តុលាការ​កំពូល បើក​សវនាការ​ជម្រះ​រឿង​ភរិយា​លោក​ឧកញ៉ា ខូវ ជឺលី នៅ​ថ្ងៃ​១៩​កញ្ញា​

ភ្នំពេញ: តុលាការ​កំពូល នឹង​បើក​សវនាការនៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ជំនុំជម្រះ​ករណី​ចោទប្រកាន់​លោកស្រី សេង ចន្ទ​ដា ភរិយា​របស់​លោក​ឧកញ៉ា ខូវ ជឺលី ថា​ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ការសម្លាប់​លោកស្រី ស៊ុន សុត្ថា ភរិយា​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជនសង្ស័យ ៣​នាក់​ទៀត ដែល​ត្រូវបាន​ចោទថា ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​ការសម្លាប់​នោះ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១០ នៅ​ភូមិគ្រឹះ​លេខ​០១​បេ ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោកស្រី​ ស៊ុន សុត្ថា ជា​កូនបង្កើត​របស់​លោក​ឧកញ៉ា ខូវ ជឺលី​។​

ថ្ងៃទី 18 កញ្ញា 2012
ដោយ: CEN

​ករណី​ចោទប្រកាន់​មួយ​នេះ រហូតមកដល់​ពេលនេះ បាន​រីក​រាលដាល​កាន់តែ​ធំ​ឡើងៗ នៅក្នុង​គ្រួសារ​ត្រកូល ខូវ ឥឡូវនេះ មាន​ការចោទប្រកាន់​រីក​រាលដាល​រហូតដល់​លោក​ឧកញ៉ា ខូវ ជឺលី ដែល​ជា​ឪពុក​បង្កើត​លោក​ឧកញ៉ា ខូវ ផល្លា​បុត្រ ដែល​ត្រូវជា​ប្អូនបង្កើត​របស់​លោកស្រី ឡាយ ហួ​ង និង ហ៊ុយ សុខ​លាប ថា​ជា​អ្នក​មេគំនិត​រៀបចំ​គម្រោង​សម្លាប់​នេះ​។​

​លោក លឹម វណ្ណា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង ចន្ទ​ដា បានឲ្យដឹងថា ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនក្ដី​លោក ទើប​កូនក្ដី​លោក​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រក​យត្តិ​ធម៌​ឲ្យ​។
​លោក​មេធាវី​រូប​នេះ​បន្តថា “​ឥឡូវនេះ តុលាការ​កំពូល នឹង​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​នេះមក​ជម្រះ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ ខាងមុខនេះ យើងខ្ញុំ​សង្ឃឹមថា តាមរយៈ​ភស្ដុតាង​សាក្សីដោះបន្ទុក និង​សារ​ណា ២០​ទំព័រ ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​អង្គហេតុ​មិន​ប្រក្រតី​នៃ​រឿងក្ដី​នេះ តុលាការ​កំពូល នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោកស្រី សេង ចន្ទ​ដា កូនក្ដី​របស់​ខ្ញុំ​ឲ្យ​រួចផុត​ពី​ការចោទប្រកាន់​”​។

​លោក​មេធាវី​បញ្ជាក់ថា “​បើ​គិត​រហូត​មកដល់ពេលនេះ កូនក្ដី​របស់​ខ្ញុំ ត្រូវ​បាន​ឃុំ​ដោយ​អំពើ​អយុត្តិធម៌​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ​”​។​

​ចំណែក​លោក ការ សាវុធ មេធាវី​ការពារ​លោកស្រី សេង ចន្ទ​ដា ដែរនោះ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា “​ខ្ញុំ​មិន​ធ្វើ​ការបកស្រាយ​អ្វី​វែងឆ្ងាយ​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ទាញអារម្មណ៍​សាធារណជន​ថា តើ​លោក ខូវ ជឺលី មាន​អាយុ ៨៣​ឆ្នាំ ដែលជា​អ្នក​មាន​ប្រាំ​ជំនាន់ ហើយ​គាត់​ខំ​ចិញ្ចឹម​បីបាច់​កូន​ទាំង ១១​នាក់ តាំង​ពី​បាតជើង​ក្រហម រហូត​ដល់​រៀបចំ​ឲ្យមាន​គូស្រក​រទៀត​។ តើ​មាន​ហេតុផល​អ្វី ដែល​គាត់​ត្រូវ​ទៅ​សម្លាប់​កូន និង​ចៅ ជា​ទី​ស្រឡាញ់​របស់ខ្លួន​នោះ​? តើ​គាត់​ធ្វើ​ដើម្បី​អ្វី​? ចម្លើយ គឺ​គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើឲ្យ​គេ​ជឿ​ឡើយ ព្រោះ​លើ​លោក​នេះ​គ្មាន​ឪពុក​ណា​សម្លាប់​កូនបង្កើត​របស់​ខ្លួន​នោះ​ទេ​”​។​

