05262013Headline:

អ្នកកំប្លែង ប្រិមប្រិយ ចង់ក្លាយជា អ្នកចម្រៀងអាជីព

Written by ភ្នំពេញដេលីញូវ
Friday, 17 August 2012

ក្រៅពីសម្បូរ វោហារកំប្លែង និង ភាពក្រមិច ក្រមើម ក្នុងការ សម្តែងនោះ នាង ប្រិមប្រិយ ដែលឈ្មោះពិត ម៉ក់ សុគន្ធស្រីនិច សព្វថ្ងៃនេះ ត្រូវបាន គេមើល ឃើញថា រូបសម្រស់ របស់នាង ក៏កាន់តែ មានភាព ទាក់ទាញភ្នែក បុរស មិនធម្មតាឡើយ ។ នាងក៏បាន ប្រាប់ថា នាងចង់ក្លាយ ជាអ្នក ចម្រៀងអាជីព ព្រោះនាងថា នាងមាន សមត្ថភាព គ្រប់គ្រាន់ ។

អ្នកកំប្លែង មេម៉ាយ ទាំងក្មេងខ្ចី ដែលមាន ឈាមជ័រជា អ្នកសិល្បៈ ល្ខោនបាសាក់ រូបនេះ កំពុងលេចធ្លោ នៅក្នុង ក្រុមកំប្លែង នាយ កុយ ជំនួសកន្លែង នាង ឃ្មឹប ចាប់តាំងពី ចុងឆ្នាំ ២០១០ មកម៉្លេះ ។

បច្ចុប្បន្ននេះ នាងកំពុងតែ ធ្វើឱ្យគេរឹតតែ ចាប់អារម្មណ៍ ខ្លាំងឡើង ថែមទៀត ដោយសារតែ នាងបានចាប់ យកអាជីព សិល្បៈចម្រុះ ជាពិសេស នាងបានចាប់ យកអាជីព ជាអ្នកចម្រៀង ដោយថែមទាំង មានក្រុមអ្នករាំ ប្រុសស្រី រាំអមរូប នាងថែម ទៀត ផង ។

នាង ប្រិមប្រិយ គឺជាអ្នក កំប្លែងស្រី ដែលលេចធ្លោ នៅក្នុង ក្រុមរបស់ នាយ កុយ បច្ចុប្បន្ន ។ ទើបតែចូល ប្រឡូក អាជីពកំប្លែង ក្រមិចក្រមើម នេះ រយៈពេលតែ ជាងមួយឆ្នាំប៉ុណ្ណោះ កេរ្តិ៍ឈ្មោះ របស់នាង ចាប់ផ្តើមសុស សាយទៅហើយ ហើយឥឡូវនេះ នាងបានបន្ថែម ជំនាញសិល្បៈ ចម្រៀង និង រាំបន្ថែមទៀត ដែលកំពុងតែ មានការ ចាប់អារម្មណ៍ ។

ជាលើកដំបូង គេបាន ឃើញនាង ប្រិមប្រិយ ច្រៀង និង បញ្ចោញ ក្បាច់រាំ នៅក្នុងកម្មវិធី “តារាមាស” របស់ស្ថានីយ ទូរទស្សន៍ អប្សរាកាល ពីដើមខែកក្កដា ឆ្នាំ២០១២ កន្លងមកនេះ ដោយនាងបាន ធ្វើខ្លួនជាអ្នក ចម្រៀងយុវវ័យ ពិតៗ ហើយថែមទាំង មានអ្នករាំ ប្រុសស្រី ដែលជាក្រុម រាំអម របស់នាង ថែមទៀតផង ។

ចាប់តាំងពី ពេលនោះមក ជាបន្តបន្ទាប់ នាងបាន បង្ហាញមុខ ក្នុងនាមជា អ្នកចម្រៀង បែបនេះនៅ តាមស្ថានីយ ទូរទស្សន៍ មួយចំនួនទៀត ដែលជា ហេតុធ្វើឱ្យមាន ការចាប់អារម្មណ៍ ជាច្រើនពី ទស្សនិកជន ព្រោះនាងក៏ ជាអ្នកចម្រៀង ដែលច្រៀង បានពីរោះ ហើយនាង រាំក៏ឡូយដែរ ។

អ្នកកំប្លែង វ័យក្មេង និង ជាអ្នកមេម៉ាយ កូនមួយ ដ៏ក្មេងខ្ចី ដែលចាប់ផ្តើម សិល្បៈ ពីអ្នកល្ខោន បាសាក់ រូបនេះ បានប្រាប់ ឱ្យដឹងថា “នេះគឺជាការ បន្ថែមមុខ ជំនាញសិល្បៈឱ្យប្លែក បន្ថែមទៀត ហើយការ រាំច្រៀង គឺខ្ញុំចេះតាំងពី យូរមកហើយ ជាពិសេស តាំងពីខ្ញុំលេង ល្ខោនឯណោះ គ្រាន់តែមិនដែល ចេញមុខច្រៀងរាំ នៅតាម ទូរទស្សន៍” ។ នាងបន្តថា “ក្រុមដែលរាំ ជាមួយខ្ញុំ គឺធ្លាប់ រាំជាមួយគ្នា យូរណាស់ មកហើយ ហើយអាច ទៅច្រៀង និង រាំតាម ពិធីនានា ដោយក្រុមរាំនោះ ក៏មាន បងប្រុសរបស់ ខ្ញុំ ម្នាក់ដែរ” ។

