មានការលើកឡើងថា អំពើពុករលួយនៅក្នុងសម័យប្រឡង កើតមានឡើងគឺបណ្ដាលមកពីការឧបត្ថម្ភប្រាក់ឲ្យគ្រូមានតិចតួចពេក ដែលធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការស្នាក់នៅ ការធ្វើដំណើរ និងការចំណាយលើការហូបចុក។
ដោយ សួន សុផលមុន្នី
2012-08-07
វិទ្យុអាស៊ីសេរី

សិស្សសាលាចេញពីមណ្ឌលប្រឡងមួយកន្លែង នាខេត្តបាត់ដំបង ក្នុងថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី១ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១២។
RFA/Soun Sophalmony
ទិដ្ឋភាពទូទៅនៅខាងក្រៅមណ្ឌលប្រឡងទុតិយភូមិ ឬគេនិយមហៅតាមភាសាបារាំងថា បាក់ឌុប ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានភាពស្ងប់ស្ងាត់ខុសពីពេលមុន ដែលមានមនុស្សនាំគ្នាឈរគប់វិញ្ញាសាចម្លង ដែលខ្មែរភាគច្រើននិយមហៅតាមភាសាបារាំងថា ប្រ៊ុយយ៉ុង ចូលទៅក្នុងថ្នាក់ឲ្យសិស្សកំពុងប្រឡង។ ការប្រែប្រួលនេះ គឺដោយសារបច្ចុប្បន្ននេះ មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃ និងម៉ាស៊ីនកុំព្យូទ័រ។
ជាក់ស្ដែងមានការបែកធ្លាយវិញ្ញាសាលើមុខវិជ្ជាគីមី និងប្រវត្តិវិទ្យា ដែលត្រូវបានគេលួចបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក (Facebook) នៅថ្ងៃប្រឡងដំបូងនេះដែរ។ ប៉ុន្តែវិញ្ញាសាដែលត្រូវបានគេបង្ហោះនៅតាមហ្វេសប៊ុក ពុំបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេ។
បេក្ខជនប្រឡងជាច្រើននាក់ដែលបានចូលទៅប្រឡង បាក់ឌុប កាលពីថ្ងៃច័ន្ទ ទី៦ ខែសីហា បានរិះគន់ថា គ្រូបង្រៀននៅក្នុងថ្នាក់បានប្រកាសប្រាប់សិស្សដោយចំហថា បើចង់ស្រួលត្រូវតែរៃអង្គាសលុយគ្នាឲ្យគ្រូ៖ «សិស្សភាគច្រើនយកទូរស័ព្ទចូល…។ សិស្សចូលទៅប្រហែល ១៥នាទីអីបង្ហោះចេញមកក្រៅហើយ។ ពេលខ្លះគ្រូចូលមកដល់និយាយថ្លៃតែម្ដង។ ដូចថ្នាក់ខ្ញុំថ្ងៃមិញ គ្រូមកដល់ទារតែម្ដង ឲ្យម្នាក់ ២ម៉ឺនរៀល»។
នៅក្នុងទំព័រ ហ្វេសប៊ុក ដែលគេបានបង្ហោះស្វាគមន៍ក្នុងថ្ងៃប្រឡងបាក់ឌុបដំបូង គឺនៅថ្ងៃច័ន្ទ ទី៦ ខែសីហា បានរិះគន់ថា អំពើពុករលួយពេលប្រឡង ជាធម្មតាមន្ត្រីពុករលួយគេដើរម៉ៅការតាមសាលា ដូចជា ១ សាលាគេយកពីរម៉ឺនដុល្លារពីមាតា បិតា រួចគេចេញលុយឲ្យមេប្រយោគក្នុងការបិទបាំងភ្នែក។ គ្រូអាចរកបានពី ៥០០ដុល្លារ ទៅ ២.០០០ដុល្លារ ថែមខាងក្រៅ នេះជាហេតុគេសូកលុយធ្វើជាមេប្រយោគ។
