ការ​ចំណាយ​ខ្ពស់​លើ​សម្ភារៈ​កសិកម្ម​ធ្វើ​ឲ្យ​កសិករ​ភាគ​ច្រើន​នៅ​តែ​ក្រីក្រ

វិស័យ​កសិកម្ម​បាន​ចូល​រួម​ចំណែក​ក្នុង​សន្តិសុខ​ស្បៀង​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​កសិករ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​នៅ​ឡើយ បើ​ទោះ​ជា​ផលិតភាព​កសិកម្ម​កើន​ឡើង​នៅ​ពេល​ចុង​ក្រោយ។

ដោយ អាន ស៊ីថាវ
2012-08-09
​វិទ្យុ​អាស៊ីសេរី

កសិករ​ស្ទូង​ស្រូវ​ នៅ​ស្រុក​អង្គស្នួល ខែត្រ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១០

កសិករ​ស្ទូង​ស្រូវ​ នៅ​ស្រុក​អង្គស្នួល ខែត្រ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១០
RFA/Vohar Cheath

កត្តា​នេះ ស្ថាប័ន​អភិវឌ្ឍ​នានា​បាន​រក​ឃើញ​ថា កសិករ​ជាច្រើន​បាន​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ប្រើ​ជី​គីមី ហើយ​ការ​ចំណាយ​នេះ គឺ​កសិករ​បាន​មក​ពី​ប្រាក់​កម្ចី ដែល​មាន​កម្រិត​ខ្ពស់។ ស្ថាប័ន​ស្រាវ​ជ្រាវ​ផ្នែក​អភិវឌ្ឍ​កសិកម្ម​រក​ឃើញ​ថា កសិករ​បាន​រក​ប្រភព​លុយ​ផ្សេងៗ ដើម្បី​ចំណាយ​លុយ​ប្រមាណ​៣០​ម៉ឺន​រៀល​ក្នុង​ការ​ទិញ​ជី​គីមី​ប្រើ​ប្រាស់​លើ​ទំហំ​ដី​មួយ​ហិកតារ។

ការ​អះអាង​នានា​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​របស់​ស្ថាប័ន​អភិវឌ្ឍ​ជា​ច្រើន បាន​រក​ឃើញ​ថា កសិករ​ភាគ​ច្រើន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ដដែល ដោយ​សារ​តែ​កសិករ​ភាគ​ច្រើន​ជំពាក់​បំណុល​គេ​តាម​រយៈ​ការ​ចំណាយ​ខ្ពស់​លើ​ការ​ទិញ​សម្ភារៈ​កសិកម្ម ដូច​ជា​ចំណាយ​លើ​ជី​គីមី​ជា​ដើម។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​វិស័យ​កសិកម្ម សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមា មាន​ប្រសាសន៍​ថា កសិករ​បាន​ប្រើប្រាស់​ជី​គីមី​ប្រមាណ​ជា​មធ្យម​៧៥​គីឡូក្រាម សម្រាប់​ដី​ស្រែ​មួយ​ហិកតារ និង​កសិករ​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទិញ​ជី​គីមី​មក​ប្រើ​ប្រមាណ​២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល សម្រាប់​ផ្ទៃ​ដី​មួយ​ហិកតារ។

ទោះ​ជា​យ៉ាង​ណា ការ​ប្រើប្រាស់​ជី​ធម្មជាតិ​វិញ គឺ​កសិករ​នីមួយៗ​ត្រូវ​ប្រើ​ជី​ធម្មជាតិ​ប្រមាណ ២​តោន​ទៅ​៣​តោន​ក្នុង​មួយ​ហិកតារ ដែល​អ្នក​វិភាគ​កសិកម្ម​នានា​បាន​អះអាង​ថា កសិករ​ភាគ​ច្រើន​ពិបាក​រក​ជី​ធម្មជាតិ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​ចំពោះ​ដំណាំ​របស់​គាត់។

