កំពត: ការតវ៉ារបស់កម្មកររោងចក្រក្តារបន្ទះ ដែលមានឈ្មោះថា Angkor Flywood នៅជើងភ្នំប្រុស ប្រមាណជាង ៥០០ នាក់ បានឈានដល់ការចរចាគ្នា រវាងតំណាងកម្មករ និងភាគីថៅកែរោងចក្រ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២។
ថ្ងៃទី 15 កញ្ញា 2012
ដោយ: កងមាស
CEN

ការតវ៉ារបស់កម្មកររោងចក្រក្តារបន្ទះ ដែលមានឈ្មោះថា Angkor Flywood នៅជើងភ្នំប្រុស តវ៉ាទាមទារសុំតម្លើងប្រាក់ខែ
ក្រុមកម្មករបានធ្វើការទាមទារនូវលក្ខខណ្ឌចំនួន ៦ចំណុច ដែលចំណុចធំជាងគេ គឺការទាមទារតម្លើងប្រាក់ខែ។ តែកម្មករ មិនបានបញ្ជាក់អំពីប្រាក់ខែគោល មានប៉ុន្មានឡើយនៅពេលនេះ។
រោងចក្រផលិតក្តារបន្ទះ ដែលផ្ទុះបាតុកម្មនោះ មានទីតាំងស្ថិតនៅក្បែរជើងភ្នំប្រុស ក្នុងឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មកររោងចក្រទាំងអស់នោះ ត្រូវបានខាងថៅកែ ធ្វើអគារឲ្យស្នាក់ នៅក្នុងបរិវេណរោងចក្រតែម្តង។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ក្រុមកម្មករទាំងអស់ បាននាំគ្នាធ្វើការតវ៉ាម្តងរួចមកហើយ ហើយតំណាងរោងចក្រ បានសន្យាថា នឹងជួបដោះស្រាយនូវលក្ខខណ្ឌទាមទារទាំង ៦ចំណុចនោះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២។ ដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ភាគីតំណាងកម្មករ និងតំណាងរោងចក្រ បានជួបចរចាគ្នានៅក្នុងរោងចក្រនេះតែម្តង។ ប៉ុន្តែពុំទាន់សម្រេចលទ្ធផលយ៉ាងនោះទេ មកដល់ពេលបាយថ្ងៃត្រង់នេះ។
រីឯភាគីខាងរោងចក្រ មិនអនុញ្ញាតឲ្យអ្នកកាសែត ចូលក្នុងរោងចក្រ ដើម្បីយកព័ត៌មានទេ។
លោក ស្រ៊ុន កេង តំណាងរោងចក្រក្តារបន្ទះ បានប្រាប់គេហទំព័រCEN នៅព្រឹកនេះថា “ឥឡូវនេះ គេកំពុងតែធ្វើការចរចាគ្នា។ ពុំទាន់ដឹងលទ្ធផលទេ ហើយចាំពេលចរចាគ្នាចប់។ ចាំទំនាក់ទំនងគ្នាបន្តទៀត។ ការចរចានោះ ទាក់ទងនឹងបញ្ហា ៦ចំណុច ដែលភាគីកម្មករធ្វើការតវ៉ានោះ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ តំណាងសហជីព មជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគី្គការងារអន្តរជាតិ (ACILS) បានមកជួបជាមួយកម្មកររោងចក្រក្តារបន្ទះ ប្រមាណជាង ៥០០នាក់ ដើម្បីធ្វើការបង្កើតសហជីពមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគី្គការងារអន្តរជាតិ នៅក្នុងរោងចក្រនោះ៕

ខ្ញុំចូលចិត្តអានពត៏មាន ប៉ុន្តែ ខ្ញុំត្រូវការពត៏មានណាដែលប្រាកដ ទោះបី នយោបាយក៍ដោយ
ដើម្បីស្ថាបនាសង្គម ត្រូវតែនិយាយការពិត ។ហេតុអ្វីបានជាខ្ញុំនិយាយមួយបែបនេះ?ព្រោះ…..កន្លងមកពុំសូវមានប្រសិទ្ឋិភាពសោះ។