05212013Headline:

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ចេញ​លិខិត​ជម្រាប​លោក​ប្រធាន​សហជីព​សេរី​កម្មករ​

ភ្នំពេញ: លិខិត​មួយច្បាប់ ដែល​ចេញ​ដោយ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​ជម្រាប​ជូនទៅ​លោក​ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​ការធ្វើអន្តរាគមន៍ ដោះស្រាយ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​អតីត​កម្មករ​រ​ដ្ឋ​ចាស់​ចំនួន ១៩ នាក់ នៅ​រោងចក្រ Manhattan Textile and Garment Corp ដែល​បាន​ឈប់សម្រាក​ពី​ការងារ​។​

ថ្ងៃទី 2 សីហា 2012
ដោយ: ចៅចិត្រ
CEN

​ដោយ​យោងតាម​កិច្ចព្រមព្រៀង​ជួល​រោងចក្រ​តម្បាញ​កំពង់ចាម ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ រវាង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​ក្រុមហ៊ុន Manhattan Textile and Garment Corp​។​

​នៅក្នុង​លិខិត​នោះ លោក​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​ជម្រាប​ទៅ​លោក​ប្រធាន​សហជីព​សេរី​កម្មករ​ថា តាម​កិច្ចព្រមព្រៀង ជួល​រោងចក្រ​តម្បាញ​កំពង់ចាម រវាង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​ក្រុមហ៊ុន Manhattan Textile and Garment Corp ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​អតីត​កម្មករ​រដ្ឋ​ទាំងអស់ ទៅ​បម្រើ​ការងារ ក្នុង​រោងចក្រ លើកលែងតែ​ក្នុងករណី ក្រុមហ៊ុន បញ្ឈប់ គឺ​ក្រុមហ៊ុន ត្រូវ​ផ្តល់ប្រាក់​បំណាច់​ផ្សេងៗ ដូច​មាននៅ​ក្នុង​ប្រការ ទី​៦.៣ ចំណុច​១ ចែងថា ៖ “​អ្នក​ជួល​” ត្រូវ​ទទួលយក​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​បី​ខែ នូវ​និយោជិត កម្មករ ដែលមាន​ស្រាប់​នៅក្នុង​រោងចក្រ ដូច​ចែង​ក្នុង​(​ឧបសម្ព័ន្ធ​៣) ចាប់ពី​ថ្ងៃ​ត​ចុះ​កិច្ចព្រមព្រៀង​ជួល​នេះ​។​

​ការគ្រប់គ្រង​និយោជិត កម្មករ​ក្នុង (​ឧបសម្ព័ន្ធ​៣) ត្រូវអនុវត្ត​តាមច្បាប់​ការងារ លើកលែង​ប្រាក់​បំណាច់ ក្នុងការ​បញ្ឈប់​ការងារ “​អ្នក​ជួល​” ត្រូវ​ផ្តល់​តាម​ចំនួន​ស្មើនឹង​បៀវត្ស​ប្រចាំខែ​ចុងក្រោយ របស់​និយោជិត កម្មករ គុណ​នឹង​ចំនួន​ឆ្នាំ​បំរើ​ការងារ​ក្នុង​រោងចក្រ ចាប់ពី​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​បន្ត​បន្ទាប់មក​។ ប្រាក់​បំណាច់​នេះ​នឹងមិន​លើសពី ១០​ខែ ឬ តិចជាង​៣​ខែ នៃ​ប្រាក់បៀវត្ស​ប្រចាំខែ​ឡើយ​។​

​លិខិត​បាន​បន្តថា ក៏ប៉ុន្តែ​កម្មករ​ទាំង ១៩​រូបនេះ បាន​បន្តការងារ​នៅក្នុង​រោងចក្រ​រហូតដល់​បច្ចុប្បន្ន​មានន័យថា កម្មករ​ទាំងនោះ​គឺ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ច្បាប់​ស្តីពី​ការងារ ដូច្នេះ​ការផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ក្នុងការ​លាឈប់​ពី​ការងារ​នោះ គឺ​ត្រូវអនុវត្ត​តាមច្បាប់​ស្តីពី​ការងារ​៕​

What Next?

Recent Articles