ភ្នំពេញ: ស្ត្រីថៅកែហាងអ៊ុតសក់ មីកាហ្សា ទល់មុខស្តាតចាស់ ជិតស្ពានជ្រោយចង្វារ រួមទាំងមនុស្ស ៦ នាក់ ផ្សេងទៀត ត្រូវបានប៉េអឹម ចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងផ្ទះសំណាក់ ស្រែលាភ និងហាងកាហ្វេ ស៊ីធីខេត នៅផ្លូវចូលវត្តនាគវ័ន តាមមហាវិថីសហព័ន្ធរុស្ស៊ី ជិតភ្លើងស្តុបសាលាតិចណូ។ ការចាប់ខ្លួន ថៅកែហាងអ៊ុតសក់ មីកាហ្សា និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតនោះ ត្រូវបានប៉េអឹម ចោទប្រកាន់ពីបទ ជួញដូរមនុស្ស គឺការជួញដូរផ្លូវភេទ តាមរយៈការនាំនារី ទៅដេកតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីរួមភេទជាមួយនឹងភ្ញៀវប្រុសៗ។
ថ្ងៃទី 20 កញ្ញា 2012
ដោយ: វិសាល
CEN

មនុស្ស ចំនួន ៧នាក់ រួមទាំងស្ត្រីថៅកែហាង មីកាហ្សា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនក្នុងរឿងជួញដូរផ្លូវភេទ
ផ្ទះសំណាក់ ស្រែលាភ ស្ថិតក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក។ រីឯហាងកាហ្វេ ស៊ីធីខេត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រតិបត្តិការចាប់ខ្លួនស្ត្រីថៅកែហាងអ៊ុតសក់ និងបក្ខពួក ៦ នាក់ផ្សេងទៀតនោះ ធ្វើឡើង កាលពីវេលាម៉ោង ១៧ និង ៤៥ នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២។
ប៉េអឹម បានបញ្ជាក់ថា ប្រតិបត្តិការនោះ អនុវត្តន៍ឡើង ដោយយោងទៅលើបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឲ្យស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ នៅផ្ទះសំណាក់ ស្រែលាភ កាលពីជាងកន្លះខែមុន។
ហេតុដូច្នេះហើយ ទើបនៅវេលាម៉ោងខាងលើនេះ សមត្ថកិច្ចជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ រួមនឹងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិបត្តិការឆែកឆេរ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៧ នាក់ នៅក្នុងផ្ទះសំណាក់ ស្រែលាភ និងនៅហាងកាហ្វេ ស៊ីធីខេត ដែលស្ថិតនៅជិតវត្តនាគវ័ន តាមមហាវិថីសហព័ន្ធរុស្ស៊ី ជិតភ្លើងស្តុបសាលាតិចណូ។
មនុស្សទាំង ៧នាក់ នោះ រួមមាន៖ ១-ឈ្មោះ ចាន់ ស្រីណុច ហៅ មុំ ភេទស្រី អាយុ៣៨ឆ្នាំ ជាម្ចាស់ហាងអ៊ុតសក់យីហោ មីកាហ្សា ដែលមានទីតាំងផ្ទះលេខ៣៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ២-ឈ្មោះ ឡេ ហឿង ភេទស្រី អាយុ ២៩ឆ្នាំ ជាអ្នកលក់ខោអាវជជុះ នៅខេត្ដបន្ទាយមានជ័យ ស្នាក់នៅភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ, ៣-ឈ្មោះ ជឹម ស្រីនួន ហៅ នួន មានអាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, ៤-ឈ្មោះ វណ្ណ ណារ៉ា ហៅមុំ ភេទស្រី អាយុ ២៣ឆ្នាំ ជាជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ១១៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ៥-ឈ្មោះ វណ្ណ សម្ផស្ស ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលលេខ១១៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, ៦-ឈ្មោះ ហេង ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ ជាជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ១៧E0 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ គង់ ចាន់ដួង ភេទប្រុស អាយុ ២៥ឆ្នាំ ជាសន្ដិសុខ និងជាអ្នកយាមឡានម៉ូតូ នៅហាងមីកាហ្សា ផ្សារចាស់ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។
ស្ត្រីថៅកែហាងអ៊ុតសក់ មីកាហ្សា ជាប់ចោទថា ជាម៉ែយ៉ែម ទាក់ទងស្ត្រីក្មេងៗ រាប់ទាំងតារាៗ ដើម្បីឲ្យទៅបម្រើផ្លូវភេទ តាមសណ្ឋាគារ ឬក៏នៅតាមផ្ទះសំណាក់។
ក្នុងប្រតិបត្តិការនោះ ប៉េអឹម ឃាត់ខ្លួន ជាក់ស្តែង ក្នុងបទល្មើសជួញដូរផ្លូវភេទ នៅក្នុងផ្ទះសំណាក់ ស្រែលាភ ចំនួន ៤ នាក់ និងបីនាក់ទៀត ឃាត់ខ្លួន នៅក្នុងហាងកាហ្វេស៊ីធីខេត ដែលស្ថិតនៅផ្លូវចូលវត្តនាគវ័ន និងផ្លូវចូលទៅកាន់ ផ្ទះសំណាក់ ស្រែលាភ។
ប៉េអ៊ឹម បានដកហូតរថយន្តចំនួនពីរគ្រឿង។ មួយគ្រឿង ម៉ាក កាមរីបាឡែន និងមួយគ្រឿងទៀត ម៉ាក កាមរីឆ្លាម យកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
មកដល់ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ស្ត្រីថៅកែហាងអ៊ុតសក់ មីកាហ្សា និងបក្ខពួក ៦ នាក់ផ្សេងទៀត ត្រូវបានប៉េអឹម សួរនាំ នៅទីបញ្ជាការដ្ឋានប៉េអឹម នៅជិត អង់តែនទួលគោក។ តែក៏មានដំណឹងខ្លះថា មានមួយចំនួន ត្រូវបានដោះលែង ដោយសារមិនពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទថ្មី តាមរយៈការនាំនារី ទៅដេកតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីរួមភេទជាមួយនឹងភ្ញៀវប្រុសៗ៕