ទោះជានៅថ្ងៃប្រឡងមានសិស្សសាលាជាច្រើននាក់បានចំណាយលុយកាក់ទៅឲ្យគ្រូដូច្នេះក្នុងថ្ងៃប្រឡងក៏ដោយ ប៉ុន្តែនៅមានឪពុកម្ដាយ អាណាព្យាបាលខ្លះប្រាប់កូនកុំឲ្យបង់ប្រាក់ទៅឲ្យគ្រូតាមការទាមទារ។
លោក ហង្ស សំបូរ ដែលទៅទទួលកូនចេញពីប្រឡងនោះថ្លែងថា លោកមានបំណង និងបានខិតខំណែនាំកូនឲ្យខំប្រឹងរៀនសូត្រខ្លួនឯង ប្រសើរជាងការយកលុយទៅសូកឲ្យគ្រូ៖ «ជាទូទៅខ្ញុំអត់ទម្លាប់ឲ្យលុយកូនទេ ព្រោះខ្ញុំតែងតែអប់រំកូនខ្ញុំឲ្យខំប្រឹងប្រែងរៀនសូត្រ…»។
អំពើពុករលួយនៅក្នុងសម័យប្រឡង កើតមានឡើង គឺបណ្ដាលមកពីការឧបត្ថម្ភប្រាក់ឲ្យគ្រូបង្រៀនមានតិចតួចពេក។ ថវិកាតិចធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការស្នាក់នៅ ការធ្វើដំណើរ និងការចំណាយទៅលើការហូបចុក។ គ្រូនៅអនុវិទ្យាល័យ គេឧបត្ថម្ភប្រាក់ ១១៥.០០០រៀល និងគ្រូធ្វើជាមេប្រយោគ ទទួលបានជាង ១៥ម៉ឺនរៀល ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃប្រឡងដូចគ្នា។
អតីតគ្រូបង្រៀនម្នាក់បានថ្លែងថា នៅពេលពួកគាត់ធ្វើជាមេប្រយោគ ជាពិសេសអ្នកត្រួតពិនិត្យអគារ បានដើរម៉ៅការ និងបានសម្លុតគំរាមអនុរក្សនៅតាមបន្ទប់ឲ្យរកលុយឲ្យបាន ពី ២០ ទៅ ៣០ម៉ឺនរៀល។ នេះជារឿងពិតដែលកំពុងកើតមានជាក់ស្ដែងនៅក្នុងសម័យប្រឡង ហើយវាកើតមានជាប្រចាំ។ មូលហេតុទាំងនេះហើយដែលធ្វើសិស្សសាលាភាគច្រើនមិនសូវនាំគ្នាប្រឹងប្រែងរៀនសូត្រនោះទេ ដោយសារពួកគេអាងឲ្យលុយទៅគ្រូភ្លាមៗ គាត់អាចបើកមើល អាចទិញកំណែ។ ចំណែកគ្រូខ្លះទៀត យកកំណែពីខាងក្រៅលក់ឲ្យសិស្សជាសាធារណៈ។ កត្តាទាំងនេះបានធ្វើឲ្យគុណភាពអប់រំ ស្រុតចុះ ហើយទាមទារឲ្យមានការពិនិត្យមើលចំណុចអវិជ្ជមានទាំងអស់នេះឡើងវិញ។
អតីតគ្រូបង្រៀនមិនបញ្ចេញឈ្មោះ៖ «ជាក់ស្តែងខ្ញុំធ្លាប់ចូលរួមធ្វើមេប្រយោគដែរ អ៊ីចឹងនៅពេលដែលធ្វើមេប្រយោគហ្នឹង សិស្សវាអត់មានចេះអីទេ គឺភាគច្រើនក្នុងថ្នាក់អ្នកចេះពិតប្រាកដហ្នឹងប្រហែលជាមួយនាក់ ឬពីរនាក់ទេ ដែលចេះពិតប្រាកដ ក្រៅពីហ្នឹងគឺអត់ចេះអីទេ ពឹងទៅលើប្រ៊ុយយ៉ុង ពឹងទៅលើការចម្លងគ្នា ការទិញវិញ្ញាសាពីគ្រូពីអីតែប៉ុណ្ណឹងឯង ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំសង្កេតឃើញថា សិស្សកាន់តែយ៉ាប់ទៅៗ គឺគាត់អត់ប្រឹងរៀនទេ…»។
