ប្រាសាទតាមាន់ធំ និង តាក្របី ក្នុងសភាពស្ងប់ស្ងាត់

Written by ភ្នំពេញដេលីញូវ
Tuesday, 14 August 2012

កាលពីប៉ុន្មានឆ្នាំ មុនការ ធ្វើដំណើរ ទៅកាន់ ប្រាសាទ តាមាន់ និងតាក្របី ដែលជា ប្រាសាទបុរាណ តាំងពី សតវត្សរ៍ទី ១១ មានការ លំបាកជាខ្លាំង ពិសេសនៅ រដូវវស្សា ផ្លូវចូលទៅកាន់ ប្រាសាទ មានទឹកលិច ដីបែកភក់ និង រអិល តែមក ទល់ពេល នេះ លែងមាន រូប ភាព បែបនោះ ទៀតហើយ ដោយសារ ផ្លូវនោះត្រូវ បានកសាង យ៉ាងល្អ គឺមានទាំងផ្លូវ ក្រាលក្រួស ក្រហម និង ចាក់បេតុង រលោង ។

ភ្ញៀវទាំងឡាយ អាចទៅទស្សនា ប្រាសាទ តាមាន់ធំ ជាមុន រួចទើបបន្ត ដំណើរទៅ ប្រាសាទតាក្របី ជាក្រោយ ឬ ទៅទស្សនា ប្រាសាទតាក្របី មុនក៏បាន ព្រោះប្រាសាទ ទាំងពីរនេះ ស្ថិតនៅលើ ជួរភ្នំដងរែក ជាមួយគ្នា ចម្ងាយពីគ្នា ត្រឹមតែ ១៣ គីឡូ ម៉ែត្រ ប៉ុណ្ណោះ ។

ប្រាសាទ តាមាន់ធំ ស្ថិតនៅក្នុង ភូមិតាមាន់ សែនជ័យ ឃុំគោកមន ស្រុក បន្ទាយអម្ពិល ខេត្តឧត្តរមាន ជ័យ ចម្ងាយ ៨៥ គីឡូម៉ែត្រ ពីខេត្ត ឧត្តរមានជ័យ ។

ផ្លូវទៅកាន់ ប្រាសាទ តាមាន់ធំ បានកសាង នៅឆ្នាំ ២០០៩ និង សម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការ កាលពី ឆ្នាំ ២០១០ ដែលក្នុងនោះ មានផ្លូវ ក្រាលក្រួស ក្រហម ២៤ គីឡូម៉ែត្រ និង ផ្លូវបេតុងឡើង ភ្នំប្រវែង ៥០០ ម៉ែត្រ ។

ពេលធ្វើ ដំណើរដល់ ជើងភ្នំ ភ្ញៀវនឹងបាន ឃើញទេសភាព ដ៏ស្រស់ត្រកាល នៃជួរ ភ្នំដងរែក ដែលក្រៅពី ដើមឈើមាន មែកត្រឈឹង ត្រឈៃ ពណ៌ខៀវ ស្រងាត់ គេ ក៏ចាប់អារម្មណ៍ ផងដែរ នឹងផ្កានៃដើម ត្របែក ព្រៃភ្នំមាន ពណ៌ស្វាយ ដ៏ច្រើន ស្អេក ស្កះ ។ ក្បែរគ្នានោះ មានភ្នំ កំព្រា និង ភ្នំបេះដូង ដែលសម្បូរ ដោយផ្កា ត្របែកព្រៃ រីកព្រោងព្រាត ស្ទើរពេញព្រៃភ្នំ ។ រថយន្តភ្ញៀវ ដែលទៅដល់ ជើងភ្នំត្រូវ ឈប់សំចត នៅទីនោះ រួចគេអាចបន្ត ដំណើរដោយ ថ្មើរជើង ឡើងភ្នំតាម ផ្លូវបេតុង ចម្ងាយ កន្លះ គីឡូម៉ែត្រ ដែលរាងខ្ពស់ និង ចោត ខ្លាំងបន្តិច ពេល ទៅជិតដល់ ប្រាសាទ តែបើមាន ការហត់នឿយ ក្នុងការដើរ គេអាចជិះ ម៉ូតូឌុបក៏បាន ដែលគិតទាំង ការជូន ឡើងភ្នំ និង ចុះភ្នំថ្លៃ ១០.០០០ រៀល ។

នៅក្បែរផ្លូវ ឡើងទៅ ភ្នំតាមាន់ ខាងឆ្វេងដៃ គេឃើញមាន រោងលោកតា ព្រះភក្ត្រ ៨ សម្រាប់ឱ្យភ្ញៀវ ដែលមានជំនឿ ចូលធ្វើការ បន់ស្រន់ ទៅតាម បំណង របស់គេ រៀងខ្លួន ។

