ជីវិត​លើ​វិថី​ជាង​ទង​១០​ឆ្នាំ

ភ្នំពេញៈ ប្រសិន​ជា​យើង​បាន​ឈាន​ជើង​ទៅ​ដល់​ផ្សារ​ទូល​ទំពូង​នោះ​ យើង​នឹង​ឃើញ​ទិដ្ឋ​ភាព​នៃ​ចង្វាក់​ពាណិជ្ជ​កម្ម​ផ្សេងៗ​គ្នា​នៅ​ក្នុង​ផ្សារ ​នោះ ដោយ​មាន​កន្លែង​លក់​សាច់​ និង​បន្លែ​បង្ការ​គ្រប់​ប្រភេទ។​ដោយ​មាន​សំឡេង​មនុស្ស​អ៊ូ​អរ​អឺង​កង​នោះ គេ​ឃើញ​លោក​ ដុស វិចិត្រ​ ដែល​ជា​ជាង​ទង​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​កំពុង​តែ​ផ្ចិត​ផ្ចង់​នូវ​សកម្មភាព​ឆ្លាក់​មាស​នៅ​លើ​តុ​របស់​លោក​ដោយ​ក្តី​អំណត់​បំផុត។

លោក ដុស វិចិត្រ អង្គុយ​នៅ​ក្នុង​រោង​ជាង​ទង​ដ៏​តូចចង្អៀតរបស់​លោក​ពេល​សម្ភាសន៍​​​។ រូបថត Alexander Crook

លោក ដុស វិចិត្រ អង្គុយ​នៅ​ក្នុង​រោង​ជាង​ទង​ដ៏​តូចចង្អៀតរបស់​លោក​ពេល​សម្ភាសន៍​​​។ រូបថត Alexander Crook

Friday, 31 August 2012
វ៉ាន់ ចាន់វត្តី
ភ្នំពេញ ប៉ុស្តិ៍

លោក​មាន​របរ​ជា ​ជាង​ទង​នេះ​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​ហើយ។ លោក​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​ស្តាយ​ក្រោយ​ឡើយ​ថា ​ខ្លួន​ឯង​មិន​បាន​បន្ត​ការ​សិក្សា​ ហើយ​មក​ចាប់​អាជីព​ជា​ជាង​ទង​នេះ​ទេ»។

វិចិត្រ​ ត្រូវ​បង​ថ្លៃ​ប្រុស​ខ្លួន​ឲ្យ​មក​ជួយ​មើល​ហាង​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​ ទូល​ទំពូង ហើយ​ខណៈ​ពេល​នោះ​គេ​ក៏​ទទួល​នូវ​អារម្មណ៍​ថា​ចង់​បាន​មុខ​របរ​បន្ថែម​មួយ​ ​ដែរ​។ វិចិត្រ​មិន​ដែល​ឲ្យ​ភ្នែក​ខ្លួន​រំលង​ផុត​ពី​ការ​តាម​ដាន​នូវ​របៀប​ឆ្លាក់​ ក្បាច់​ក្បូរ​​លើ​ជំនាញ​ជាង​ទង​ជាមួយ​បង​ថ្លៃ​ខ្លួន​ឡើយ​គឺ​គេ​បាន​សង្កេត​ តាម​ដាន និង​សាក​សួរ​រហូត​ដល់​ខ្លួន​ចេះ។

វិចិត្រ​និយាយ​ថា៖«វា​ជា​រឿង​ ភ្ញាក់​ផ្អើល​សម្រាប់​ខ្ញុំ​ដែល​រៀន​នូវ​ជំនាញ​លើក​ដំបូង​សោះ តែ​​ឆាប់​ចេះ ​និង​បាន​យល់​ពី​របៀប​វាទៀត​។ តែ​លុះ​បន្ទាប់​មក​ទើប​ខ្ញុំ​មាន​ជំនឿ​ថា ស្រឡាញ់​លើ​អាជីព​នេះ»។​

ដោយ​ មើល​ពី​សក្កានុ​ពល​វិស័យ​ពាណិជ្ជ​កម្ម​និង​មាន​ជំនឿ​លើ​ខ្លួន​ឯង​នោះ​ទើប​ ជំរុញ​ឲ្យ​វិចិត្រ​រឹត​តែ​ស្រឡាញ់​លើ​អាជីព​នេះ​ឡើង​រហូត​ដល់​បាន​សម្រេច​ ចិត្ត​ឈប់​រៀន​និង​បន្ត​របរ​រក​ស៊ី​ជាមួយ​បង​ថ្លៃ​ខ្លួន។

វិចិត្រ​ និយាយ​ពី​ស្ថាន​ភាព​ដែល​ខ្លួន​ត្រូវ​អង្គុយ​រង់​ចាំ​ការ​កុម្ម៉ង់​រាល់​ ព្រឹក​ថា៖«ត្រូវ​ចំណាយ​ពេល​ពីរ​ថ្ងៃ​ភាគ​ច្រើន​ទើប​អាច​ធ្វើ​ក្រវិល​មួយ​គូ​ បាន។ អតិថិជន​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ម៉ូដ ឬ ស្ទីល​នៃ​ក្បាច់​ឆ្លាក់​មាស​ឬ គ្រឿង​អលង្ការ​ខ្ញុំ​តាម​សៀវភៅ​កាតាឡុក​ដែល​មាន​ស្រាប់។ តែ​បើ​មាន​អ្នក​ចង់​បាន​ម៉ូដ​ផ្សេង​ពួក​គេ​អាច​ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​ សម្រាប់​គេ​ក៏បាន​ដែរ»។​

