កម្មករកម្មការិនីរោងចក្រដេរសំលៀកបំពាក់ជាង ៣០០នាក់ បានជ្រួលច្របល់ពេញរោងចក្រ បន្ទាប់ពីបានដឹងថា ថៅកែរបស់ពួកគេបានស្លាប់ដោយមិនដឹងមូលហេតុនៅក្នុងផ្ទះជួល កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។
ដោយ ខែ សុណង
2012-09-20
វិទ្យុអាស៊ីសេរី
កម្មករកម្មការិនីធ្វើការក្នុងរោងចក្រដេរសំលៀកបំពាក់ឈ្មោះ ដាប់ប៊លវីន (Double Win) ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងព្រួយបារម្ភចំពោះការទទួលខុសត្រូវក្នុងរោងចក្រ បន្ទាប់ពីថៅកែរបស់ពួកគេបានស្លាប់ដោយពុំដឹងមូលហេតុ កាលពីថ្ងៃទី១៩ ខែកញ្ញា។
ប្រធានផ្នែកដេរនៅរោងចក្រដាប់ប៊លវីន អ្នកស្រី ទូច ស្រី បានឲ្យដឹងថា រោងចក្រនេះមានកម្មករចំនួន ៣៦៦នាក់ ហើយជាប្រភេទរោងចក្រស៊ីឈ្នួលដេរសំលៀកបំពាក់បន្តពីរោងចក្រ គីម សេង និងរោងចក្រ ចុងហាវ។ អ្នកស្រីបន្តថា កម្មករបានផ្អើលឆោឡោបន្ទាប់ពីភាគីរោងចក្រទាំងពីរបានមកប្រមូលក្រណាត់ និងសម្ភារៈដែលកម្មករកំពុងធ្វើការដាក់លើរថយន្តយ៉ាងប្រញាប់ បន្ទាប់មកក៏បានឮដំណឹងថា ថៅកែស្លាប់តែម្ដង។ បញ្ហានេះបានធ្វើឲ្យកម្មករបារម្ភអំពីប្រាក់ឈ្នួលដែលពួកគាត់បានធ្វើការជាងកន្លះខែមក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលពុំទាន់មានអ្នកទទួលខុសត្រូវនៅឡើយ។ រីឯដំណឹងនៃការស្លាប់របស់ថៅកែកំពុងស្ថិតនៅក្នុងភាពមន្ទិលសង្ស័យ។
អ្នកស្រី ទូច ស្រី៖ «ជ្រួលច្របល់មូលហេតុអ៊ីចេះ អីវ៉ាន់ពួកខ្ញុំប្រជុំម្សិលមិញហ្នឹង ថាឲ្យចេញឲ្យអស់ថ្ងៃនេះ ប្រញាប់អ៊ីចឹងណា! ដល់ពេលហើយទៅមកកញ្ឆក់កញ្ឆែងពីកម្មករដេរហ្នឹង ពីកម្មកររោងចក្រគេមកមានចិន មានខ្មែរមានអ្នកបកប្រែមកដណ្ដើមរបៀបដូចចោរប្លន់អ៊ីចឹង ដល់អ៊ីចឹងផ្អើលឈូពេញរោងចក្រ ខោអាវមិនទាន់ដេរទាំងផ្លាកទាំងអីប្រមូលទៅទាំងអស់។ ខាងកម្មករបារម្ភរឿងប្រាក់ខែ លុយបំណាច់ឆ្នាំ និងប្រាក់ប្រាំភាគរយ ព្រោះអីរដូវបុណ្យភ្ជុំផងអត់ឃើញមាននរណាមួយដោះស្រាយអ៊ីចឹងភ័យខ្លាចរឿងអត់ប្រាក់ខែអត់អ៊ីចឹង។ អ្នកគ្រប់គ្រងបន្តពីគាត់មានចែធំមួយទៀត តែស្ដាប់ទៅគាត់ធ្វើការជាមួយមួយឆ្នាំជាងហ្នឹង អត់ទាន់បានបើកប្រាក់ខែផង»។
ឆ្លើយតបបញ្ហានេះ អ្នកគ្រប់គ្រងទូទៅនៃរោងចក្រ ដាប់ប៊លវីន អ្នកស្រី សួន ចន្ថា បានឲ្យដឹងថា ថៅកែជាជនជាតិចិនតៃវ៉ាន់ ឈ្មោះ ចាង ជីងជ័ង អាយុ ៦៥ឆ្នាំ បានស្លាប់នៅលើផ្ទះល្វែងជាផ្ទះជួលក្បែររោងចក្រដោយពុំដឹងមូលហេតុ ហើយប៉ូលិស និងគ្រូពេទ្យបានធ្វើកោសល្យវិច័យហើយ។
អ្នកស្រីបន្តថា ចំពោះការខ្វល់ខ្វាយរបស់កម្មករទាក់ទងទៅនឹងបញ្ហាប្រាក់ឈ្នួលនោះ រោងចក្រនឹងដោះស្រាយជូនកម្មករទៅតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ អ្នកស្រី សួន ចន្ថា មិនបានបញ្ជាក់ប្រាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច័យនោះទេ៖ «គេធ្វើកោសល្យវិច័យហើយៗ ប៉ុន្តែខ្ញុំមិនដឹងថាយ៉ាងម៉េចដែរទេ ខាងប៉ូលិសហ្នឹង គេអត់ទាន់បានប្រាប់មកខាងខ្ញុំផង ហើយខ្ញុំក៏អត់បានសួរនាំផង ហើយខ្ញុំរវល់តែខ្វល់ខ្វាយ។ មានអីទេសាកសពគាត់ប្រហែលជាគាត់ធ្វើអត្តឃាតខ្លួនឯងច្រើនជាង»។
ប្រធានផ្នែកដេរម្នាក់ទៀត ឈ្មោះ ស៊ីវន បានថ្លែងថា ការស្លាប់របស់ថៅកែរោងចក្រនេះ ហាក់ដូចជាមិនមានមន្ទិលសង្ស័យ និងមិនបង្ហាញពីមូលហេតុនៃការស្លាប់ឲ្យកម្មករបានដឹងច្បាស់សោះ៖ «និយាយទៅលទ្ធផលគេអត់ឲ្យយើងដឹង ខ្ញុំទៅជិតកន្លែងផ្ទះជួលកន្លែងសាកសពថៅកែហ្នឹងដែរ ប៉ុន្តែគេអត់ឲ្យចូលទេ»។
កម្មករបានអះអាងថា នៅយប់ថ្ងៃទី១៩ កញ្ញានេះ ពួកគេបាននាំគ្នាដាក់កម្លាំងយាមល្បាតសម្ភារៈក្នុងរោងចក្រខ្លាចមានការដឹកចេញដោយប្រការណាមួយនោះ ហើយសម្ភារៈទាំងនោះ នឹងត្រូវរក្សាទុកដើម្បីយកមកទូទាត់ថ្លៃប្រាក់ឈ្នួលជូនកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។