05252013Headline:

កម្ពុជា​បញ្ជាក់​ជំហរ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ

អនុប្រធាន​សភា​ជាតិ​កម្ពុជា លោក ងួន ញ៉ិល នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា បាន​ជួប​ទ្វេភាគី​ជាមួយ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​បញ្ហា​បរិស្ថាន នៃ​សភា​ប្រជាជន​ចិន នៅ​ឯ​សភា​ជាតិ​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។

ដោយ សុខ សេរី
2012-09-19
​វិទ្យុ​អាស៊ីសេរី

អនុប្រធាន​សភា​ជាតិ​កម្ពុជា លោក ងួន ញ៉ិល (ស្តាំ) ជួប​ទ្វេភាគី​ជាមួយ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​បរិស្ថាន នៃ​សភា​ប្រជាជន​ចិន លោក ហង្ស ហ្សៀនចុង (Hang Xianhong) (កណ្ដាល) នា​សភា​ជាតិ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២។

អនុប្រធាន​សភា​ជាតិ​កម្ពុជា លោក ងួន ញ៉ិល (ស្តាំ) ជួប​ទ្វេភាគី​ជាមួយ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​បរិស្ថាន នៃ​សភា​ប្រជាជន​ចិន លោក ហង្ស ហ្សៀនចុង (Hang Xianhong) (កណ្ដាល) នា​សភា​ជាតិ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Sok Serey

នៅ​ក្នុង​ជំនួប​រយៈពេល​កន្លះ​ម៉ោង​នោះ ភាគី​កម្ពុជា និង​ចិន បាន​សម្ដែង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​ស៊ី​ជម្រៅ រវាង​ប្រទេស​ទាំង​ពីរ។

អនុប្រធាន​សភា​ជាតិ​កម្ពុជា លោក ងួន ញ៉ិល បាន​សម្ដែង​ការ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​បន្ត​ទៀត ដោយ​មិន​ងាក​រេ​ឡើយ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជាក់​ជំហរ​របស់​កម្ពុជា ថា មិន​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រទេស​ណា​មួយ​ឡើយ ប៉ុន្តែ​ដោះស្រាយ​ដោយ​សន្តិវិធី។

ការ​បញ្ជាក់​ជំហរ​ច្បាស់​លាស់​នេះ គឺ​នៅ​គ្រា​ដែល​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន កំពុង​តែ​មាន​ជម្លោះ​គ្នា​យ៉ាង​តាន​តឹង ដើម្បី​ដណ្ដើម​កាន់​កាប់​លើ​កោះ​មួយ​ឈ្មោះ​ឌីយ៉ាអូយូ (Diaoyu) ហៅ​ជា​ភាសា​ចិន ឬ​ឈ្មោះ​សេនកាគូ (Senkaku) ហៅ​ជា​ភាសា​ជប៉ុន។ ប្រទេស​ជប៉ុន និង​ប្រទេស​ចិន គឺ​ជា​មិត្ត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា។

អនុប្រធាន​សភា​ជាតិ​កម្ពុជា លោក ងួន ញ៉ិល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​នោះ​ថា ប្រទេស​ចិន គឺ​ជា​មហា​មិត្ត និង​ជា​បងប្អូន​ជាមួយ​ប្រទេស​កម្ពុជា។ កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​ឡើយ៖ «រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​យើង​ខ្ញុំ គឺ​មាត្រា​៥៣ បាន​ចែង​ថា ប្រកាន់​ខ្ជាប់​នូវ​ការ​រស់នៅ​ជា​មិត្តភាព សន្តិភាព​ជាមួយ​បណ្ដា​ប្រទេស​នៅ​ជិត​ខាង ហើយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​សន្តិ​សហវិជ្ជមាន។ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់​ប្រទេស​ចិន តែ​មួយ​គត់ គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រីឯ​បញ្ហា​កោះ​តៃវ៉ាន់ ឬ​មួយ​ក៏​ទីបេ គឺ​ជា​ផ្នែក​មួយ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន តែ​ប៉ុណ្ណោះ។ យើង​ខ្ញុំ​មិន​អាច​ភ្លេច​បាន​ទេ អំពី​ការ​អនុគ្រោះ​របស់​ប្រទេស​ចិន ក្នុង​ការ​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្រិត​អង្គការ​សហប្រជាជាតិ ឬ​នៅ​អង្គការ​យូនីស្គូ (UNESCO)។ យើង​ខ្ញុំ​ក៏​មិន​អាច​បំភ្លេច​បាន​អំពី​អ្វី​ដែល​ជា​ប្រជាពលរដ្ឋ​ចិន បាន​ផ្តល់​មក​ឲ្យ​កម្ពុជា។ ឧទាហរណ៍ ដូច​ជា ការ​អនុគ្រោះ​វិនិយោគទុន ការ​អនុគ្រោះ​ដល់​ទំនិញ​មិន​យក​ពន្ធ​ពី​កម្ពុជា ចូល​ទៅ​ចិន និង​កម្ចី​ប្រាក់​ឥត​យក​ការ​ប្រាក់ និង​ការ​ផ្តល់​ជំនួយ»

ជាមួយ​គ្នា​នេះ ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​បរិស្ថាន នៃ​សភា​ប្រជាជន​ចិន លោក ហង្ស ហ្សៀនចុង (Hang Xianzhong) បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា កម្ពុជា​បន្ត​គាំទ្រ​ចិន ផ្នែក​នយោបាយ ប៉ុន្តែ​ចិន​បន្ត​ជួយ​កម្ពុជា​វិញ ផ្នែក​ជំនួយ​ថវិកា៖ «ប្រទេស​ចិន ជួយ​ឧបត្ថម្ភ​ស្រុក​ខ្មែរ​ច្រើន។ សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ទំនាក់​ទំនង​ល្អ។ សង្ឃឹម​ថា រដ្ឋាភិបាល​ទាំង​ពីរ និង​ប្រជាជន​ទាំង​ពីរ ពិសេស​សភា​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ»

ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន និង​បំណុល​ចិន កន្លង​មក​នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​រិះគន់​កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ថា ប្រទេស​កម្ពុជា កំពុង​តែ​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត ដោយ​សារ​តែ​បំណុល​ចិន។

ទាក់​ទង​នឹង​បំណុល​នេះ​ដែរ ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ឆ្លង​ឯកសារ​យុទ្ធសាស្ត្រ ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles