ពលរដ្ឋ​នៅ​សៀមរាប​រិះគន់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី​៧

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ទី​រួម​​ខេត្ត​សៀមរាប រិះ​គន់​ក្រុម​គ្រូពេទ្យ​​​​ខ្លះ​នៃ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ជ័យ​វរ្ម័ន​ទី​៧ នៅ​​ក្នុង​ខេត្ត​នេះ ថា​បាន​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ទៅ​តាម​គុណធម៌ និង​ក្រម​សីលធម៌​​របស់​គ្រូពេទ្យ។

ដោយ ហង្ស សាវយុត
2012-08-19
​វិទ្យុ​អាស៊ីសេរី

មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នៅ​សៀមរាប

មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នៅ​សៀមរាប
Photo courtesy of angkor-guides.com

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ជា​សាខា​នៃ​មន្ទីរពេទ្យ​ដែល​មាន​អ្នក​គ្រប់​គ្រង​តែ​មួយ​ជាមួយ​នឹង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ទីក្រុង​ភ្នំពេញ។ មន្ទីរពេទ្យ​ទាំង​ពីរ​នេះ​បាន​បើក​​​ពិនិត្យ និង​ព្យាបាល​​​ជំងឺ​​កុមារ រួម​ទាំង​ស្រ្តី​សំរាល​​កូន​ជា​ច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃៗ​ ក្នុង​លក្ខណៈ​មនុស្ស​ធម៌។ ក៏​ប៉ុន្តែ​​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​​ប្រជាពលរដ្ឋ​​​​​មួយ​ចំនួន​បាន​រិះគន់​ថា គ្រូពេទ្យ​ខ្លះ​ដែល​បំរើ​ការ​​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ មាន​ពាក្យ​សំដី​មិន​សមរម្យ​ឱ្យ​​សក្ដិសម​ទៅ​នឹង​កិត្តិយស​របស់​មន្ទីរ​​ពេទ្យ​នៅ​ឡើយ​ទេ។

ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ភូមិ​តាវៀន នៃ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​អាក់អន់ចិត្ត​ជាមួយ​គ្រូពេទ្យ​ខ្លះ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ហើយ​គាត់​ក៏​ឈប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ដែរ​ បើ​ទោះ​បី​ជា​ពេល​​ខ្លះ​កូន​​របស់​គាត់​មាន​ជំងឺ​​​​ត្រូវ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​ថ្មី​ទៀត​ក៏ដោយ។

ស្រី​ដដែល​រៀបរាប់​បន្ថែម៖ «កូន​ខ្ញុំ​វា​ឈឺ​ពី​ស្រុក​មក​ វា​ក្តៅ​ត្រ​ជាក់ៗ​ទៅ វា​ចេះ​តែ​គេង​​រហូត​អត់​ងើប។អ៊ីចឹង​​ខ្ញុំ​ទៅ​ពេទ្យ​បន្ទប់​លេខ​៣​ហ្នឹង​ទៅ​ គេ​ឱ្យ​ទៅ​ពេទ្យ​ប្រុស​នៅ​ខាង​ក្រៅ។ ដល់​ទៅ​ដល់​ខ្ញុំ​អត់​ហ៊ាន​ហៅ​ទេ ឃើញ​លោក​គ្រូពេទ្យ​គាត់​​ចុច​ទូរស័ព្ទ​លេង តែ​មិន​ដឹង​គាត់​ចុច​ពី​អី​ទេ ក៏​ឈរ…។ ពេទ្យ​ហ្នឹង​គេ​ថា ម៉េច​មក​ពី​ស្រុក​ឈរ​ឬ ម៉េច​ក៏​មិន​អង្គុយ? ខ្ញុំ​ក៏​អង្គុយ​​ទៅ​ ខ្ញុំ​សួរ​គាត់​ថា លោកគ្រូ​កូនខ្ញុំ​​ចេះ​តែ​ក្ដៅ​ខ្លួន​​ដេក​រហូត។ គាត់ (ពេទ្យ) និយាយ​សំដី​ខ្លាំងៗ គាត់​ថា ក្មេង​អ៊ីចឹង​ឯង តែ​វា​​អស់​កម្លាំង​វា​ដេក​អ៊ីចឹង​ហើយ។ ខ្ញុំ​ថា វា​មិន​ដេក​តែ​១​ថ្ងៃ​ទេ​លោកគ្រូ វា​ដេក ៣-​៤​ថ្ងៃ​ជាប់​គ្នា​ហើយ ដល់​ពេល​ហើយ​គាត់​សម្លុត​ថា ឥឡូវ​ធ្វើ​សំបុត្រ​ពេទ្យ​ដេក​ឬ? បើ​ដេក​គាត់​ធ្វើ​សំបុត្រ​ឱ្យ​ដេក?»

