06192013Headline:

សហរដ្ឋអាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​៥លាន​ដុល្លារ​សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម

ឯកអគ្គ​រដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក ស្ទីហ្វិន រ៉េប (Stephen Rapp) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ថ្ងៃ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។

ដោយ សុខ សេរី
2012-09-13
វិទ្យុ​អាស៊ីសេរី

ឯកអគ្គ​រដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក លោក ស្ទីហ្វិន រ៉េប (Stephen Rapp) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​សាលាក្ដី​ខ្មែរ​ក្រហម នា​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal hotel) កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១២។

ឯកអគ្គ​រដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក លោក ស្ទីហ្វិន រ៉េប (Stephen Rapp) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​សាលាក្ដី​ខ្មែរ​ក្រហម នា​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal hotel) កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

លោក ស្ទីហ្វិន រ៉េប បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើក​ទី៨​ហើយ ទាក់​ទង​នឹង​ដំណើរ​ការ​សាលាក្ដី​កាត់​ទោស អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់។ មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា លោក​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដើម្បី​បញ្ជាក់​ប្រាប់​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក ស្ដីពី​ការ​គាំទ្រ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ។

ឯកអគ្គ​រដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម លោក ស្ទីហ្វិន រ៉េប បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តល់​ជំនួយ​ថវិកា​ជាង​៥លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដំណើរ​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​អន្តរជាតិ សម្រាប់​ឆ្នាំ​២០១២ នេះ។ ថវិកា​នេះ នឹង​ត្រូវ​ផ្តល់​ឲ្យ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ បើ​គ្មាន​ការ​ជំទាស់​ពី​សភា​សហរដ្ឋអាមេរិក។

បន្ថែម​លើ​នេះ​ទៀត សហរដ្ឋអាមេរិក​កំពុង​តែ​ត្រៀម​ផ្តល់​ថវិកា​មួយ​ចំនួន​ទៀត ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​សម្រាប់​ឆ្នាំ​២០១៣។

ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​បាន​សន្យា​ថា នឹង​បន្ត​គាំទ្រ​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ នា​ពេល​ខាង​មុខ​នេះ។ សហរដ្ឋអាមេរិក ចាត់​ទុក​សំណុំ​រឿង​០០២ ០០៣ និង​សំណុំ​រឿង​០០៤ គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។

ឯកអគ្គ​រដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក លោក ស្ទីហ្វិន រ៉េប បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា រហូត​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ចំនួន​១២លាន​ដុល្លារ​អាមេរិក​រួច​មក​ហើយ ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ៖ «នៅ​ក្នុង​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម​នោះ សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​បង្ហាញ​ថា មាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ និង​ការ​ចាត់​ចែង​មិន​ល្អ​ជាដើម ដូច​ដែល​មាន​ការ​ចោទ​ប្រកាន់​កន្លង​មក។ យើង​បន្ត​តាម​ដាន​រឿង​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់»

លោក​បន្ត​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​ម្នាក់ ជនជាតិ​អង់គ្លេស​ឈ្មោះ ម៉ាក ហាមុន (Mark Hamon) និង​ចូល​កាន់​តំណែង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ចុង​ខែ​កញ្ញា ខាង​មុខ​នេះ ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ និង​០០៤។

ទាក់​ទង​នឹង​ការ​ប្រកាស​នេះ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភ័ត្រា បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ជំនួយ​របស់​សហរដ្ឋអាមេរិក​នោះ៖ «ជំនួយ​ថវិកា​ថ្មី​បន្ថែម​ទៀត​សម្រាប់​ឲ្យ​មន្ត្រី បុគ្គលិក តុលាការ​ទាំង​មូល​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ចប់​ចុង​ចប់​ដើម​នូវ​បេសកកម្ម​របស់​ខ្លួន។ ដោយ​ឡែក ចំពោះ​សំណុំ​រឿង​០០៣ និង​០០៤ មិន​អាច​មាន​នរណា​ម្នាក់​នៅ​ក្នុង​ការ​បង្ខំ ឬ​មួយ​ដាក់​សម្ពាធ​មក​លើ​ចៅក្រម ដែល​មាន​ឆន្ទានុសិទ្ធិ​នៅ​ក្នុង​ការ​បំពេញ​ការងារ​ទេ។ ហើយ​សូម​ជម្រាប​ថា នៅ​សាលាក្ដី​ខ្មែរ​ក្រហម សំណុំ​រឿង​០០៣ ០០៤ គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។ អ៊ីចឹង សហ​ចៅក្រម​ស៊ើប​អង្កេត លោក​នឹង​បំពេញ​ការងារ​របស់​ខ្លួន​ទៅ​តាម​នីតិវិធី ដែល​បាន​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ក៏​ដូច​ជា​វិធាន​ផ្ទៃ​ក្នុង»

ភាគី​អន្តរជាតិ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​តែ​ខ្វះ​ថវិកា​ជាង​៤លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ឆ្នាំ​២០១២ នេះ ចំណែក​ឯ​ភាគី​កម្ពុជា កំពុង​តែ​ខ្វះ​ខាត​ថវិកា​ជាង​១លាន​ដុល្លារ​ទៀត សម្រាប់​ឆ្នាំ​២០១២ នេះ​ដែរ។

សាលាក្ដី​ខ្មែរ​ក្រហម ត្រូវ​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​ជាង​៣០លាន​ដុល្លារ​អាមេរិក​ខាង​ភាគី​អន្តរជាតិ ប្រៀបធៀប​នឹង​ភាគី​កម្ពុជា ត្រូវ​ចំណាយ​ចំនួន​១០លាន​ដុល្លារ​អាមេរិក។ សាលាក្ដី​ខ្មែរ​ក្រហម បាន​ចំណាយ​ថវិកា​សរុប​ជាង​១៤១លាន​ដុល្លារ​អាមេរិក​ហើយ​តាំង​ពី​ឆ្នាំ​២០០៦ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "សហរដ្ឋអាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​៥លាន​ដុល្លារ​សម្រាប់​សាលាក្ដី​ខ្មែរ​ក្រហម"

  1.    says:

    ក្តួយម៉ែអាcheath!