ក្រចេះ: ប៉េអឹមបានឃាត់ខ្លួនមន្ត្រីមេព្រៃម្នាក់ និងអ្នកកាន់កាតកាសែត “ដំណឹងថ្ងៃនេះ” ម្នាក់ កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ដោយសារផ្ទុះអាវុធខ្លី ៣គ្រាប់ និងវាយឱ្យរបួសមនុស្សម្នាក់ ក្នុងជម្លោះជាមួយអ្នកដឹកឈើ នៅភូមិកែងប្រាសាទ ឃុំសម្បូណ៌ ស្រុកសម្បូណ៌ ខេត្តក្រចេះ។
ថ្ងៃទី 15 កញ្ញា 2012
ដោយ: ចិត្របុរី
CEN
ប៉េអឹមខេត្តក្រចេះ មិនអាចទាក់ទងដើម្បីសួរបញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួនមន្ត្រីមេព្រៃ និងអ្នកកាន់កាតកាសែតនោះទេ។
ប៉ុន្តែបើតាមប្រភពពីស្រុកសម្បូណ៌ បានឱ្យដឹងថា ការឃាត់ខ្លួននោះ ដោយសារមន្ត្រីមេព្រៃ និងអ្នកកាន់កាតកាសែត បានយកច្រវាទូកវាយបណ្តាលឱ្យរបួសបុរសម្នាក់ ឈ្មោះ ទិត ផល្លី អាយុ ៣២ឆ្នាំ រស់នៅភូមិកែងប្រាសាទ ឃុំសម្បូណ៌ ស្រុកសម្បូណ៌ និងបាញ់កាំភ្លើងខ្លីចំនួន៣គ្រាប់។
ប្រភពពីស្រុកសម្បូណ៌ បានឱ្យដឹងទៀតថា ប៉េអឹមបានឃាត់ខ្លួនឈ្មោះ ឃុត ឃី ជាអ្នកកាន់កាតកាសែត “ដំណឹងថ្ងៃនេះ” ជាមួយមន្ត្រីមេព្រៃសង្កាត់សណ្តាន់ ផ្នែកក្រចេះ ដែលគេមិនស្គាល់ឈ្មោះ។
ជនរងគ្រោះ ទិត ផល្លី បាននិយាយតាមទូរស័ព្ទថា មុនពេលកើតហេតុ ខ្លួនបានដឹកឈើកូនក្រឡឹងចំនួន ២ដុំ យកមកធ្វើជើងគ្រែ ពេលចូលដល់ជិតច្រាំង ស្រាប់តែឈ្មោះ ឃុត ឃី ស្រែកគំរាមខ្លួនថា មិនបានឈប់ទូកឲ្យសមត្ថកិច្ចត្រួតពិនិត្យ ហើយគំរាមចាប់ដាក់ខ្នោះ។
ជនរងគ្រោះបានបន្ថែមថា ពេលនោះស្រាប់តែអ្នកកាសែត ឈ្មោះ ឃុត ឃី បានយកច្រវាចែវទូកវាយមកលើខ្លួនចំស្លាបប្រចៀវ។ ពេលឃើញឈ្មោះ ឃុត ឃី វាយមកលើខ្លួនដូច្នេះ បងប្អូនអ្នកជិតខាងក្នុងភូមិចុះមកជួយឃាត់ ស្រាប់តែឮស្នូរផ្ទុះអាវុធបីគ្រាប់ភ្លាមចេញពីទូករបស់ក្រុមមេព្រៃ និងអ្នកកាន់កាតកាសែត។
បន្ទាប់ហេតុការណ៍ផ្ទុះអាវុធ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ហើយបានឃាត់ខ្លួនមន្ត្រីមេព្រៃនិងអ្នកកាន់កាតកាសែតនេះតែម្តង។
ប្រភពពីស្រុកសម្បូណ៌ បាននិយាយថា ឈ្មោះ ឃុត ឃី ធ្លាប់ជាអ្នករកស៊ីឈើប្រណីត ហើយពេលបានកាន់កាតកាសែត ក៏ដើរគំរាមប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួចសម្រាប់ប្រើប្រាស់ក្នុងផ្ទះនៅតាមដងទន្លេមេគង្គ និងអ្នកស៊ីខុសច្បាប់ បង្កការក្តៅក្រហាយទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅតំបន់នោះ។
លោក ឃុត ឃី និងមន្ត្រីមេព្រៃ មិនអាចបញ្ជាក់ពីហេតុការណ៍ខាងលើបាននៅឡើយ ដោយសារតែត្រូវឃាត់ខ្លួននៅទីបញ្ជាការប៉េអឹមខេត្តក្រចេះ ហើយមិនត្រូវអនុញ្ញាតឱ្យជួបជាមួយអ្នកកាសែតទេ៕ S
រឿងទាំងនេះខ្ញុំទទួលកាពិតពីជនរងគ្រោសជាក់ស្តែងណាស់នៅអ្វីដែលគាត់បានជួបប្រទះក្នុងហេតុកានេះ!អំពើរដ៍យង់ខ្នងមកលើអ្នកទន់ខ្សោយដោយចេត្តនាបែបនេះ
ចាំមើលថាតើវានឹងទៅជាយ៉ាងណា!ចំពោះអស់មន្រី្តអាយ៉ងប៉ុន្នានប្រភេទនោះដល់ដំណាក់កាជាក់ស្តែងហើយនឹងបានលត្តផលរបៀបដូចម្តេច?