លោក​បណ្ឌិត យ៉ង សាំងកុមា មាន​ប្រសាសន៍​ថា កសិករ​ដែល​ប្រើ​ជី​គីមី​នៅ​រដូវ​វស្សា​មាន​ប្រមាណ​៧០% នៃ​កសិករ​ដែល​ធ្វើ​ស្រែ​វស្សា​សរុប ដោយ​លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​ជី​គីមី គឺ​ភាគ​ច្រើន​នៅ​លើ​ទំហំ​ដី​ធំ៖ «ភាគ​ច្រើន កសិករ​ដែល​និយម​ប្រើ​ជី​ធម្មជាតិ​ច្រើន​នោះ គឺ​នៅ​ខេត្ត​តាកែវ កំពត កំពង់ស្ពឺ ដោយ​ឡែក​អ្នក​ធ្វើ​ស្រែ​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ដែល​គាត់​ធ្វើ​ដី​ធំៗ គាត់​អត់​សូវ​ប្រើ​ជី​ធម្មជាតិ​ទេ។ អីចឹង ជី​ធម្មជាតិ​ក៏​មិន​ប្រើ​លើ​កសិករ​គ្រប់​គ្នា​ដែរ»

របាយការណ៍​ធនាគារ​អភិវឌ្ឍ​អាស៊ី អេ.ឌី.ប៊ី (ADB) បាន​បង្ហាញ​ថា កសិករ​ភាគ​ច្រើន​ប្រើ​ជី​គីមី​ក្នុង​កម្រិត​៥០​គីឡូក្រាម​ដល់​៣៥០​គីឡូក្រាម សម្រាប់​ដំណាំ​ស្រូវ​មួយ​ហិកតារ ដោយ​អាស្រ័យ​ទៅ​លើ​លទ្ធភាព​ដែល​គាត់​លៃលក​រក​បាន ជា​ជាង​ទៅ​តាម​គុណភាព ឬ​ប្រភេទ​ជី និង​ដី។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​កសិកម្ម លោក ព្រំ តុលា មាន​ប្រសាសន៍​ថា កសិករ​ភាគ​ច្រើន​ប្រើ​ប្រាស់​ជី​គីមី​នៅ​តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ប្រភេទ​ដី​មួយ​ចំនួន​កសិករ​ត្រូវ​តែ​ប្រើ​ជី​គីមី ដើម្បី​បង្កើន​ទិន្នផល។

លោក ព្រំ តុលា មាន​ប្រសាសន៍​បន្ត​ថា កសិករ​ភាគ​ច្រើន​យល់​ដឹង​អំពី​របៀប​ប្រើ​ជី​គីមី គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​មិន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ទាម​ទារ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម៖ «គេ​ហៅ​ថា សេវា​នៃ​ការ​ផ្សព្វ​ផ្សាយ​កសិកម្ម​ហ្នឹង កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត ដើម្បី​ឲ្យ​កសិករ​គាត់​អាច​ប្រើ​ជី​គីមី និង​ថ្នាំ​ពុល​ហ្នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​អស់​លុយ​តិច និង​ទទួល​បាន​ទិន្នផល​ខ្ពស់»

បញ្ជាក់​អំពី​បញ្ហា​នេះ ការ​សិក្សា​របស់ អេ.ឌី.ប៊ី បាន​បង្ហាញ​ទៀត​ថា ការ​បណ្ដុះ​បណ្ដាល ការ​ណែនាំ និង​ចំណេះ​ដឹង​តិចតួច​ពី​របៀប​ប្រើ​ប្រាស់​ជី​សម​ស្រប កសិករ​ភាគ​ច្រើន​រៀន​ប្រើ​ទៅ​តាម​ការ​ពន្យល់​ផ្ទាល់​មាត់​ពី​អ្នក​លក់​ជី ជា​ជាង​ការ​អនុវត្ត​បង្ហាញ។ កសិករ​ភាគ​ច្រើន​ប្រើ​ប្រាស់​ជី​មិន​សូវ​សម​ស្រប​តាម​ពេល​វេលា និង​តាម​កម្រិត​ត្រូវ​ប្រើ​នោះ​ទេ។ ចំណុច​ដែល​កសិករ​ខាត​បង់​មួយ គឺ​គេ​ប្រើ​ជី​លើស​កម្រិត នៅ​ក្នុង​រដូវ​ប្រាំង នៅ​ចំ​ពេល​ដែល​ថ្លៃ​ស្រូវ​ធ្លាក់​ចុះ​នៅ​មូលដ្ឋាន។

