រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោង ផ្តល់ថវិកា៥លានដុល្លារទៀតដល់សាលាក្តីខ្មែរក្រហមដើម្បីគាំទ្រដល់ភាគីអន្តរជាតិ។ នៅឯសាលាក្តីខ្មែរឯណោះ សាលាដំបូងបានសម្រេចដោះលែងលោកស្រីអៀង ធីរិទ្ធហើយបន្ទាប់ពីបានរកឃើញថា អតីតរដ្ឋមន្ត្រីសង្គមកិច្ចរូបនេះពិតជាមិនមានសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសវនាការ។
ថ្ងៃ ព្រហស្បតិ៍ 13 កញ្ញា 2012
ដោយ លាង ដឺលុច
RFI
រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងផ្តល់ថវិកា៥លានដុល្លារទៀតដល់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម។ ប៉ុន្តែថា នេះគឺជាសំណើថវិការបស់រដ្ឋាភិបាលអាមេរិកដែលបានផ្ញើទៅសភាអាមេរិកហើយ។ សភាអាមេរិកនឹងត្រូវពិនិត្យសម្រេចលើសំណើនេះក្នុងរយៈពេល២ ឬ៣សប្តាហ៍ទៀត។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Stephen Rapp ដែលជា ឯកអគ្គរដ្ឋទូតគោចររបស់អាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងបំពេញទស្សនកិច្ចលើកទី៧នៅកម្ពុជា។
ក្រៅពីការប្រកាសអំពីការផ្តល់ជំនួយនេះ លោក Stephen Rapp ក៏បានប្រាប់អោយដឹងផងដែរថា សហចៅក្រមស៊ើបអង្កេតដែលឧត្តមក្រុមប្រឹក្សាចៅក្រមបានសម្រេចតែងតាំងហើយនោះ នឹងមកដល់កម្ពុជានៅចុងខែកញ្ញានេះ។
សម្រាប់លោក Stephen Rapp សំណុំរឿង ០០២ សព្វថ្ងៃនេះមានសារៈសំខាន់ណាស់ ហើយលោកបានអំពាវនាវដល់ប្រទេសផ្សេងទៀតឲ្យជួយផ្តល់ថវិកាគាំទ្រដល់សាលាក្តីខ្មែរក្រហមដែលកំពុងតែជួបបញ្ហាថវិកា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន ១២ លានដុល្លាររួចហើយ ដើម្បីគាំទ្រដំណើរការសាលាក្តីខ្មែរក្រហម។
នៅឯសាលាក្តីខ្មែរក្រហមឯណោះ សាលាដំបូងបានប្រកាសដោះលែងលោកស្រីអៀង ធីរិទ្ធ បន្ទាប់ពីបានសន្និដ្ឋានជាលើកទី២ថា អតីតរដ្ឋមន្ត្រីសង្គមកិច្ចក្នុងរបបខ្មែរក្រហម និងជាភរិយារបស់ជនជាប់ចោទអៀង សារី ពិតជាមិនមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមក្នុងសវនាការនោះ។ ទាក់ទងនឹងសេចក្តីសម្រេចលើលោកស្រីអៀង ធីរិទ្ធនេះ ឯកអគ្គរដ្ឋទូតគោចរអាមេរិកអត្ថាធិប្បាយថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ។
លោក Stephen Rapp ឯកអគ្គរដ្ឋទូតគោចររបស់អាមេរិកទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែកញ្ញានេះ។ ក្នុងអំឡុងទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Rapp បានជួបជាមួយមន្ត្រីសាលាក្តីខ្មែក្រហម និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីការគាំទ្រចាំបាច់សម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីឲ្យតុលាការនេះបំពេញការងារក្នុងអាណត្តិរបស់ខ្លួនបាន៕
—————————————–



ក្តួយម៉ែអាcheath!
មើល ៥លានដុល្លា ចែកគ្នាបានម្នាក់ប៉ុន្មាន ? ជួយគិតមើល ! តែប៉ុណ្ណេះបានលុយទិញ LEXUS និងធ្វើផ្ទះឲ្យប្រពន្វចុងទៀតហើយអញ…..។
នៅបោកយកលុយពីបរទេសដល់ណាទៀត!