បុរស​ម្នាក់​ទៀត​ជា​មន្ត្រី​នគរបាល​នៅ​ក្នុង​ខេត្ត​សៀមរាប។ គាត់​បាន​រិះគន់​ទៅ​លើ​ក្រុម​អ្នក​យាម​សន្តិសុខ​នៅ​ក្រៅ​របង​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ជ័យវរ្ម័ន​ទី​៧ នោះ​ថា គឺ​មាន​ការ​រឹត​បន្តឹង​ហួស​ហេតុ​ ក្នុង​ការ​បើក​ឱ្យ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា កាល​ពី​សប្ដាហ៍​មុន​ប្រពន្ធ​របស់​គាត់​បាន​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​បាន​នាំ​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជ័យវរ្ម័ន​ទី​៧ ក៏​ប៉ុន្តែ​ក្រុម​អ្នក​យាម​មន្ទីរពេទ្យ​មិន​អនុញ្ញាត​ឱ្យ​គាត់​បាន​គ្រា​ប្រពន្ធ​ជូន​ចូល​​ទៅ​ដល់​ក្នុង​​មន្ទីរពេទ្យ​ឡើយ សូម្បីតែ​គាត់​សុំ​ចូល​ដើម្បី​យក​អីវ៉ាន់​ខ្លះ​ទៅ​ឱ្យ​ប្រពន្ធ​សំរាល​កូន​ក៏​ចូល​មិន​បាន។

បុរស​ដដែ​ល​បាន​បញ្ជាក់​ថា គាត់​មាន​ការ​អាក់​អន់​ចិត្ត​ជាមួយ​នឹង​ក្រុម​អ្នក​យាម​មន្ទីរពេទ្យ​នោះ ហើយ​គិត​ថា ប្រសិន​បើ​ប្រពន្ធ​​មាន​កូន​​នៅ​ពេល​ក្រោយ​ទៀត គឺ​គាត់​នឹង​មិន​នាំ​ប្រពន្ធ​​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​នោះ​​ទៀត​ទេ។

កាល​ពី​ដើម​ខែ​សីហា វិទ្យុ​អាស៊ី​សេរី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​តាម​​រយៈ​អ្នក​យាម​ទៅ​កាន់​ប្រធាន​​​រដ្ឋបាល​នៃ​​មន្ទីរពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ដើម្បី​សុំ​​ណាត់​ជួប​ធ្វើ​ការ​សម្ភាសន៍​​អំពី​ការងារ​មនុស្ស​ធម៌ និង​មាន​ការរិះ​គន់​ខ្លះៗ​នោះ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​ថា យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​សុំ​មិន​អធិប្បាយ​ជុំវិញ​​ការ​រិះគន់​ទេ ក៏​ប៉ុន្តែ​លោក​សុំ​លើក​ពី​​គុណសម្បតិ្ត​ដ៏​​ធំធេង​ របស់​​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ដែល​បាន​ធ្វើ​កិច្ចការ​​មនុស្ស​ធម៌​ជួយ​ព្យាបាល​កុមារ​ខ្មែរ​​​រាប់​ពាន់​នាក់​ក្នុង​១​ខែៗ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «​យើង​ឃើញ​ថា មន្ទីរពេទ្យ​គេ​ជួយ​ច្រើន​ណាស់។ គាត់​ទទួល​១​ថ្ងៃៗ​រាប់​សិប​រយ​នាក់​ឯ​ណោះ។ ជួយ​មនុស្ស​ធម៌ គាត់​មិន​ទើប​តែ​ធ្វើ​ការ​ឥឡូវ​ឯ​ណា គាត់​ធ្វើ​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​អា​រឿង​រិះគន់​នោះ វា​ចេះ​តែ​រិះគន់​ហើយ សូម្បី​តែ​ពេទ្យ​ខេត្ត​យើង​ទៅ​ខាង​ណា​ក៏​គេ​ចេះ​តែ​រិះគន់​ដែរ។ កុំ​យក​អា​រឿង​កំប៉ិកកំប៉ុក ជួនកាល​បុគ្គល​ខ្លួន​ឯង​ធ្វើ​ខុស»

