ចម្ការខ្នុរ រមណីយដ្ឋានធម្មជាតិថ្មី ដ៏ពេញនិយម លើទឹកដីប៉ៃលិន

ប៉ៃលិនគឺជាខេត្ត មួយ ដែលស្ថិតនៅ ប៉ែកខាងលិច នៃប្រទេស កម្ពុជា និង ជាអតីតដែនដី ប្រកបដោយ សម្បត្តិ ធម្មជាតិ មានតម្លៃ ដែលគេ តែងហៅថា ជាទឹកដី ត្បូងពេជ្រ ហើយក៏សម្បូរ ទៅដោយ ព្រៃភ្នំ ជ្រលងដងអូរ ទឹកធ្លាក់ដ៏ ស្រស់បំព្រង គួរជាទី ពិតពិល រមិល មើល និងមាន រមណីយដ្ឋាន ទេសចរណ៍ ជាច្រើន ផងដែរ ដូចជា រមណីយដ្ឋាន ភ្នំយ៉ាត វត្តរតនសោភ័ណ ភ្នំស្ទឹងកុយ អូរអែម ក្បាល អូរតាវៅ ទឹកធ្លាក់ភ្នំខៀវ ៣២ ជាន់ ទឹកធ្លាក់បរហ៊ុយ ទំនប់ទឹកភ្នំ ជីងចក់ … ជាដើម ។

Written by ភ្នំពេញដេលីញូវ
Thursday, 20 September 2012

ក្នុងនោះ រមណីយដ្ឋាន ចម្ការខ្នុរ ដែលត្រូវបាន កែច្នៃ បែបធម្មជាតិ ក្រោយគេ មួយនេះ ក៏កំពុងទាក់ ទាញអារម្មណ៍ ភ្ញៀវទេសចរ ឱ្យចូលមក សម្រាក កម្សាន្ត ជាមួយ ទេសភាព នៃចម្ការ ដំណាំ របស់ ប្រជាកសិករ អមទៅដោយ ជ្រលងភ្នំ និង ស្នូរទឹកហូរ ប៉ប្រះនឹងថ្មដា លាយឡំ ជាមួយសម្រែក សត្វបក្សី បក្សា ស្តាប់ទៅ ហាក់បីដូចជា តូរ្យតន្ត្រីធម្មជាតិ យ៉ាងពីរោះរងំ គួរជាទី មនោរម្យ ។

រមណីយដ្ឋាន ចម្ការខ្នុរ មានចម្ងាយ ពីរាជធានី ភ្នំពេញ ប្រមាណ ៣៧៥ គីឡូម៉ែត្រ ហើយ មានចម្ងាយ ១៦ គីឡូម៉ែត្រ ពីក្រុងត្បូង ពេជ្រមួយនេះ ។ ប្រសិនបើ លោកអ្នក ធ្វើដំណើរ ទៅដល់ទី រួមខេត្ត ប៉ៃលិន ត្រូវបន្តដំណើរ ពីក្រុង ប្រហែល ៨ គីឡូម៉ែត្រ រួចបត់ ឆ្វេងតាមផ្លូវ លំក្រាល ក្រួសក្រហម និង ក្រួសភ្នំ ឆ្លងតាម ជ្រលងភ្នំ ៨ គីឡូម៉ែត្រទៀត ទើបទៅដល់ ទីកម្សាន្ត ដ៏មនោរម្យ មួយនេះ ។ រមណីយដ្ឋាន ចម្ការខ្នុរ ហ៊ុមព័ទ្ធ ទៅដោយ ចម្ការឈើ ហូបផ្លែ ចន្លោះជួរភ្នំ និង ដងស្ទឹង ដែលមាន អាកាសធាតុ ត្រជាក់ និង ស្រស់ត្រកាល គ្រប់រដូវ ដែលស្ថិត នៅក្នុងភូមិ បរហ៊ុយ សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នៅពេលចូល ទៅដល់ លោកអ្នក ប្រាកដជា ភ្ញាក់ផ្អើល ទៅនឹង ទេសភាព និង ជក់ចិត្ត ទៅនឹង បរិយាកាស ដែលមានដំណាំ ឈើហូបផ្លែ ដូចជា ស្វាយ មៀន តាង៉ែន សាវម៉ាវ ខ្នុរ ដែលចេញ ផ្លែផ្កាញ្រេង ញ្រតគួរជាទី ចង់គយគន់ ។ ពេលដែល កំពុង បុកល្ហុងឱ្យ ភ្ញៀវ បណ្តើរ អ្នកស្រី ទិត្យ ផល្លា អាយុ ៤៥ ឆ្នាំ ដែលជាអ្នក គ្រប់គ្រង និងជាម្ចាស់ រមណីយដ្ឋាន មួយនេះ បានរៀបរាប់ថា ចាប់តាំងពី បង្កើតមក កន្លែង កម្សាន្ត របស់គាត់ គឺភ្ញៀវ ទាំងជាតិ និង អន្តរជាតិ មានការ គាំទ្រណាស់ ពិសេសបងប្អូន ខ្មែរយើង ដែលរស់នៅ ប្រទេសទីបី តែងអញ្ជើញ មកលេង មិនដែលលស់ ថ្ងៃឡើយ ។ អ្វីដែលជា ចំណុច ទាក់ទាញ ខ្លាំងនោះ នៅទីនេះ ប្រកបដោយ អាកាសធាតុ ត្រជាក់ គ្រប់រដូវ មានខ្យល់ អាកាស បរិសុទ្ធ និងបាន ភ្លក្សនូវ រសជាតិផ្លែឈើ ព្រមទាំងម្ហូប អាហារ ទៅតាម គោលការ ធម្មជាតិពិតៗ គ្មាន សារធាតុ គីមី ថែមទៀតផង ។

អ្នកស្រីបាន រៀបរាប់ ឱ្យដឹងថា គាត់មាន ស្វាមីឈ្មោះ មួន យ៉ត អាយុ ៤៨ ឆ្នាំ ជាកងយោធពល ខេមរភូមិន្ទ និង មានកូនក្នុង បន្ទុកចំនួន ៨នាក់ ហើយមានស្រុក កំណើត នៅឯភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ហើយបាន មករស់នៅ ទីនេះ បន្ទាប់ពី សមាហរណកម្ម កាលពីឆ្នាំ ១៩៩៦ ។ ដំបូងឡើយ អ្នកស្រី គ្រាន់តែមក តាមស្វាមី ដែលផ្លាស់មក ឈរជើងនៅ ទីនេះទេ ហើយគ្រាន់តែ ចាប់របរធ្វើ ចម្ការតែប៉ុណ្ណោះ ដោយបានកាប់ ឆ្ការរុករាន ព្រៃយកដី ធ្វើចម្ការ ដើម្បី ចិញ្ចឹមជីវិត ។ ក្រោយពីតំបន់ ប៉ៃលិន ក៏ដូច ជាកម្ពុជាទាំងមូល ត្រូវបានបញ្ចប់ សង្គ្រាម ទាំងស្រុងនោះ កាលពីឆ្នាំ ២០០០ កន្លងទៅនៅក្នុង ខេត្តប៉ៃលិន ទាំងមូលដែលជា ខេត្តមួយសម្បូរ ដោយទេសភាព ស្រស់បំព្រង និង រមណីយដ្ឋាន កម្សាន្ត ជាច្រើននោះ ត្រូវបានបង្កើត ឡើងវិញ ជាបន្តបន្ទាប់ ហើយរមណីយ ដ្ឋាន ទឹកធ្លាក់ បរហ៊ុយ ក៏បានរៀបចំ បង្កើតដែរ ដើម្បី ឱ្យភ្ញៀវ ចូលទៅ សម្រាក និង ងូតទឹកកម្សាន្ត ។

