តាកែវ: ក្នុងខែកក្កដា ឆ្នាំ២០១២នេះ អ្នកជំងឺទូទៅបានចូលមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានការកើនឡើងបើប្រៀបធៀបខែមិថុនា ២០១២។
ថ្ងៃទី 7 សីហា 2012
ដោយ: វឌ្ឍនា
CEN
លោកវេជ្ជបណ្ឌិត ឈូវ ឈួន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបានអោយដឹងថា នៅក្នុងខែកក្កដា ២០១២ កន្លងមកនេះ នៅមន្ទីរពេទ្យបង្អែកខេត្តមានអ្នកជំងឺបញ្ជូនមកពីមណ្ឌលសុខភាព និងពិនិត្យ ដោយខ្លួនឯងនៅមន្ទីរពេទ្យមានចំនួន ៣.២១៥នាក់ ប្រុស ១.៤១៥នាក់ ស្រី ១.៨០០នាក់ ក្នុងនោះជំងឺលើកុមារចំនួន ១១នាក់ ដែលស្ថិតក្នុងការសង្ស័យថា មានផ្ទុកជម្ងឺ EV71។
លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា ឯកទេសផ្នែកកុមារបាននិយាយថា ដោយគិតចាប់ពីខែឧសភា មកដល់ខែកក្កដា ឆ្នាំ២០១២នេះ ចំនួនកុមារដែលមានជំងឹមានការកើនឡើង ដោយក្នុងខែ ឧសភា មានចំនួន ៥១២នាក់ មកដល់ខែកក្កដា មានចំនួន ៥២១នាក់។
លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា បាននិយាយទៀតថា ចំពោះមន្ទីរពេទ្យបង្អែកខេត្តតាកែវមកទាល់សព្វថ្ងៃនេះ មានកុមារចំនួន ១១នាក់ ដែលស្ថិតក្នុងការសង្ស័យថា មានជំងឺ EV71 ក្នុងនឹងមានកុមារ ៥នាក់ដែលមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនវត្ថុវិភាគ មានបូមស្លេសពីបំពង់ក និងថ្បាល់រន្ធគូទយកលាមក ដើម្បីយកទៅវិភាគរកជំងឺ EV71 ដោយទទួលលទ្ធផលវិជ្ជមាន ៣នាក់ ដែលមានផ្ទុកជំងឺ EV71។ ក៏ប៉ុន្តែរាល់កុមារដែលចូលមកសម្រាកនៅមន្ទីរពេទ្យទាំងអស់នោះ នៅរស់រានមានជីវិតទាំងអស់ ហើយបានចេញ ត្រឡប់ទៅផ្ទះវិញដោយមានសុខភាពល្អ៕



មន្ទីរពេទ្យប្រទេសកម្ពុជាកំពុងតែរីកចម្រើនជាបណ្តើរៗហើយ,នេះដោយសារតែគោលនយោបាយ ល្អ
របស់រាជរដ្ធាភិបាលកម្ពុជាពិសេសក្រសួងសុខាភិបាលនិងពិសេសទៅទៀតបុគ្គលឹកដែលមានឆន្ទៈ
ពិតប្រាកដ។