បច្ចុប្បន្ន​គេ​ដឹង​ថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ខេត្ត​សៀមរាប បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​​​កុមារ​ខ្មែរ​ដោយ​​ឥត​គិត​ថ្លៃ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​១​ខែៗ។ កុមារ​ទាំង​នោះ ក្រៅ​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​មាន​មក​ពី​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ បន្ទាយមានជ័យ និង​បាត់ដំបង ផង​ដែរ។

បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​រិះគន់​ក្រុម​គ្រូពេទ្យ​ខ្លះ​នៃ​មន្ទីរពេទ្យ​​កុមារ​​គន្ធបុប្ផា​ទៅ​លើ​​ការ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ក៏ដោយ ក៏​ឪពុក​​ម្តាយ​កុមារ​ជា​ច្រើន​ទៀត បាន​សំដែង​​ដឹង​គុណ​ចំពោះ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ឪពុក​ម្ដាយ​​​កុមារ​ជា​ច្រើន​​បាន​ទទួល​ស្គាល់​ថា មន្ទីរពេទ្យ​កុមារ​ទាំង​ពីរ​បាន​ជួយ​សង្គ្រោះ​កុមារ​ខ្មែរ​អាច​ដល់​​ចំនួន​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ ដោយ​សារ​ការ​ដឹង​គុណ​មន្ទីរពេទ្យ​​​នេះ ឪពុក​ម្ដាយ​​​កុមារ​ខ្លះ​បាន​តែង​និពន្ធ​ជា​បទ​ចម្រៀង​ទៀត​ផង។

លោក ហុង ស្រីសម្បត្តិ គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ព្រែកខ្វិត នៃ​សង្កាត់​ព្រែកលៀប ខណ្ឌ​​ឫស្សីកែវ ទីក្រុង​ភ្នំពេញ និង​ជា​អ្នក​តែង​និពន្ធ​បទ​ចំរៀង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​កូនៗ​របស់​គាត់​ចំនួន ៨​នាក់ គឺ ៤​នាក់​ធ្លាប់​​បាន​គ្រូពេទ្យ​នៃ​មន្ទីរ​គន្ធបុប្ផា នៅ​ទីក្រុង​ភ្នំពេញ ជួយ​សង្គ្រោះ​ជីវិត​ឱ្យ​រួច​ផុត​ពី​ស្លាប់​នៅ​ពេល​ដែល​ពួក​គេ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

លោក ហុង ស្រីសម្បត្តិ៖ «គោលដៅ​ទី​១ បំណង​របស់​ខ្ញុំ​ហ្នឹង​ចង់​ថ្លែង​អំណរគុណ​ទៅ​ដល់​គន្ធបុប្ផា​មែន ព្រោះ​កូន​របស់​ខ្ញុំ​ហ្នឹង គឺ​រស់រាន​មក​ដល់​ថ្ងៃ​ហ្នឹង​គឺ​ដោយសារ​គន្ធបុប្ផា​ដែរ។ ប៉ុន្តែ​នៅ​ត្រង់​ន័យ​ចុង​ក្រោយ​ដែល​ថា ក្រុម​គ្រូពេទ្យ​ទាំង​អស់​ដែល​មាន​សីលធម៌​ផ្អែម​ល្ហែម​ហ្នឹង​ ចង់​ដាស់​ទៅ​គ្រូពេទ្យ​ ឱ្យ​គួរ​តែ​ប្ដូរ​អត្តចរិត​ពាក្យ​ពេចន៍ ន័យ​របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង»