ពោលគឺពួកគាត់ចាំដល់ពេលទិញប្រ៊ុយយ៉ុង។ ជាក់ស្ដែងនៅក្នុងសាលារៀនដែលពួកគាត់រៀននោះក៏ដូចគ្នាដែរ។ គ្រូនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ពេលប្រឡងប្រចាំខែម្ដងៗ គាត់មិនចាំបាច់ឲ្យសិស្សប្រឹងប្រែងឆែកមើលមេរៀនទេ គឺគ្រូលក់ទាំងសំណួរ និងចម្លើយក្នុងហ្នឹងជាស្រេច។ ប្រការទាំងនេះ ធ្វើឲ្យសិស្សមិនខំប្រឹងសិក្សារៀនសូត្រ ហើយរង់ចាំដល់ថ្ងៃប្រឡងឲ្យលុយគ្រូទៅបានប្រឡងជាប់។ សិស្សខ្លះទៀតមិនសូវបានចូលសាលារៀននោះ ពួកគាត់ក៏មិនសូវមានការភ័យបារម្ភដែរ អោយតែមានលុយយកទៅឲ្យនាយកសាលា នាយកសាលានឹងឲ្យគាត់ឡើងថ្នាក់ដោយពុំបានគិតខ្វល់ខ្វាយពីរឿងឲ្យពិន្ទុតាមការខំប្រឹងរៀន និងការចូលរៀនទៀងទាត់នោះទេ។
អតីតគ្រូបង្រៀនមិនបញ្ចេញឈ្មោះ៖ «ចំពោះខ្ញុំធ្លាប់ធ្វើអនុរក្សកន្លងមក គឺអ៊ីចឹង។ ពេលខ្លះអ្នកត្រួតពិនិត្យអគារគាត់ត្រូវគ្នាជាមួយនឹង អប្បមាទខាងក្រៅ (អ្នកត្រួតនៅពីលើ)។ គ្រូអនុរក្សភាគច្រើនគាត់អត់ហាន ព្រោះគេមានការវាយតម្លៃពិន្ទុ អ៊ីចឹងអ្នកត្រួតអគារគេមើលពីរទៅបីបន្ទប់ អ៊ីចឹងគេមើលទៅបើថា គ្រូហ្នឹងយ៉ាងម៉េច គេដាក់ អេ ប៊ី តាមកម្រិតហ្នឹង ហើយបើសិនដល់កម្រិតដែលយើងមិនពេញចិត្តគេដាក់យើង ដេរ អីអ៊ីចឹងទៅ ឆ្នាំក្រោយគេព្យួរជើងយើងចោល អ៊ីចឹងហើយបានមេប្រយោគខ្លះ ចង់ ឬមិនចង់ គាត់ត្រូវបង្ខំចិត្តប្រមូលលុយសិស្សដែរ»។
ទាំងនេះជារូបភាពនៃការគាបសង្កត់តគ្នា គ្រូនៅក្នុងសាលាបើកដៃ រួមទាំងកម្លាំងសមត្ថកិច្ចមួយ ចំនួនជាអ្នកការពារនៅក្នុងបរិវេណប្រឡងនោះ ក៏បានចូលរួមចំណែកក្នុងការដឹកជញ្ជូនវិញ្ញាសាពីខាងក្រៅចូលទៅខាងក្នុងដែរ។ កងកម្លាំងមានសមត្ថកិច្ចទាំងនោះ មានតួនាទីយាមនៅខាងក្រៅក៏ពិតមែន ប៉ុន្តែនៅពេលពួកគាត់ប៉ះចំជាមួយកូនអស់លោកធំៗ បន្ទប់ណា សាលាណាដែលប៉ះជាមួយនឹងកូនគ្រូ កូនប្រធានមណ្ឌលប្រឡង គឺគេអាចទាក់ទងគ្នាដើម្បីជួយគ្នាយកវិញ្ញាសាចូលទៅក្នុងថ្នាក់ប្រឡង។ ករណីនេះ គ្រូមិនហានតវ៉ាទេ ព្រោះបញ្ហាកើតមានក្នុងសង្គមទូទៅហើយ។
នៅក្នុងសម័យប្រឡង ក្រសួងអប់រំបានហាមឃាត់មិនឲ្យគ្រូ និងសិស្សយកទូរស័ព្ទ និងម៉ាស៊ីនថត ចូលក្នុងថ្នាក់ប្រឡងទេ ដើម្បីទប់ស្កាត់កុំមានការទាក់ទង ឬថតចម្លងមេរៀន វិញ្ញាសាផ្សេងៗ ប៉ុន្តែជាក់ស្ដែង ករណីនេះកំពុងកើតមានជាហូរហែនៅក្នុងសម័យប្រឡង។