អ្នកស្រីបាន បន្តថា គ្រានោះដោយសារ នៅមានគ្រាប់មីន បង្កប់ក្នុងដី ច្រើន ហើយមិនទាន់ មានផ្លូវ ស្រួលបួល មិនអាចប្រើ មធ្យោបាយអ្វី ក្រៅពីដើរ ដោយជើង នោះ ទំនេរពីការងារ ចម្ការអ្នកស្រី តែងធ្វើជាអ្នក នាំផ្លូវភ្ញៀវ ដោយ ក្នុងភ្ញៀវម្នាក់ ទទួលបានកម្រៃ ពីប្រាំទៅ ប្រាំមួយរយបាទ ( ប្រាក់សៀម ) ស្មើនឹងប្រាំ ទៅប្រាំមួយ ពាន់រៀល តែប៉ុណ្ណោះ ។ ដោយសារគ្មាន ផ្លូវធ្វើដំណើរ ស្រួលបួល គឺដើរតាម ផ្លូវលំបាក តោងវល្លិ និង មែកឈើនោះ ហើយសម្លឹងមើល ឃើញនៅតំបន់ ចម្ការ របស់គាត់ អំណោយ ផលល្អ អាចកែច្នៃ ឱ្យទៅជា តំបន់កម្សាន្ត ដ៏សែន មនោរម្យមិន ចាញ្ញ់ទឹកធ្លាក់ បរហ៊ុយ ហើយមាន សុវត្ថិភាព ផងនោះ អ្នកស្រីក៏រៀបចំ បង្កើត ឡើងនៅក្នុងឆ្នាំ ២០០៤ ដែលដំបូងឡើយ មានត្រឹម បីទៅបីបួន តូបប៉ុណ្ណោះ ហើយ ដោយសារតែ ភ្ញៀវកាន់តែ ចូលមកសម្រាក កម្សាន្តច្រើន ឡើងៗនោះ សព្វថ្ងៃ កន្លែងរបស់ អ្នកស្រីមាន តូបកើនឡើង ចំនួន ៤៥ ហើយ ។

ម្ចាស់ចម្ការដដែល បានប្រាប់ឱ្យ ដឹងដែរថា មូលហេតុដែល ភ្ញៀវចូលចិត្ត មកសម្រាក លម្ហែនៅ ចម្ការខ្នុរនេះ ព្រោះទីនេះ មានទេសភាព ស្រស់ស្អាត អមដោយ ចម្ការឈើផ្លែ ជាច្រើន ហើយមានខ្យល់ អាកាសត្រជាក់ គួរជាទី មនោរម្យ មិនថា រដូវប្រាំង ឬ រដូវវស្សានោះ ទេ និង មានទឹកស្ទឹង ខួបប្រាំង ខួបវស្សា ហូរប៉ប្រះផ្ទាំង ថ្មដា លាយឡំជា មួយសម្រែក បក្សីបក្សា ហាក់បីដូចជា តូរ្យតន្ត្រី យ៉ាងពីរោះរងំ ធ្វើឱ្យ មានអារម្មណ៍ ស្រស់ថ្លាអស់ ក្តីកង្វល់ ផងទាំងពួង ។ អ្នកស្រី ផល្លា ក៏បានប្រាប់ ដែរថា នៅទីនេះមាន បម្រើម្ហូប អាហារ គ្រប់តាម តម្រូវការ ហើយភ្ញៀវ ក៏អាចភ្លក្ស រសជាតិ ផ្លែឈើស្រស់ មានដូចជា ស្វាយផ្អែម មៀន តាង៉ែន សាវម៉ាវ និង ខ្នុរទៀត ផង ដែលដាំតាម គោលការ ធម្មជាតិ សុទ្ធសាធ មិនមានប្រើ សារធាតុគីមី ឡើយហើយម្ហូប ដែលល្បីល្បាញ ប្រចាំហាង នៅទីនេះ ដែលធ្វើឱ្យភ្ញៀវ ជាប់ ចិត្ត និង ល្បីតៗគ្នា គឺមាន់ដុតខ្នុរ និង មាន់ឆាក្រវាញ ព្រមទាំង បុកល្ហុង ចម្ការខ្នុរ ។

លោក បូរ៉ា ដែលជា អាណិកជន រស់នៅ ប្រទេសបារាំង ដែលកំពុង សម្រាក ជុំគ្នាជាមួយ ក្រុមគ្រួសារ នៅលើតូបមួយ ជាប់នឹងមាត់ស្ទឹង ដែលត្រជាក់ ដូចជាទឹក កកនោះបាន មានប្រសាសន៍ ថា “ខ្ញុំធ្លាប់មក កម្សាន្ត នៅទីនេះបាន ពីរលើកហើយ ហើយនៅពេល ដែលខ្ញុំ មកលេង ស្រុកកំណើត នៅឯខេត្ត បាត់ដំបងនោះ ខ្ញុំតែងឆ្លៀត ចូលមក ទីនេះ មិនដែល ខានទេ ព្រោះត្រជាក់ស្រួល ហើយខ្ញុំពិតជា ឈ្លក់វង្វេង នឹងទេសភាព ចម្ការដំណាំ របស់ ប្រជាពលរដ្ឋ នៅទីនេះ ណាស់” ។

