ប៉ូលិស​ក្រុមទី​៣ ចូល​ទៅ​កាន់​តំបន់​គ្មាន​កងទ័ព នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​

ភ្នំពេញ: ​កងកម្លាំង​នគរបាលរបស់​នាយកដ្ឋាន​ជំនាញ និង​ស្នងការ​នគរបាល​ខេត្តចំនួន ៩ អង្គភាព សរុប​ចំនួន ៣៨៤ នាក់ ដែល​ជា​កម្លាំង​ត្រូវ​បំពេញ​បេសកកម្មនៅ​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ក្នុង​ជំហាន​ទី​៣​។ កម្លាំង​បូលិស​ថ្មី​នេះ ត្រូវ​ទៅ​ឈរជើង​ការពារ​ព្រំដែន ជំនួស​កម្លាំង​ចាស់ដែល​ត្រូវ​ប្តូរ​វេន​។​

ថ្ងៃទី 15 កញ្ញា 2012
ដោយ: សុខ ភក្តី
CEN

ក្រុមប៉ូលិស ផ្លាស់ប្តូរកម្លាំង ឈរជើងការពារព្រំដែនប្រាសាទព្រះវិហារ នៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (រូបថត៖ ប៉ូលិសជាតិ)

ក្រុមប៉ូលិស ផ្លាស់ប្តូរកម្លាំង ឈរជើងការពារព្រំដែនប្រាសាទព្រះវិហារ នៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (រូបថត៖ ប៉ូលិសជាតិ)

​គេហទំព័រ​ប៉ូលិស​ជាតិ បាន​ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​គណៈ​បញ្ជាកា​រដឹក​ជញ្ជូន​កង​នគរបាលជាតិ​បំពេញ​បេសកកម្ម​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ក្បូន​រថយន្ត​ចំនួន ៩​គ្រឿង បាន​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះវិហារ ដែល​មាន​កម្លាំង​ប៉ូលិសជាក់ស្ដែង សរុប ៣៨៤ នាក់ ដើម្បី​ទៅ​បំពេញបេសកកម្មឈរជើង​ការពារ​ព្រំដែននៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ដែល​បាន​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​រឿងក្តី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា ជាមួយនឹង​ប្រទេស​ថៃ​។​

​ប៉ូលិស​ក៏​បានឲ្យដឹងថា ចំពោះ​កម្លាំង​នគរបាល ដែល​បាន​បញ្ចប់​បេសកកម្ម​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ជំហាន​ទី​២ មាន​ចំនួន ៤៣១ នាក់ ក៏​ត្រូវបាន​ដឹក​ជញ្ជូន​វិលត្រឡប់​វិញ និង​ប្រគល់ជូន​នាយកដ្ឋាន​៥ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន ៤ កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ រួចរាល់​ហើយ​។​

​ជា​ការកត់សម្គាល់ កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ កម្ពុជានិង​ថៃ បាន​កែសម្រួលដក​កងទ័ពលើក​ទី​១ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​ចំណុច​គ្មាន​កងទ័ព​បណ្តោះអាសន្ន​។ ទីតាំង​នោះត្រូវបាន​ជំនួស​ដោយ​កងកម្លាំង​នគរបាលជាតិ​។

​កងទ័ព​កម្ពុជា ចំនួន ៤៨៥ នាក់ ត្រូវបាន​ដកចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ក្នុង​ជំហាន​ទី​១​នោះ កងទ័ព​កម្ពុជា ត្រូវបាន​ដកចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ចំនួន ៤ ចំណុច រួមមាន​៖ ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាងជើង ជណ្តើរ​បុរាណ​ខាងកើត និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​។ ទីតាំង​ទាំង​៤​នោះ ត្រូវ​ជំនួស​មកវិញដោយ​កងកម្លាំង​នគរបាលជាតិចំនួន ២៥៥ នាក់ និង​សន្តិសុខ​អភិរក្ស​ប្រាសាទព្រះវិហារ​ចំនួន ១០០ នាក់​។​

កងទ័ព​កម្ពុជា និង​ថៃ ដែល​បាន​ដកចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ គឺ​អនុវត្ត​ន៍តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១៕ S

What Next?

Recent Articles