​នៅក្នុង​សារ​ណា ២០ ទំព័រ​របស់​លោក​មេធា​វី លឹម វណ្ណា និង​លោក ការ សាវុធ បានបញ្ជាក់​ថា នាង ចាន់ សុខា និង​នាង​ស៊ី​ណាត ដែលជា​អ្នក​បម្រើ ត្រូវបាន​គេ​ប្រើប្រាស់​ឲ្យ​ឆ្លើយ​ទម្លាក់កំហុស​មកលើ​លោកស្រី សេង ចន្ទ​ដា និង​បន្ទាប់មក​នៅ​សាលាឧទ្ធរណ៍ ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ឲ្យ​ឆ្លើយ​ប្រឌិត​រឿង​ចោទប្រកាន់​ទៅលើ​លោក​ឧកញ៉ា ខូវ ជឺលី ជា​មនុស្ស​ចាស់ជរា​អាយុ​ជាង ៨៣​ឆ្នាំ ជា​ឪពុក​បង្កើត​របស់​លោក​ជំទាវ ស៊ុន សុត្ថា ​ថា​ជា​អ្នក​រួមគំនិត​រៀបចំ​គម្រោងសម្លាប់​កូនបង្កើត​របស់​ខ្លួន​ទៅវិញ​។​

​ក្រោយ​ពី​សាលា​ឧទ្ធរណ៍ ពុំ​បាន​ចាត់ការ​តាម​ការស្នើសុំ​របស់​ខ្លួន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ធ្វើ​លិខិត​ចុះ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១១ ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើ​អធិបញ្ជា​ឲ្យ​ព្រះរាជ្ញា​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​លោកឧ​ញ៉ា ខូវ ជឺលី និង​ស្នើ​ឲ្យ​ផ្ដន្ទាទោ​សលោក​ឧកញ៉ា ដែល​ត្រូវជា​ឪពុកក្មេក និង​ជា​ឪពុក​បង្កើត​របស់​លោក​ស្រី ស៊ុន សុត្ថា ឲ្យបាន​តឹងរ៉ឹង​បំផុត រួម​ទាំង​កូន​របស់​ឧកញ៉ា ខូវ ជឺលី បី​នាក់​ទៀត​។​

​លោក​មេធាវី​ទាំងពីរ បាន​ធ្វើ​ការបញ្ជាក់ថា “​រហូតមកដល់​ពេលនេះ សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ឯកឧត្តម ស៊ុន ចាន់ថុល ប្ដឹង​លោក​ឧកញ៉ា ខូវ ជឺលី មិនទាន់​ត្រូវបាន​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។ ដូច្នេះ ខ្ញុំ​គិតថា បើសិនជា​តុលាការ​កំពូល​សម្រេច​រឿងក្ដី​នេះ​ខុស នោះ​រឿង​អយុត្តិធម៌ និង​ភាព​គួរឲ្យ​សង្វេគ នឹង​កើតមាន​ចំពោះ​មនុស្ស​ស្លូតត្រង់​ជាច្រើន​នាក់​ទៀត ​រាប់ទាំង ចាន់ អង្គារ​រិទ្ធ កូនប្រុស​របស់​នាង ចាន់ សុខា នឹង​រស់​នៅ​កំព្រា គ្មាន​ឪពុក​ម្ដាយ​ជា​ទីពឹង តើ​អនាគត​របស់​ក្មេងប្រុស​នេះនឹង​ទៅជា​យ៉ាងណា​? តែ​ខ្ញុំ​ជឿថា តុលាការ​កំពូល​ជា​ស្ថាប័ន​យុត្តិធម៌​កំពូល​របស់​ជាតិ ជា​ក្ដីសង្ឃឹម​របស់​ប្រជារាស្ដ្រ​ ប្រាកដជា​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនក្ដី​របស់​យើងខ្ញុំ​”​។​

​គួរ​រម្លឹក​ដែរ​ថា កន្លង​មក​ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេចសេចក្ដី​ផ្ដន្ទាទោស​លោកស្រី សេង ចន្ទ​ដា និង​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ សុខ ឡាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ចំនួន ២០​ឆ្នាំ ហើយ​ឈ្មោះ ចាន់ សុខា និង​នាង​ស៊ី​ណាត ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១៨​ឆ្នាំ តែ​ឈ្មោះ យាន សុធារិទ្ធ ដែល​ជា​ជនសង្ស័យ​ដូច សុខ ឡាក់ ដែរ ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់ ហើយ​សាលាឧទ្ធរណ៍ក៏​សម្រេច​តម្កល់​សេចក្ដីសម្រេច​របស់​តុលាការនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល​។​

​រឿង​ក្ដី​ព្រហ្មទណ្ឌ​មួយ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត ជាពិសេស​មជ្ឈដ្ឋាន​អ្នកជំនួញ​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ចាំ​មើល​តុលាការ​កំពូលមាន​សេចក្ដីក្លាហាន ហ៊ាន​វះកាត់​រឿងក្ដី​ដ៏​ធំ​នេះ យ៉ាងដូចម្ដេច​?៕​ S

What Next?

Recent Articles

2 Responses to "តុលាការ​កំពូល បើក​សវនាការ​ជម្រះ​រឿង​ភរិយា​លោក​ឧកញ៉ា ខូវ ជឺលី នៅ​ថ្ងៃ​១៩​កញ្ញា​"

  1. RainBow Bee says:

    ចុងក្រោយកាប់សំលាប់គ្រួសារឯងព្រោះតែរឿងមាសប្រាក់។មានពេកក៏ពិបាក រស់ដែរមិនថាតែអ្នកក្រទេ

  2. Kdor Thom says:

    ឈាមវាស្រែក ស្បែកហៅតែអញ្ចឹង! ពួកអាពុករលួយទាំងអស់នោះ យ៉ាងម៉េចហើយពួកអាគាំទ្រផ្គាប់មុខ CPP?