បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ឯក សៀកសុជាតិ នាយកទីចាត់ការព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធភូមិន្ទ អមដំណើរដោយមន្ត្រីកងទ័ព និងលោកឧត្តមសេនីយ៍ទោ ថារ៉ាវីត ដារុនឈូ ប្រធាននាយកដ្ឋានកិច្ចការព្រំដែន កងទ័ពភូមិន្ទថៃ និងប្រតិភូ បានទៅពិនិត្យច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ព្រមទាំងពិនិត្យបង្គោលព្រំដែនលេខ ៣៦។
ថ្ងៃទី 10 សីហា 2012
ដោយ: សូផុន
CEN
ការចុះពិនិត្យធ្វើការរួមគ្នាដែលធ្វើដំណើរកាត់ទឹកដីថៃនោះ ធ្វើឡើងកាលពីថ្ងៃទី៩ សីហា ២០១២។
ភាគីថៃបង្ហាញប៉ុស្តិ៍ត្រួតពិនិត្យគយខ្លួននៅច្រកព្រំដែនតាប្រ៉ាយ៉ា ដែលស្នើកម្ពុជាឯកភាពដើម្បីជួសជុលឡើងវិញនូវដំបូល តែកម្ពុជាបានបដិសេធ។ គឺបដិសេធដូចមុនទាំងលើប៉ុស្តិ៍គយ និងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃនៅច្រកនោះ។
ភាគីទាំងពីរទៅមើលបង្គោលព្រំដែនលេខ ៣៦ មួយភ្លែត រួចក៏ត្រឡប់វិញ។ ភាគីទាំងពីរពុំបានឯកភាព ឬប្រកាសលទ្ធផលអ្វីជាមួយគ្នាទេ ក្នុងការចុះធ្វើការរួមគ្នាលើកនេះ។
ភាគីកម្ពុជា ធ្លាប់អះអាងថា ការស្ថាបនាសំណង់ ឬ ធ្វើអ្វីៗនៅច្រកព្រំដែនតាប្រ៉ាយ៉ា-បឹងត្រកួន ក្បែរបង្គោលព្រំដែនលេខ ៣៦ ដែលពុំមែនជាបង្គោលដើម មិនបោះលើទីតាំងដើម និងខ្សែបន្ទាត់ព្រំដែនបានវាស់វែងកំណត់រួមគ្នា តែមិនទាន់ទទួលស្គាល់មិនទាន់ព្រមព្រៀងគ្នានោះ គឺប៉ះពាល់ដល់អនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃឆ្នាំ ២០០០។ MOU ហាមប្រាមការធ្វើឲ្យខូចបរិស្ថាន ស្ថានភាពព្រំដែន ហេតុនេះភាគីថៃចាំបាច់គោរព MOU នោះដែរ ក្នុងចំណោមភាគីទាំងពីរកម្ពុជា និងថៃ៕ S