ចំណែកឯអ្នកស្រី ចន្ធី ក៏បានឱ្យ ដឹងដែរថា គាត់មាន ទីលំនៅ នៅរាជធានី ភ្នំពេញ ឯណោះ ហើយមក ប៉ៃល៉ិននេះ ដើម្បីយកតង្វាយ មកថ្វាយយាយ យ៉ាត លាមាត់លា-ក តែដោយឮគេ ល្បីថារមណីយដ្ឋាន ចម្ការខ្នុរ នេះសប្បាយ ទើបបង្ហួស មកលេង គឺដូចគេ ថាមែន មានទេសភាព និង ខ្យល់អាកាស ល្អបរិសុទ្ធ ហើយ ដោយសារតែ ខ្យល់ត្រជាក់ គាត់ បានសម្រាក លក់មួយភាំង ទៅហើយ ។

រមណីយដ្ឋាន ចម្ការខ្នុរ មិនមែនគ្រាន់តែ ជាកន្លែងសម្រាប់ សម្រាកកម្សាន្ត របស់មនុស្ស ពេញវ័យ ប៉ុណ្ណោះទេ ហើយក៏មាន រៀបចំជាសួន យ៉ាងស្រស់ស្អាត សម្រាប់ កុមារផងដែរ ។ ប្រសិនបើ ភ្ញៀវគ្រាន់តែ ចូលទៅ កម្សាន្តស្រូប យកខ្យល់ អាកាស ឬ យកម្ហូបអាហារ ទៅជាមួយនោះ ក៏បានដែរ គ្រាន់តែបង់ថ្លៃ តូបមួយ ក្នុងតម្លៃ ១៥.០០០ រៀល តែប៉ុណ្ណោះ ។ ចុងក្រោយ អ្នកស្រី ទិត្យ ផល្លា ក៏បាន បង្ហើបឱ្យ ដឹងដែរថា គាត់កំពុងមាន គម្រោងបង្កើតឱ្យ មានផ្ទះសំណាក់ សម្រាប់ ភ្ញៀវដែល ចង់មក សម្រាកពេល រាត្រីផងដែរ ។

ចំណែកឯ លោក សុល ហុងឌុល ប្រធានមន្ទីរ ទេសចណ៍ រខត្តប៉ៃលិន បាន មានប្រសាសន៍ តាមរយៈ ទូរស័ព្ទថា ចាប់តាំងពីខេត្ត ប៉ៃលិន មានការ អភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ បានស្អាតល្អមក កំណើនភ្ញៀវ ទេសចរ កើនឡើង ជាលំដាប់ គឺចាប់ពី ៧០.០០០ ទៅ ៨០.០០០ នាក់ ជារៀង រាល់ថ្ងៃ ដែលក្នុងនោះ ភ្ញៀវទេសចរ បរទេស មានចំនួនពី ២.០០០ ទៅ ៣.០០០ នាក់ ហើយក្នុងនោះ តំបន់ទេសចរណ៍ កម្សាន្តនានា ក៏កើតមានច្រើន ជាហូរហែ ផងដែរ ហើយវាក៏ជា ការបង្កើននូវ ប្រាក់ចំណូល ដល់ ប្រជាពលរដ្ឋ ដែលរស់នៅ តាមតំបន់ ទេសចរណ៍ ទាំងនោះផងដែរ តាមរយៈការ បម្រើសេវាកម្ម នានាដល់ ភ្ញៀវ ៕

What Next?

Recent Articles

One Response to "ចម្ការខ្នុរ រមណីយដ្ឋានធម្មជាតិថ្មី ដ៏ពេញនិយម លើទឹកដីប៉ៃលិន"

  1. hi says:

    That is love