ពេលឡើង ដល់លើភ្នំ គេនឹងបាន ឃើញប្រាសាទ តាមាន់ធំ បង្ហាញរូបរាង នៅ លើទីវាល ស្រឡះធំ ទូលាយ ទំហំប្រមាណ ជាកន្លះហិកតារ ដោយមាន ជញ្ជាំង កំពែងថ្ម ព័ទ្ធជុំវិញ ។ គេត្រូវឡើង តាមជណ្តើរ ដ៏ចោតដែល សម្រាប់ចាស់ៗ គាត់ ហាក់មាន ការ ពិបាកបន្តិច ដោយត្រូវ ប្រឹងប្រែង បញ្ចោញកម្លាំង តោងគ្នា ឬ វារឡើង ទើបបាន ។ នៅលើ ប្រាសាទនោះ អ្វីដែលធ្វើឱ្យ គេចាប់អារម្មណ៍ គឺដោយបាន ឃើញ កងទ័ពខ្មែរ និង ថៃម្ខាងៗ មានគ្នា ៥ នាក់ នៅមើលការ ខុសត្រូវទីនោះ ប៉ុន្តែ ពុំឃើញមាន កាន់អាវុធឡើយ ។ ប្រាសាទ តាមាន់ ធំមានក្បាច់ ចម្លាក់តិចតួច និង មានការ ខូចខាត ច្រើនបង្គួរ ដែលគេអាច សន្និដ្ឋានថាជា ប្រាសាទបុរាណ កសាង តាំងពី សតវត្សរ៍ទី ១១ ក្នុងរជ្ជកាល ព្រះបាទ សូរ្យវរ្ម័ន តែក៏មាន អ្នកខ្លះគិតថា កសាង តាំងពី សត វត្សរ៍ទី ៩ ឬ ១០ ម៉្លេះ ។ អ្នកដែលបាន ទៅឃើញ ផ្ទាល់ភ្នែក ពិតជាមាន ក្តី ស្រណោះចំពោះ ប្រាសាទបុរាណ ស្ថិតនៅលើភ្នំ ដងរែកនេះ ណាស់ ។

តាមការឱ្យដឹង ពីបុរសម្នាក់ ដែលស្លៀកពាក់ ឯកសណ្ឋាន កងទ័ពខ្មែរ រៀបរាប់ ប្រាប់ថា ជាងមួយឆ្នាំហើយ នៅប្រាសាទ តាមាន់ មានសភាព ស្ងប់ស្ងាត់ល្អ ជាហេតុ អំណោយផល ដល់អ្នកដែល ចង់ដឹងចង់ឃើញ មកទស្សនា ដល់ទី ប្រាសាទ ផ្ទាល់ជា ហូរហែ ។ ភ្ញៀវភាគ ច្រើនដែលបាន មកទស្សនា ប្រាសាទ គឺមានចម្រុះ ដោយខ្លះ មកជាលក្ខណៈ ក្រុមគ្រួសារ ក៏មាន ជាក្រុមចាស់ៗ ជួលរថយន្តមក ទាំងរថយន្តៗ ក៏មាន ជាក្រុមគណៈ ប្រតិភូក៏មាន … ។ ចំណែកខាង កងទ័ពទាំង សងខាង ដែលនៅ មើលការពារ ប្រាសាទបុរាណ នេះ គឺ ម៉ោង ៩ ព្រឹក ទើបនាំគ្នាឡើង ទៅកាន់ទី ប្រាសាទ និង ទាល់តែ ដល់ម៉ោង ៣ រសៀល នាំគ្នា ចុះមកវិញ ។

ឈ្មោះប្រាសាទ តាមាន់ ត្រូវបានគេ យល់ថា គឺជាពាក្យ ក្លាយប៉ុណ្ណោះ ព្រោះ ពីដើម ប្រាសាទនេះ មានឈ្មោះថា “ប្រាសាទវេទមន្ត” តែដោយការ ហៅតគ្នា យូរលង់ទៅ ពាក្យវេទមន្ត ក៏បានក្លាយជា ពាក្យតាមាន់ វិញទៅ ។

ភ្ញៀវដែលបាន ចូលទៅ ទស្សនាប្រាសាទ តាមាន់ គឺមានចូល ទាំងពីរច្រក បើចូលពីខាងថៃ ត្រូវបានខាង ទាហានថៃ ជាអ្នកជូន ដើរមើល ហើយបើខាងខ្មែរ គឺ កងទ័ពខ្មែរ ជូនដើរមើល ដោយពុំមាន បញ្ហាអ្វីឡើយ ។

នៅពេលភ្ញៀវ ទស្សនា ប្រាសាទតាមាន់ រួចរាល់ គេក៏បន្តដំណើរ ទៅកាន់ ប្រាសាទតាក្របី ទៀតដោយមិនមាន ការលំបាកដែរ ព្រោះផ្លូវធ្វើរួច រាល់ហើយ ដោយបានចាក់ បេតុងឡើង រហូតដល់ លើភ្នំក្បែរ ប្រាសាទតែម្តង ។ ចេញពី ប្រាសាទ តាមាន់ តាមរថយន្ត មិន ដល់ កន្លះម៉ោងទេ គេនឹងបានទៅ ដល់ទីដៅ ដូចបំណង ដោយត្រូវជិះ តាមផ្លូវជម្រាល ឡើងភ្នំ ។