ទាក់​ទង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​កសិករ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ លេខាធិការដ្ឋាន​នៃ​ប្រព័ន្ធ​ប្រពល​វប្បកម្ម (ប.ប.ស) ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាង រតនា មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្រែ​បែប​ប្រពល​វប្បកម្ម គឺ​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​កសិករ​បាន​មួយ​កម្រិត ដោយ​សារ​ការ​ធ្វើ​ប្រភេទ​នេះ គឺ​ប្រើ​ពូជ​ចំនួន​តិច ហើយ​វា​ផ្ដល់​ទិន្នផល​ស្រូវ​ខ្ពស់។ យ៉ាង​ណា​ក៏​ដោយ លោក រតនា អង្កេត​ឃើញ​ថា ភាគ​ច្រើន​នៃ​កសិករ​ធ្វើ​ស្រែ​ប្រភេទ​ណា​ក៏​ដោយ គាត់​តែង​តែ​ប្រើ​ជី​គីមី​នៅ​ឡើយ៖ «គោលការណ៍​គឺ​ជំរុញ​ឲ្យ​គាត់​កាត់​បន្ថយ​ជី​គីមី​ហ្នឹង។ យើង​ប្រាប់​គាត់ អ្វី​ដែល​គាត់​ធ្វើ​ដី​របស់​គាត់​ត្រូវ​នឹង​ជី​អ្វី​ខ្លះ ហើយ​កន្លង​មក​កសិករ​ឲ្យ​តែ​គាត់​ធ្វើ គាត់​ចេះ​តែ​ដាក់​ទៅ កន្លែង​ខ្លះ ដី​គាត់​មិន​គួរ​ប្រើ​ជី ក៏​គាត់​ប្រើ»

វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អភិវឌ្ឍ​កសិកម្ម​កម្ពុជា បាន​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​ពី​ការ​ប្រើ​ប្រាស់​ជី​ទៅ​តាម​តំបន់​អេកូឡូស៊ី នៃ​ដំណាំ​កសិកម្ម និង​ប្រភេទ​ដី ប៉ុន្តែ​កសិករ​មិន​បាន​អនុវត្ត​តាម​ទេ ដោយ​សារ​តែ​ខ្វះ​ចំណេះ​ដឹង និង​ព័ត៌មាន។

ការ​ស្រាវ​ជ្រាវ​នានា​បាន​រក​ឃើញ​ថា កសិករ​ភាគ​ច្រើន​តែង​តែ​រក​ប្រភព​ទុន​ផ្សេងៗ ដើម្បី​ទិញ​សម្ភារៈ​កសិកម្ម ដូច​ជា​ចំណាយ​លើ​ពូជ ជី ជា​ដើម នៅ​ពេល​ដល់​ពេល​ដាំ​ដុះ​ម្ដងៗ ដែល​ភាគ​ច្រើន​ពឹង​លើ​កម្ចី​ក្រៅ​ផ្លូវ​ការ។

ធនាគារ​ពិភពលោក​បាន​រាយការណ៍​ថា ការ​ពិបាក​រក​ឥណទាន បង្ខំ​ឲ្យ​កសិករ​ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​ឥណទាន​ក្រៅ​ផ្លូវ​ការ ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍ អេ.ឌី.ប៊ី បាន​រាយការណ៍​ថា ទីផ្សារ​ឥណទាន​សម្រាប់​ផលិតកម្ម​ដំណាំ​ស្ទើរ​តែ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​ឈ្មួញ​កណ្ដាល ដែល​គ្រប់គ្រង​លើ​ជាង​ពាក់​កណ្ដាល​នៃ​ជំនួញ​នៅ​ជនបទ។

របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ យូ.អិន.ឌី.ភី (UNDP) បាន​រក​ឃើញ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា ដូច​ជា អេស៊ីលីដា និង​អម្រឹត ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​កសិករ​ជនបទ ប៉ុន្តែ​ត្រូវ​ប្រជែង​ជាមួយ​ឥណទាន​ក្រៅ​ផ្លូវ​ការ។ ឈ្មួញ​កណ្ដាល​យក​ការ​ប្រាក់​ពី​៥%​ទៅ​៧% ក្នុង​មួយ​ខែ។ ដូច្នេះ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ការ​ប្រាក់​ថោក​ជាង ប៉ុន្តែ​ស្ថាប័ន​ទាំង​នោះ​មាន​លក្ខខណ្ឌ​ដាក់​ទ្រព្យ​នានា និង​ខ្វះ​ភាព​បត់​បែន​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី។

ការ​ពិភាក្សា​ជាមួយ​កសិករ​បាន​បង្ហាញ​ថា ពួក​គាត់​តែង​សង​បំណុល​នៅ​រដូវ​ច្រូត​កាត់ រដូវ​ប្រមូល​ផល ឬ​ក៏​សង​បំណុល​ភ្លាម​នៅ​ពេល​ដែល​គាត់​លក់​ស្រូវ។ បញ្ហា​ដែល​កសិករ​ម្នាក់ៗ​ជំពាក់​បំណុល​គេ មាន​មូល​ហេតុ​ជា​ច្រើន​ទាក់​ទង​នឹង​ការងារ​កសិកម្ម ដូច​ជា​ទិញ​គ្រាប់​ពូជ សម្ភារៈ​ភ្ជួរ​រាស់ និង​ជី​ជា​ដើម។

លោក​បណ្ឌិត យ៉ង សាំងកុមា មាន​ប្រសាសន៍​ថា កត្តា​នេះ​គឺ​ជំរុញ​ឲ្យ​កសិករ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ដោយ​សារ​តែ​ការ​ប្រើ​ជី​គីមី ហើយ​កសិករ​ពួក​គាត់​នឹង​ត្រូវ​ប្រឈម​ការ​ចំណាយ​កាន់​តែ​ខ្ពស់​នៅ​ពេល​អនាគត៖ «ដើម្បី​ឲ្យ​បាន​ផល​ស្រូវ​ច្រើន គាត់​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ជី។ ដល់​ពេល​ខែ​ស្ទូង គាត់​អត់​សូវ​មាន​លុយ គាត់​ត្រូវ​ខ្ចី​គេ​ដើម្បី​ទិញ​ជី ដល់​ពេល​ខែ​ច្រូត គាត់​យក​ស្រូវ​ទៅ​លក់​សង​វិញ។ អីចឹង វា​វិល​ចុះ​វិល​ឡើង ដល់​ពេល​ដែល​គាត់​អត់​សូវ​គិតគូរ​ពី​ជី​ធម្មជាតិ អីចឹង ដី​ចេះ​តែ​ខ្សោះ​ទៅៗ​បង្ខំ​ឲ្យ​គាត់​ប្រើ​ជី​គីមី​កាន់​តែ​ច្រើន​ទៅ»

យោង​តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ជី​គីមី នៅ​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប​ជាង​ប្រទេស​ជិត​ខាង ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ជី​បាន​កើន​ឡើង​ពី ៨​ម៉ឺន​តោន​នៅ​ឆ្នាំ​១៩៩៥ ដល់​ជាង​២​សែន​៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១០ ដែល​ទំហំ​នាំ​ចូល​ជី​គីមី​ភាគ​ច្រើន​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ប្រមាណ​៧០% នៃ​ការ​ផ្គត់ផ្គង់​សរុប។ ចំណែក​ឯ​កសិករ​ក្រីក្រ​មិន​អាច​លៃលក​រក​ទិញ​ជី​មក​ប្រើ​ប្រាស់​ដំណាំ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កសិករ​ដែល​មាន​លទ្ធភាព​ទិញ​ជី​មក​ប្រើ​ប្រាស់ ក៏​មិន​ប្រាកដ​ថា​អាច​បង្កើន​ទិន្នផល​បាន​ប្រសើរ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles