ទីបំផុតមេដឹកនាំអង្គការ Mahavir Mandir Trust ដែលមានគម្រោងសាងសង់ប្រាសាទហិណ្ឌូថ្មីមួយតាមបែបប្រាសាទអង្គរវត្តនោះ បានបញ្ជាក់ហើយនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងវប្បធម៌ឥណ្ឌាថា ប្រាសាទដែលក្រុមខ្លួនគ្រោងនឹងសាងសង់នៅរដ្ឋបៃហៀ មិនបានចម្លងទ្រង់ទ្រាយដើមពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជានោះទេ។
សុក្រ 10 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
អគ្គលេខាធិការ នៃអង្គការ Mahavir Mandir Trust ត្រូវបានដកស្រង់សម្តីដោយបណ្តាញព័ត៌មានឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងសាងសង់ប្រាសាទហិណ្ឌូនៅភាគខាងកើតប្រទេសឥណ្ឌារបស់ក្រុមខ្លួននោះ មិនមែនបានចម្លងទម្រង់ដើមពីប្រាសាទអង្គរវត្តកម្ពុជានោះទេ។ ព្រោះប្រាសាទថ្មីនេះវាមានទំហំធំជាងប្រាសាទអង្គរវត្ត និងសូម្បីតែប៉ម នៃប្រាសាទ ក៏ច្រើនជាងប្រាសាទអង្គរវត្តដែរ។ ដោយបានបញ្ជាក់ថា រចនាបទ និងលក្ខណៈផ្សេងៗទៀតរបស់ប្រាសាទថ្មីដែលគ្រោងសាងសង់នេះ គឺចម្លងពីប្រាសាទនានានៅភាគខាងត្បូងប្រទេសឥណ្ឌាទៅវិញទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអគ្គលេខាធិការ នៃអង្គការហិណ្ឌូឥណ្ឌាមួយនេះ បានទទួលស្គាល់ថា ប្រាសាទដែលក្រុមខ្លួនគ្រោងសាងសង់ ពិតជាបានយកគំរូតាមប្រាសាទអង្គរវត្តមែន។
សូមរំលឹកថា អង្គការហិណ្ឌូដ៏ធំក្នុងប្រទេសឥណ្ឌាមួយនេះ បានប្រកាសកាលពីដើមឆ្នាំនេះថា ខ្លួនមានគម្រោងនឹងធ្វើការសាងសង់ប្រាសាទបែបសាសនាហិណ្ឌូមួយដែលមានទំហំធំជាងប្រាសាទអង្គរវត្តរបស់កម្ពុជា នៅលើផ្ទៃដីទំហំ៩ហិកតា ស្ថិតក្នុងរដ្ឋបៃហៀ ភាគខាងកើតប្រទេសឥណ្ឌា ដោយចំណាយរយៈពេលសាងសង់រហូតដល់ទៅ៨ឆ្នាំ៕