តាមផ្លូវចូល ទៅកាន់ ប្រាសាទតាក្របី បើគេពិនិត្យមើល ដើមឈើក្បែរនោះ នឹងបានឃើញ ស្លាកស្នាម គ្រាប់កាំភ្លើង បាញ្ញ់ត្រូវដើមឈើ ដែលដើមខ្លះរ បកសម្បក, ខ្លះធ្លុះធ្លាយ ដើមបែកស្ញាញ, ខ្លះបាក់រលំដើម បន្សល់ទុក តាំងពីមាន ការប៉ះទង្គិចគ្នា កាលពី ខែមេសា ឆ្នាំ ២០១១ មក ។ ពេលទៅជិត ដល់ទីតាំង ប្រាសាទតាក្របី គេក៏មិនអាច មើលឃើញ តួប្រាសាទ ភ្លាមដែរ ព្រោះតែ ជុំវិញនោះ សម្បូរដោយ ដើមឈើធំៗ ដុះជុំជិត លុះត្រាតែចូល ទៅកៀក ប្រមាណជា ១០ ទៅ ១៥ ម៉ែត្រពី ប្រាសាទ ទើបគេ អាចមើលឃើញ រូបរាងយ៉ាង ច្បាស់គឺជា ប្រាសាទទោល ។ រីឯ ថ្មប្រាសាទ ក៏ពុំមានក្បាច់ ចម្លាក់អ្វីដែរ ជាហេតុអាច ឱ្យគេសន្និដ្ឋានថា ជាប្រាសាទ បុរាណ មានវ័យចំណាស់ កសាងតាំងពី សតវត្សរ៍ទី ១០ ឬ ១១ ម៉្លេះ ។ ភ្ញៀវដែល បានទៅដល់ ប្រាសាទតាក្របី គ្រប់គ្នាមិនភ្លេច ក្នុងការអុជធូប បន់ស្រន់ ឬ បួងសួង ទៅតាមអ្វី ដែលគេចង់ បាន និង ប៉ងប្រាថ្នានោះ ឡើយ ព្រោះតែ ប្រាសាទតាក្របី ជាប្រាសាទទោល គេដើរមើល តែមួយសន្ទុះ ក៏ចុះ និង វិលត្រឡប់ មកវិញ ហើយ ក៏ដូចគ្នានឹង ប្រាសាទតាមាន់ ដែរ ភ្ញៀវដែលទៅ ទស្សនា ប្រាសាទតាក្របី គឺមាន ទាំងខាង ខ្មែរ និង ថៃ គ្រាន់តែភ្ញៀវ ចូលមើលពី ខាងថៃត្រូវបាន ទាហានថៃជូន និង ភ្ញៀវខាងខ្មែរ ត្រូវបានកងទ័ពខ្មែរ ជូន ។ នៅប្រាសាទ តាក្របី ឃើញមានកង ទ័ពខ្មែរ ៣ នាក់ និង ថៃ ៣ នាក់នៅយាម ការពារ នៅទីនោះ ។

ប្រាសាទតាក្របី ឈ្មោះពិត តាមទស្សនៈ ខ្មែរខ្លះហៅថា ប្រាសាទព្រះតង្វាយ ។ ប្រាសាទនេះ កសាងឡើង ដើម្បីឧទ្ទិស ដល់ព្រះឥសូរ ដូចគ្នាទៅនឹង ប្រាសាទព្រះ-វិហារ ប្រាសាទតាមាន់ ដែរ ។

ប្រាសាទតាមាន់ និង តាក្របី ចាប់ផ្តើមល្បី និង ធ្វើឱ្យគេចង់ ស្គាល់ក្រោយ ពីមានការប៉ះទង្គិចគ្នា ដោយអាវុធ រវាងកងទ័ពខ្មែរ និង ថៃ ដើម្បីគ្រប់គ្រង ប្រាសាទ នេះ ។

គេសង្កេតឃើញ ភ្ញៀវទៅទស្សនាច្រើន តែក្នុងពេលមាន បុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ … ជាដើម ព្រោះជាពេល គេមានឱកាស ឈប់សម្រាក ពីការងារច្រើនថ្ងៃ បានទៅ ដើរលេង ។ ក្រៅពីនោះ ក៏មានចាស់ៗ ដែលគាត់ចង់ ឃើញចង់ ស្គាល់ នាំគ្នា ជួល រថយន្តទៅទាំង រថយន្តៗ ប៉ុន្តែត្រូវចាំថា បើបានទៅកុំ ភ្លេចត្រៀម អាហារ សម្រាប់ហូប ទៅជាមួយផង ព្រោះនៅទីនោះ គ្មានហាងលក់ ដូរម្ហូប អាហារអ្វីទេ ៕

What Next?

Recent Articles