប្បន្ន។

ការ​បង្កើត​គម្រោង​ផែនការ​ប្លង់​មេ​លើ​ផ្នែក​វិទ្យាសាស្រ្ត​​ និង​បច្ចេកវិទ្យា​ទំនើប​នេះ នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០។ ប៉ុន្តែ​មុន​នេះ អ្នក​ជំនាញ​ត្រូវ​ការ​រយៈពេល​សិក្សា​ប្រមាណ ៣​ឆ្នាំ​ដើម្បី​រៀបចំ​នូវ​គ្រោង​ឆ្អឹង​នៃ​ផែនការ​ប្លង់​មេ​នេះ ដោយ​គេ​បាន​សិក្សា​បណ្ដើរ​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១១ នៅ​ប្រទេស​កូរ៉េ និង​នៅ​កម្ពុជា ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles