អតីតអ្នកភូមិបុរីកីឡា ដែលនៅសេសសល់ក្រាញននៀលមិនចាកចេញជាង១០០គ្រួសារពីទីតាំងចាស់ បានបន្តស្វែងរកកិច្ចអន្តរាគមន៍ក្នុងជម្លោះដីធ្លីជាច្រើនលើកច្រើនសារពីស្ថាប័នពាក់ព័ន្ធ ដោយរួមទាំងស្ថានទូតមួយចំនួនប្រចាំកម្ពុជាផង គិតរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយ។
ដោយ ម៉ម មុនីរតន៍
2012-08-18
វិទ្យុអាស៊ីសេរី

អ្នកស្រី ទឹម សាក់មុន្នី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីការចោទប្រកាន់មកលើពលរដ្ឋរបស់អ្នកស្រី ស៊ុយ សុផាន ថាមិនអាចទទួលបានទេ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២។
RFA/Morm Moniroth
ក្រុមអ្នកភូមិបានបើកការតវ៉ាជាថ្មីម្ដងទៀត ដោយជំរុញឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) របស់អ្នកស្រី ស៊ុយ សុផាន ពន្លឿនការដោះស្រាយនៅអាគារ២បន្ថែមទៀត ដែលពួកគេអះអាងថា ខាងក្រុមហ៊ុននៅជំពាក់មិនអនុវត្តតាមកិច្ចសន្យារបស់ខ្លួននៅឡើយ។ នៅក្នុងព្រឹត្តិការណ៍នោះ អ្នកភូមិបង្ហាញប្រតិកម្មប្រឆាំងទៅនឹងការចោទប្រកាន់របស់អ្នកស្រី ស៊ុយ សុផាន ចំពោះអ្នកភូមិថា គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលបាននោះទេ។
ពលរដ្ឋបុរីកីឡាដែលបន្តក្រាញននៀលមិនចាកចេញ បានហៅការថ្លែងរបស់ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច គឺអ្នកស្រី ស៊ុយ សុផាន ថាគឺជារឿងមួលបង្កាច់ និងខុសពីការពិត។
អ្នកស្រី ទឹម សាក់មុនី្ន ដែលបានចូលរួមតវ៉ានៅថ្ងៃទី១៧ ខែសីហា ថ្លែងថា ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ពុំបានសង់អាគារឲ្យគ្រប់ចំនួន១០ល្វែង ដូចដែលមាននៅក្នុងកិច្ចសន្យានោះទេ។ អ្នកស្រីបន្តថា តែផ្ទុយទៅវិញ ម្ចាស់វិនិយោគរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច រកឃើញថា ពលរដ្ឋមានកំហុស ហើយចាត់ទុកពួកគេដែលនៅសេសសល់ទាំងនេះថា ព្យាយាមបំប៉ោងទិន្នន័យ ដើម្បីទទួលបានផ្ទះល្វែងបន្ថែមទៀត។
អ្នកស្រីចាត់ទុកការចោទប្រកាន់របស់អ្នកស្រី ស៊ុយ សុផាន នេះថា គឺជារឿងដែលមិនអាចទទួលយកបាន និងខុសពីការពិត៖ «កាលពីថ្ងៃទី១០ ក្នុងខែសីហា នេះឯង គាត់និយាយថាគាត់មិនមានលុយឯណាទៅសង់ឲ្យអ្នកបុរីកីឡាទេ ទោះជាមានលុយសងឲ្យដល់១០០អាគារ ក៏មិនគ្រប់ផង ពួកអ្នកបុរីកីឡានេះ សង់ឲ្យមិនគ្រប់ទេ។ ក៏ប៉ុន្តែពួកយើងខ្ញុំសូមជម្រាបទៅគាត់វិញថា មិនបាច់លោកស្រី ស៊ុយ សុផាន និយាយថាសង់១០០អាគារ ១.០០០អាគារទេ សូមឲ្យគាត់គោរពកិច្ចសន្យាសង់តែ១០អាគារឲ្យពួកយើងខ្ញុំឲ្យគ្រប់១០អាគារមក ហើយឲ្យគាត់អ៊ីចឹង ចេញទៅមិនបាច់នៅទីហ្នឹង ពួកខ្ញុំអត់ចង់បានកេរ្តិ៍ពីក្រុមហ៊ុន ផាន អ៊ីម៉ិច ហ្នឹងទេ»។
ព្រឹត្តិការណ៍នៃការតវ៉ានៅក្នុងបរិវេណបុរីកីឡា រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ក្រុមអ្នកតវ៉ាបានអុជធូបបន់ស្រន់ ដោយមានផ្កាឈូកនៅក្នុងដៃ និងដាក់បណ្ដាសា ខណៈក្រុមក្មេងៗដែលមានអាយុជាង១០ឆ្នាំឡើង ស្រែកទួញយំ និងននៀលលើដីដោយអំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ក្នុងការស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លីនេះឲ្យបានឆាប់៖ «លោកតាសាក់ប្រាំ យាយទេពរក្សាទឹកដីទួលបុរី ដែលហៅថា បុរីកីឡានេះក៏សូមជួយដឹង ជួយឭយើងខ្ញុំ។ សន្និសីទកាសែតថ្ងៃនេះ ដើម្បីឆ្លើយតបទៅអ្នកស្រី ស៊ុយ សុផាន គាត់បានឆ្លើយបំភ្លឺថា ពួកខ្ញុំនេះបានផ្ទះហើយលក់វិញក្រពេក។ គាត់និយាយមួយមាត់នេះ មើលងាយធ្ងន់ណាស់។ ពួកខ្ញុំក្រពិតមែន អត់បានទៅសុំបាយអ្នកស្រី ស៊ុយ សុផាន ស៊ីទេបាទ មិនទៅប្លន់ទ្រព្យសម្បត្តិអ្នកស្រី ស៊ុយ សុផាន ទេ»។
ពលរដ្ឋនៅក្នុងបុរីកីឡា នៅតែបន្តទាមទារសូមឲ្យប្រមុខរដ្ឋាភិបាល និងម្ចាស់វិនិយោគក្រុមហ៊ុន ផាន អ៊ីម៉ិច ពន្លឿនដោះស្រាយដោយសង់អាគារ២បន្ថែមទៀត។
វិទ្យុអាស៊ីសេរី ពុំអាចស្នើការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅថ្ងៃទី១៧ ខែសីហា ដោយអ្នកទទួលទូរស័ព្ទជំនួសអះអាងថា អ្នកស្រី ស៊ុយ សុផាន មានភារកិច្ចទៅក្រៅប្រទេស។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោកមានប្រសាសន៍ថា ដើម្បីបញ្ចប់បញ្ហានេះ គូរជម្លោះនិងភាគីដែលពាក់ព័ន្ធ គួរបើកកិច្ចចរចា ជាជាងការប្រើប្រាស់ហិង្សាក្នុងការបញ្ចប់ជម្លោះ៖ «គាត់ពិតជាមានឆន្ទៈល្អ ស្រលាញ់ពលរដ្ឋ ស្រលាញ់ប្រទេសជាតិ។ ខ្ញុំជឿថា អត់មានអីត្រូវពិបាកទេ ថាតើរាល់ថ្ងៃហ្នឹង ភាគីទាំងពីរកំពុងតែឈ្លោះគ្នារឿងអី កំណត់បញ្ហាហ្នឹងឲ្យបានច្បាស់មក កុំឲ្យបែរខ្នងដាក់គ្នា ហើយគិតតែពីជះទឹកដាក់គ្នាទៅវិញទៅមក»។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលវិវាទដីធ្លីក្នុងរាជធានីភ្នំពេញ កត់សម្គាល់ថា ឆមាសទី១ឆ្នាំ២០១២ ការបណ្ដេញចេញ និងហិង្សាផ្នែកដីធ្លី មានការថយចុះបើប្រៀបទៅនឹងឆមាសទី១ ឆ្នាំ២០១១។ តួលេខនេះមានរហូតដល់២.០៨៤គ្រួសារ។ ក៏ប៉ុន្តែ ក្រុមអង្គការនេះរកឃើញថា បើទោះជាតួលេខបានប្រសើរបន្តិចក៏ពិតមែននៅរាជធានីភ្នំពេញ ប៉ុន្តែការបណ្ដេញចេញពីលំនៅឋាន និងហិង្សាលើផ្នែកនេះ នៅតែបន្តកើតមាននៅឡើយ ក្នុងបណ្ដាខេត្ត-ក្រុងមួយចំនួននៃប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សន្ធឹកផ្គរអភិវឌ្ឍន៍
១- ឮតែសន្ធឹកផ្គរអភិវឌ្ឍន៍–នៅក្នុងសមុទ្រ ខ្មែរមានប្រេងឆៅ
រាស្រ្តអើយ! ប្រុងប្រៀប រៀបចំហោប៉ៅ–ដល់លក់ប្រេងឆៅ យើងក៏បានប្រាក់ ។
២- ផ្គរលាន់ដូចផ្ទុះទិសទាំងប្រាំបី–អភិវឌ្ឍលក់ព្រៃ យើងអត់មួយកាក់
សល់ដីវាលល្វឹង រាំស្ងួតមិនអាក់–ពេលជន់គ្រោះថ្នាក់ វិនាសអស់ស្រូវ ។
៣- អភិវឌ្ឍអង្គរ ហូរចូលដុល្លា–សុក គង់ស្រវាញាត់ចូលហោប៉ៅ
គិតគូរទូទាត់ ញាត់ហ៊ុន សែនទៅ–កូនកាក់សល់នៅ គេដាក់ឃ្លាំងជាតិ ។
៤- អភិវឌ្ឍផ្នែកទឹកសន្ធឹកមច្ឆា–ទូកកកត្រៀបត្រា សូទ្ធតែយួនវៀត
មិនមានពលរដ្ឋខ្មែរហ៊ានចូលបៀត–ដ្បិតអីយួនវៀត វាមានអាជ្ញា ។
៥- ដីណាត្រូវប៉ាន់ គេអភិវឌ្ឍ–ដេញវាយដេញទាត់ ពលរដ្ឋខេមរា
ប្លន់ទាំងភ្នែកស្រស់ លក់យកដុល្លា–ហ៊ុន សែនប្រាប់ថាគេអភិវឌ្ឍ!
៦- ផ្គរអភិវឌ្ឍតែអត់មានភ្លៀង–បើមានពិតទៀង ចូលពាងមេក្បត់
ប្រជារាស្រ្តយើងរង់ចាំតែអត់–រយអភិវឌ្ឍន៍ ក៏រដ្ឋនៅក្រ!
ស៊ុយ សុផាន គឺជាស្រីចង្រៃ គឺជាស្រីបីសាច បើរដ្ឋាភិបាលវិញអត់ហ៊ានហាមាត់ជួយប្រជាជននោះ
ទេ ពីព្រោះស្រីចង្រៃនោះគឺជាម៉ែចុងរបស់ ហ៊ុន សែន បើសិនជាមានខ្យល់ព្យុះឬក៏មានអ្វីមួយ
ទៅបោកបក់អោយឆេះក្បាលពួកអស់នឹង មិនដឹងជាំល្អយ៉ាងណានោះទេ ស្រីចង្រៃនេះនឹងស្លាប់
ក្រោមតំណក់ទឺកភ្នែកប្រជាជន ឬក៏ស្លាប់ដោយគ្មានខ្លួននៅទាំងមូលផងក៏មិនដឹង
The government should have not allowed that happened to our people. It should protects people instead of opened widely of an opportunity to the rich to attack people for their own greed.