ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ បើកសម្ពោធ នៅ​កោះ​ពេជ្រ​

ភ្នំពេញ: ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត ឬ​គ្រឿង​ម៉ាស៊ីន​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១២ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​អន្តរជាតិ​កម្ពុជា ឆ្នាំ​២០១២ បាន​បើកសម្ពោធ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១២ នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិព័រណ៍​នោះ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១២​។​

ថ្ងៃទី 17 សីហា 2012
ដោយ: សុខ ភក្តី
CEN

ម៉ាស៊ីន សម្រាប់កែច្នៃស្រូវអង្ករ ត្រូវបានដាក់តាំង ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០១២ នៅកោះពេជ្រ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ (រូបថត៖ សុខ ភក្តី)

ម៉ាស៊ីន សម្រាប់កែច្នៃស្រូវអង្ករ ត្រូវបានដាក់តាំង ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០១២ នៅកោះពេជ្រ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២
(រូបថត៖ សុខ ភក្តី)

​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១២ រៀបចំឡើង​ដោយ​ក្រុមហ៊ុន​របស់​ចិន​ហុងកុង សហការ​ជាមួយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា សមាគម​កាត់ដេរ​នៅ​កម្ពុជា ក្រុមហ៊ុន និង​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ​វៀតណាម​។​

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍ នៅ​ព្រឹក​មិញ​ថា ពិព័រណ៍​ពាណិជ្ជកម្ម ឧស្សាហកម្ម ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ​ជា​លើក​ទី​២​នេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សារៈសំខាន់​មួយ សម្រាប់​បណ្តា​អ្នក​ផលិត អ្នកទិញ ពាណិជ្ជករ អ្នក​ចែកចាយ ព្រមទាំង​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​។ ពិព័រណ៍​ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ​នេះ គឺជា​វេទិកា ដែល​ប្រកប​ដោយ​ឧត្តមគតិ និង​មាន​ប្រយោជន៍​សម្រាប់​ធុរជន និង​ពាណិជ្ជករ​កម្ពុជា​។​

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ បើកសម្ពោធ នៅ​កោះ​ពេជ្រ​
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០១២ នៅកោះពេជ្រ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ( រូបថត៖ សុខ ភក្តី )

​លោក ម៉ៅ ថូ​រ៉ា បានបញ្ជាក់​ថា “​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​គ្រឿង​ម៉ាស៊ីន នៅពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត​របស់​ខ្លួន ជាមួយនឹង​បច្ចេកវិជ្ជា​ទាន់សម័យ​ដ៏​ជឿនលឿន​​។​ គ្រឿងម៉ាស៊ីនទាំងអស់ ចាត់ទុកថា ជាមធ្យោបាយផលិតកម្ម។ អីចឹងកាលណា យើង​រៀប​ចំពិព័រណ៍តាំងមធ្យោបាយផលិតកម្ម បានសេចក្តីថា យើងមាន​ផលិតកម្ម​ច្រើន​គ្រប់គ្រាន់ ដែលអាចអភិវឌ្ឍន៍ប្រទេសបាន។ បើសិនជាអត់មានពិព័រណ៍ មធ្យោបាយ​ផលិត​កម្មទេ យើងឃើញថា សេដ្ឋកិច្ចរបស់យើង មានការលូតលាស់នៅទន់ខ្សោយ​ដែរ”។

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ បើកសម្ពោធ នៅ​កោះ​ពេជ្រ​
ពិធីសម្ពោធពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០១២ នៅកោះពេជ្រ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ( រូបថត៖ សុខ ភក្តី )

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ជំរុញ​ពាណិជ្ជកម្ម របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ មាន​ក្រុមហ៊ុន​ជាង ២០០ បាន​ចូលរួម និង​មាន​ស្តង់​សរុប​ទាំងអស់ ៣០០ ស្តង់ ដែល​នឹង​ដាក់​តាំងនូវ​គ្រឿង​ម៉ាស៊ីន​ទំនើបៗ ទាន់សម័យ​ជាច្រើន​ប្រភេទ គ្រឿង​បរិក្ខា ឧបសា​ធន និង​គ្រឿងបន្លាស់ ដែល​ពាក់ព័ន្ធ​។ គ្រឿងឧ​បរក​ណ៍​បរិក្ខា ដែល​ដាក់​តាំង​នោះ រួមមាន​៖ សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង និង​ស្បែក ក្រណាត់ និងឧ​បសា​ធន ប្លា​ស្ទីក និង​កៅស៊ូ ការបោះពុម្ព និង​ការ​វេច​ខ្ចប់ ការកែច្នៃ​ម្ហូបអាហារ គ្រឿង​បរិក្ខា​ពេទ្យ គ្រឿង​លោហៈ និង​ស្វ័យប្រវត្តិ ឧបករណី និង​គ្រឿង​ដែក សេវាកម្ម និង​គ្រឿង​ឧបករណ៍​កសិកម្ម​។​