ទាក់ទងនឹងសិល្បៈ នាង ប្រិមប្រិយ បានឱ្យ ដឹងទៀតថា នាងស្រឡាញ់ សិល្បៈតាំងពី ដឹងក្តីមកម៉្លេះ គឺចូលចិត្ត ច្រៀងរាំ នៅតាម មុខកញ្ចក់ ទូរទស្សន៍ ហើយនិស្ស័យ ស្រឡាញ់សិល្បៈ ដូចគ្នានេះ ក៏ត្រូវបាន ជ្រាបចូលទៅ ក្នុងអារម្មណ៍ របស់កូនស្រីនាង ដែលទើបតែ មាន អាយុ ៣ ឆ្នាំដែរ ។ នាងជា អ្នកសិល្បៈ ដែលចេះច្រើនមុខ ដោយក្នុង នោះ មានដូចជា ល្ខោនបាសាក់ របាំ ចម្រៀង ប្រជាប្រិយ និង ប្រពៃណី ជាដើម ដោយរៀន តាមរយៈគ្រូ នៅក្លឹបរបស់ ឪពុកនាង ផ្ទាល់តែម្តង ។

នាង ប្រិមប្រិយ បានចូលទៅក្នុង ក្រុមកំប្លែង នាយ កុយ នៅពេលដែល នាង ឃ្មឹប ចាកចេញពី ក្រុមនេះ ។ ថ្ងៃអនាគត នាងថែមទាំងមាន បំណងចង់ក្លាយ ខ្លួនទៅជា អ្នកចម្រៀង និង សម្តែងអាជីព បន្ថែមទៀត ។

តាមរយៈមហិច្ឆតា មិនឈប់ឈរ ក្នុងវិស័យសិល្បៈ នោះ អ្នកកំប្លែង ប្រិមប្រិយ បានធ្វើការ អភិវឌ្ឍខ្លួន ពីអ្នកសិល្បៈ បែបបុរាណ មកជាអ្នក សិល្បៈសម័យ វិញ ហើយអ្វី ដែលធ្វើឱ្យ អ្នកកំប្លែង រូបនេះកាន់តែ មានឈ្មោះ បោះសំឡេង បន្ថែមទៀតនោះ គឺ នាងទទួល ច្រៀង រាំ និង ធ្វើជាពិធីករ នៅក្នុង ពិធីផ្សេងៗ ជាពិសេសនាង ក៏ជាអ្នក ច្រៀងកាត់សក់ នៅក្នុងពិធី មង្គលការ ជាមួយអ្នកកំប្លែង នាយ ហុងដា ថែមទៀតផង ព្រោះជំនាញ ខាងកាត់សក់នេះ គឺនាយ ហុងដា ជាអ្នកបង្រៀន ។

ការធ្វើឱ្យមាន កេរ្តិ៍ឈ្មោះ នាពេលនេះ ត្រូវបាននាង ប្រិមប្រិយ បញ្ជាក់ឱ្យ ដឹងថា “ខ្ញុំមានកិត្តិយស និង ឱកាស ក្នុងសិល្បៈ ថ្ងៃនេះ នៅក្នុងក្រុម អ្នកកំប្លែង គឺដោយសារតែ លោកពូ កុយ និង ភរិយារបស់គាត់ ជាអ្នកជួយ ជ្រោមជ្រែង ដែលគុណនេះ ខ្ញុំមិន អាច បំភ្លេចបានទេ គឺពួកគាត់ ជួយខ្ញុំដូចជា ឪពុកម្តាយ របស់ខ្ញុំអ៊ីចឹង” ។

គួររំឭកថា នាង ប្រិមប្រិយ មានឈាមជ័រ ជាអ្នកសិល្បៈ ទាំងឪពុកម្តាយ ដែលជាតួ ល្ខោនតែម្តង ។ ឪពុក របស់នាង ជាគ្រូសៀក រហស្សកម្ម និង ជាតួល្ខោន ក្នុងក្រុម “អប្សរាអមតៈ” ហើយម្តាយ របស់នាង ក៏ជាតួឯក ល្ខោនបាសាក់ ផងដែរ ។

បច្ចុប្បន្ននេះ នាង ប្រិមប្រិយ មានអាយុ ២២ ឆ្នាំ ហើយនាងជា ស្ត្រីមេម៉ាយ កូនមួយ ដ៏ក្មេងខ្ចី និង ស្រស់ស្អាត ហើយទាក់ទង នឹងរឿងរ៉ាវ ស្នេហានោះ នាងមិនចង់ និយាយអំពី អតីតកាល ស្នេហា បែកបាក់ នោះទេ ។

កាលពី ពិធីមង្គលការ របស់លោក ស៊ុក សុភា កន្លងមក នាង ប្រិមប្រិយ បានបណ្តើរ បុរសសង្ហាម្នាក់ ទៅចូល រួមពិធីនោះ ព្រមទាំងកៀក កើយគ្នា ដូចជាគូស្នេហ៍ យ៉ាងដូច្នេះដែរ ប៉ុន្តែសកម្មភាព កាលណោះ ត្រូវបាន ប្រិមប្រិយ បដិសេធ បែបអេះអុញ ថា បុរសនោះ គ្រាន់ តែជាមិត្តភក្តិ របស់នាង តែប៉ុណ្ណោះ ៕

What Next?

Recent Articles