ក្រៅ​ពី​នេះ ​វិចិត្រ​ក៏​អាច​ផ្តល់​ប្រឹក្សា​ពី​ព័ត៌មាន​នៃ​ក្បាច់​ឆ្លាក់​ ឬ ម៉ូដ​ម៉ាក​លើ​អលង្ការ​នោះ​បាន​ដែរ ប្រសិន​បើ​មាន​ភ្ញៀវ​ដែល​ពុំ​សូវ​បាន​យល់​ដឹង​ពី​វា។ ចំណែក​ជំនាញ​ដ៏​ពិសេស​របស់​វិចិត្រ​នោះ​គឺ​ខាង​ដាំ​ពេជ្រ ឬ ត្បូង​លើ​គ្រឿង​អលង្ការ។ វិចិត្រ​បន្ត​ថា៖​«ប្រសិន​បើ​វា​មាន​ពន្លឺ​មិន​សូវ​ចាំង ឬ​ស្រអាប់​នោះ​មាន​ន័យ​ថា វា​ជាផលិត​ផល​ត្បូង​ក្លែង​ក្លាយ​ហើយ»។

តាម​ ជំនឿ​ខ្មែរ​លើ​ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​នេះ​មាន​តៗ​រៀង​មក។ ដោយ​ប្រជា​ជន​ខ្មែរ​ជឿ​ថា ការ​ពាក់​ចិញ្ចៀន​គ្រឿង​ពេជ្រ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណាច និង​អាច​ចៀស​ផុត​ពី​អំពើ​អាក្រក់​ឬ បណ្តាសា​នានា​បាន បើ​ពេជ្រ​កាន់​តែ​ធំ​ម្ចាស់​ដែល​ពាក់​នោះ​កាន់​តែ​មាន​សុវត្ថិភាព​ពី​អំពើ ទាំង​ឡាយ។

វិចិត្រ​បន្ថែម៖«ទំនោរ​បែប​នេះ​ហើយ​បាន​ជា​មាន​អតិថិជន​របស់​ ខ្ញុំ​មិន​មក​កុម្ម៉ង់​តែ​គ្រឿង​អលង្ការ​មួយ​មុខ​ឡើយ​គឺ​ពួក​គាត់​ភាគ​ច្រើន ​កុម្ម៉ង់​ច្រើន​មុខ​ដូច​ជា​ចិញ្ចៀន ខ្សែ​ដៃ ខ្សែ-ក និង​ក្រវិលជា​ដើម។ តម្លៃ​វិញ​ក៏​មាន​កម្រិត​ទៅ​តាម​នោះ​ដែរ»។

ទោះ​បី​របរ​នេះ​វា​អាច​សន្សំ​ បាន​ប្រាក់​ចំណូល​គួរ​ចាប់​អារម្មណ៍​ក្តី​តែ​វា​ក៏​បាន​បង្ក​ភាព​ស្មុគ្រ​ ស្មាញ​ជាមួយ​ការ​លក់​ដូរ​ខ្លះៗ​ដែរ។ វិចិត្រ​ថា៖ «របរ​នេះ​អាច​មាន​ការ​តប់​ប្រមល់​ដែរ។ ជួន​កាល​អ្នក​ត្រូវ​តែ​អង្គុយ​រាប់​ម៉ោង​ក្នុង​ការ​ច្នៃ​ឬ ដាំ​ត្បូង ឬ​ពេជ្រ​ដែល​ភ្ញៀវ​បាន​កុម្ម៉ង់។ ប្រសិន​អ្នក​មិន​ប្រយ័ត្ន​ប្រយែង គ្រឿង​ត្បូង ឬ ពេជ្រ​នោះ​ទេ​វា​នឹង​មាន​ការ​បែក​បាក់​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ កេរ្តិ៍​ឈ្មោះ​ខ្លួន​ផង​ដែរ»។

ចំណុច​ដែល​បង្កភាព​លំបាក​សម្រាប់​ វិចិត្រ​មួយ​ទៀត​នោះ​ គឺ​ទីតាំង​ឬ កន្លែង​ច្នៃ​ត្បូង ឬ ពេជ្រ​របស់​គេ​មាន​បរិយាកាស​មិន​សូវ​ល្អ​ដោយ​សារ​ទី​តូច​និង​ដំបូង​ប្រក់​ ស័ង្កសី​ដែល​មាន​កម្តៅ​ក្តៅ​ខ្លាំង​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ។

វិចិត្រ បន្ថែម​ទៀត​ថា៖«ហាង​ខ្ញុំ​មិន​ដូច​ជា​ហាង​ដទៃ​ទេ​ដោយ​គេ​មាន​ផ្ទះ​ផ្ទាល់​ ខ្លួន​ហើយ​មាន​ម៉ាស៊ីន​ត្រជាក់​ទៀត​ផង។ ពួក​គេ​អាច​មាន​លទ្ធភាព​លក់​គ្រឿង​អលង្ការ​ទាំង​នោះ​រាប់​ពាន់​ដុល្លារ។ និយាយ​ឲ្យ​ចំ​ទៅ​ជីវិត​ជាង​ទង​វា​តែ​អ៊ីចឹង​ហើយ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី វិចិត្រ​ក៏​មាន​មោទនភាព​ចំពោះ​របរ​រក​ស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ហើយ​សម្រាប់​របរ​ថ្ងៃ​អនាគត​ត្រូវ​គិត​យ៉ាង​ណា​នោះ វិចិត្រ​ឆ្លើយ​ថា៖«មហិច្ឆតា​គឺ​ស្ថិត​នៅ​លើ​ជំនាញ​ខ្លួន»៕ PR

What Next?

Recent Articles

One Response to "ជីវិត​លើ​វិថី​ជាង​ទង​១០​ឆ្នាំ"

  1. នរិទ្ធ says:

    វាសនាមនុស្សធំធេងល្វឹងល្វើយណាស់ហ៍្ន………………………………….