អតីតគ្រូបង្រៀនដដែលបានថ្លែងថា ចំណុចអវិជ្ជមានទាំងនេះ ត្រូវបានគេដឹងឮ មើលឃើញគ្រប់គ្នា ដែលមិនអាចប្រកែកបាន ប៉ុន្តែពុំមានអ្នកណាហានចាប់ឃាត់ទេ ព្រោះពួកគេយល់ថា ក្នុងសង្គមកើតបញ្ហានេះជាទូទៅអ៊ីចឹងទៅហើយ មិនចាំបាច់ខ្លួនម្នាក់ឯងខំប្រឹងតវ៉ាបានប្រយោជន៍អី។ ម្យ៉ាងវិញទៀត អ្នកត្រួតពិនិត្យអគារ សន្តិសុខ ប្រធានមណ្ឌលប្រឡងពួកគេបានសហការគ្នាបានល្អថែមទៀត។
ការទិញវិញ្ញាសាគឺនៅតែកើតមានឡើង។ ពួកគេទិញពីគ្រូទិញពីអ្នកដែលថតចម្លង។ ការផ្ដល់ប្រ៊ុយយ៉ុង តាមហ្វេសប៊ុក តាមទូរស័ព្ទ គឺគេអាចឆែកមើលបាន។ ជាក់ស្ដែងនៅមុនពេលប្រឡង គឺនៅយប់នោះ គេអាចមើលឃើញទីកន្លែងថតចម្លងឯកសារមួយចំនួន នៅក្នុងក្រុងបាត់ដំបង មានសិស្សសាលាបានទៅតម្រៀបជួរគ្នាណែនណាន់ ដើម្បីរង់ចាំទិញវិញ្ញាសាដែលបែកធ្លាយចេញមកកូនសិស្ស។ សិស្សខ្លះបានងើបទៅតាំងពីម៉ោង ៣ ម៉ោង ៤ និងម៉ោង ៥ ទៅអង្គុយចាំវិញ្ញាសាដែលគេផ្ញើចេញមកពីភ្នំពេញ។ នេះជាទម្លាប់ទៅហើយ នៅពេលសម័យប្រឡងលើកណាក៏ដូចគ្នាដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមអំពីទិដ្ឋភាព និងភាពមិនប្រក្រតីនានានៅក្នុងមណ្ឌលប្រឡងមួយចំនួននៅរាជធានីភ្នំពេញ និងនៅខេត្តពោធិ៍សាត់ តាមរយៈការសាកសួររវាងលោក សេក បណ្ឌិត ជាមួយលោក ដែន អយុធ្យា និងលោក មណ្ឌលកែវ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វាជាប្រពៃណីស្រុកខ្មែរហើយអារឿងអញ្ចឹង។ កែវាមិនរួចទេ។ ពីណាមិនដឹងរឿងនេះទើបចំលែក។
ការពិតគឺអាចកែជាល្អរួច គឺកែចាប់តាំងពីផ្នត់គំនិត ផ្នត់នែការដឹកនាំ គឺប្រមុខរដ្ថ។
មិនថាតែក្រុងបាត់ដំបងឬភ្នំពេញទេ នៅខេត្តឧត្តរមានជ័យឯនេះវិញក៏មិនធម្មតាដែរ ហាស់ សិស្សមា្នក់អន់ណាស់ ក៏២៥០ដុល្លាដែរ នេះជារឿងពិត។ នេះហើយប្រទេសប្រជាធិបតេយ្យ វាប្រជាធិបតេយ្យ ស្អីគេអង្គភាពប្រឆាំងអំពើពុករលួយ លឹបក្បាលទៅណាអស់ហើយ បង្កើតឲ្យ តែឆ្កែ ព្រុសទែមើលទោ។ ប្រទេសយើងរីកចម្រើនខ្លាំងខាង ពុករលួយ កេងប្រវញ្ច័ គាបសង្កត់អ្នកក្រ។ ខ្ញុំមិន មែនគណបក្សប្រឆាំងទេ គឺខ្ញុំមើលឃើញសេចក្តីពិត។ សូមអស់លោកល្មមឆែតនិងលុយប៉ុនហ្នឹងបាន ហើយ មើល ម៉ែន សារុនយកអ្វីទៅខ្លះ?????
សូមឲ្យក្រសួងអប់រំមេត្តារឹតបណ្តឹងផងកុំថាហើយមិនធ្វើនោះ
ជាតថៈភាពដែលមិនមានដំណោះស្រាយនាពេលបច្ចុប្បន្ន ដោយសារការមិនមានសមភាពរវាងតំរូវការចាំបាច់សំរាប់រសនៅជាមូលដ្ឋាន និង ប្រាក់បំណាច់ដែលទទួលបាន ។
ប្រាក់បំណាច់ប្រចាំខែសំរាប់ចាយត្បិតត្បៀតតែ ២ អាទិត្យប៉ុណ្ណោះ សំរាប់មនុស្ស ២ នាក់ មិនគិតពីចំណាយលើការជួលផ្ទះទេ បើមិនមានផ្ទះខ្លួនឯងគឺស្រេចតែហ្មង!