លោក ហុង ស្រីសម្បត្តិ ​បាន​បញ្ជាក់​ថា វត្ត​មាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​​ជា​អង្គការ​មនុស្ស​​​ធម៌​ដែល​បាន​​ជួយ​ជីវិត​កុមារ​ខ្មែរ​រាប់​លាន​នាក់ ហើយ​លោក​មាន​ការ​ព្រួយ​បារម្ភ​​​នៅ​ពេល​ដែល​ឭ​ថា មន្ទីរពេទ្យ​នេះ​កំពុង​មាន​វិបត្តិ​ខ្វះ​មូលនិធិ​សម្រាប់​យក​ទៅ​ធ្វើ​ការងារ​មនុស្ស​ធម៌​ប្រចាំ​ថ្ងៃ។ បុរស​​ដដែ​ល​​​គិត​ថា ប្រសិន​បើ​នៅ​ក្នុង​ប្រទេស​​កម្ពុជា មិន​មាន​សកម្មភាព​របស់​មន្ទីរពេទ្យ​​​គន្ធបុប្ផា​ ត​ទៅ​មុខ​ទៀត​ទេ គឺ​ជីវិត​​របស់​​កុមារ​ខ្មែរ​ជា​ច្រើន​នាក់​នឹង​ស្ថិត​នៅ​ក្នុង​គ្រោះ​​ថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "ពលរដ្ឋ​នៅ​សៀមរាប​រិះគន់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី​៧"

  1. ខ្ញុំជាខ្មែរ says:

    បើខ្ញុំគិតថា អោយតែបុគ្គលិកពេទ្យសំដីអាក្រក់ទាំងអស់ ពីព្រោះខ្ញុំធ្លាប់ទៅពេទ្យរដ្ឋ គ្រូពេទ្យណាដូច
    ជាគ្រូវពេទ្យណាដែរ សំដីដូចជាពាក់ផ្កាយ ២០០០០០០០០០០០០ អញ្ចឹង

  2. Anonymously says:

    ត្រឹមត្រូវហើយក្រុមគ្រូពេទ្យខ្លះ(មួយចំនួនតូច) គាត់បានប្រើប្រាស់ពាក្យសំដីមិនសមរម្យ
    ដាក់ ឧពុកឬ ម្ដាយ ដែលយកកូនទៅព្យាបាលនៅទីនោះ ចំពោះរូបខ្ញុំផ្ទាល់ក៏ធ្លាប់ជួបប្រទះដែរ។
    ប៉ុន្តែ មន្ទីរពេទ្យនេះក៏បានសង្គ្រោះជីវិតកុមារជាច្រើនផងដែរ បើទោះបីមានភាពអវិជ្ជមានខ្លះក៏ដោយ។

  3. មានមួយចំនួនតូចដែលជាពេទ្យគ្មានសីលធម៌ បាតផ្សា ទាំងពេទ្យរដ្ឋ ពេទ្យកុមារ
     និងពេទ្យកុមារអង្គរ ហើយក៏ប្រហែលជាមិនមានចំនេះដឹងវិជ្ជាជីវះក្នុងខ្ខួនទៀតផង។ 
    ពួកពេទ្យបាតផ្សានេះ បានសញ្ញាបត្រមក មិនដឹងជាសូកលុយគេអស់ប៉ុន្មានទេ។
    អ្នកទាំងនេះហើយ ដែលធ្វើអោយអាប់អោនដល់ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេស
    តាដែលជាអ្នកគ្រប់គ្រងពេទ្យកុមារ ដែលគាត់ខំជួយទាំងកំលាំងកាយ កំលាំងចិត្ត
     ដោយមិនគិតពីកំរៃ។

  4. Pheng Sopheap says:

    សេចក្តីថ្លៃថ្នូរ​​ របស់មនុស្ស គឺនៅលើពាក្យសំដី​ និង​ចរិក។

  5. kasot says:

    លោក ​ឡេង សុភាវង្ស ថា បុលក្កលិក ពេទ្យ ប្រើប្រាស់ពាក្យសំដីមិនមានក្រមសីលធម៍ ចុះលោកកនិយាយថា ពួក ពេទ្យ បាតផ្សារ មានក្រមសីលធម៏ទេ​?