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ បើកសម្ពោធ នៅ​កោះ​ពេជ្រ​
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងសន្ទរកថា ក្នុងពិធីសម្ពោធពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឆ្នាំ២០១២ នៅកោះពេជ្រ នាថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ( រូបថត៖ សុខ ភក្តី )

​អ្នក​តាំងពិព័រណ៍ មកពី​ប្រទេស​ចំនួន ២០ រួមមាន​៖ កម្ពុជា ឆេក អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី សឹង្ហ​បុរី អេ​ស្ប៉ាញ ស្រីលង្កា ស្វីស ចិន កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង ថៃ អង់គ្លេស សហរដ្ឋអាមេរិក និង​វៀតណាម​។​

​លោក​រដ្ឋលេខាធិការ ម៉ៅ ថូ​រ៉ា បាន​បន្ថែមថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ពិព័រណ៍​លើក​នេះ មាន​ទំហំ​ធំ​ជាង ៣៥ ភាគរយ និង​មាន​គ្រឿង​ម៉ាស៊ីន​ច្រើន​ប្រភេទ មកពី​បណ្តា​ឧស្សាហកម្ម និង​ប្រទេស​នានា ដូចជា មក​ពី​កាណាដា សឹង្ហ​បុរី និង​ចិន​។ គ្រឿង​បរិក្ខា​សុខភាព​មក​ពី​សាធារណ​រដ្ឋ ឆេក និង​មក​ពី​កោះ​តៃវ៉ាន់ ជាដើម​។

​ក្រៅពីនោះ ក៏​មាន​គ្រឿង​ម៉ាស៊ីន​កសិកម្ម ហើយ​អ្នក​តាំងពិព័រណ៍​កម្ពុជា កោះ​តៃវ៉ាន់ និង​ជប៉ុន ក៏​បាន​ដាក់​តាំង​បង្ហាញ​នូវ​ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីន​ធ្វើតេស្ត​សំណើម ម៉ាស៊ីន​សម្ងួ​ត និង​ប្រព័ន្ធ​ស្តុក​ទុក ម៉ាស៊ីន​បាញ់ឲ្យ​ចេញ​ជា​ផ្សែង ម៉ាស៊ីន​ធ្វើ​ជី និង​ម៉ាស៊ីន​ធ្វើ​ដី​។​ល​។​

​លោក​រដ្ឋលេខាធិការ ម៉ៅ ថូ​រ៉ា ក៏បាន​លើកឡើង​ថា “​ក្នុងនាម​ជា​សមាជិក​មួយ​រូប​របស់​អាស៊ាន កម្ពុជា គឺជា​ប្រទេស​មួយ ក្នុង​ចំណោម​បណ្តា​ប្រទេស ដែល​មាន​ការរីក​លូតលាស់​តទៅទៀត ហើយ​ត្រូវ​គេ​រំពឹងថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច ៦,៦ ភាគរយ នៅ​ឆ្នាំ​២០១២​។ លើសពីនេះ​ទៀត តម្លៃ​ពាណិជ្ជកម្ម​បរទេស​របស់​កម្ពុជា ក្នុង​រយៈពេល ៦ ខែ ដំបូង ក្នុង​ឆ្នាំ​២០១២ បាន​កើនឡើង ១៦ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ ការរីកចម្រើន​នេះ គឺ​មិន​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​វិញ​នូវ​តម្រូវការ​បរទេស​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​បង្ហាញឲ្យឃើញ​ពី​សក្តានុព​ល ដ៏​ធំ​សម្បើម និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា​”​។​

​ក៏​ប៉ុន្តែ​ចំពោះ​មុខ​កំណើន​សេដ្ឋកិច្ច​ដ៏​វិជ្ជមាន​នេះ លោក ម៉ៅ ថូ​រ៉ា ក៏​បាន​កត់សម្គាល់​ថា “​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន និង​ត្រូវ​ធ្វើ​ការជំរុញ​ការនាំចេញ ដើម្បី​សម្រេច​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់​មួយ ដែល​ប្រកបដោយ​ចីរភាព និង​ផលិតផល នៃ​តម្លៃ​បន្ថែម​ដែល​ខ្ពស់​ជាង​មុន​”៕​

What Next?

Recent Articles