05202013Headline:

ជីវិតអ្នកលេងសាដៀវ ឧបករណ៍ភ្លេង ដែលសឹងតែគេភ្លេចបាត់

ភ្នំពេញ: ​យុវជន​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដែលមាន​ទឹកមុខ​ស្រគត់ស្រគំ កំពុង​អង្គុយ​លើ​កៅអី​មួយ ក្រោម​ពន្លឺភ្លើង​អគ្គិសនី​លឿង​ស្រាល​ព្រាលៗ ដោយ​ដៃ​ម្ខាង​កាន់​ដង​ផ្អិ​ប​នឹង​ទ្រូង ឯ​ដៃ​ម្ខាង​ទៀត​កេះ​ចុង​ខ្សែ​មួយៗ ដែលមាន​សំឡេង តឹង​! តឹង​! ពីរោះ​យ៉ាង​រងំ​។ នោះ​ហើយ​ជា​យុវជន លន់ សុ​ផានិត ដែល​កំពុង​អង្គុយ​លែង​សាដៀវ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅ​ក្រុងភ្នំពេញ​។

ថ្ងៃទី 23 កញ្ញា 2012
ដោយ: វឿន សាវុធ​
CEN

យុវជន លន់ សុ​ផានិត ដែល​កំពុង​អង្គុយ​លែង​សាដៀវ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅ​ក្រុងភ្នំពេញ

យុវជន លន់ សុ​ផានិត ដែល​កំពុង​អង្គុយ​លែង​សាដៀវ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅ​ក្រុងភ្នំពេញ

​សាដៀវ​ជា​ឧបករណ៍​តន្ត្រី​ភ្លេងខ្មែរ​បុរាណ​មួយ​ប្រភេទ ដែលមាន​ខ្សែលួស​ស្ពាន់​តែមួយ និង​មាន​សំបក​ឃ្លោក​មូល​មួយ​កំណាត់​ទ្រ​ភ្ជាប់​ពីក្រោម ព្រមទាំង​មាន​ដង​ប៉ោល​សម្រាប់​រឹតបន្តឹង ឬ​បន្ធូរ ហើយក៏​ជា​ឧបករណ៍​មួយ​ដែល​កម្រ​នឹងមាន​អ្នកចេះ​លែង​ណាស់ដែរ​។ ក៏ប៉ុន្តែ​យុវជន លន់ សុ​ផានិត​បាន​ចេះ​លែង​ឧបករណ៍​នេះ ហើយ​បាន​យក​វា​ជា​អាជីព​មួយ​ដើម្បី​រកប្រាក់ កម្រៃ​បន្តិចបន្តួច​បន្ត​ការសិក្សា​។​

​យុវជន​លន់ សុ​ផានិត​បាន​រៀន​ឧបករណ៍​ភ្លេង​សាដៀវ នេះ​ចាប់តាំងពី​ឆ្នាំ​២០០៤ រហូតមកដល់ ឆ្នាំ​២០១២​នេះ ដោយ​លោកតា​របស់គាត់​ជា​សាស្ត្រ​ចា​រ្យ​ខាង​ភ្លេងខ្មែរ​បុរាណ ដែល​ភ្លេង​ការ ភ្លេងបុរាណ​ជាដើម រួចហើយ​យុវជន​រូបនេះ​បាន​រៀន​ជាមួយ​លោកតា​របស់ខ្លួន ព្រមទាំង​មានការ​គាំទ្រ​ពី​សិល្បៈ​ខ្មែរ​អមតៈ​(​អង្គការ​អមតៈ​)​។ ក្រោយមក​អង្គការ​អមតៈ​ចាប់ផ្តើម​ឧបត្ថម្ភ​ជា​ថវិការ និង​បាន​ប្រមូល​សិស្ស​ឲ្យ​រៀន​ជា​ក្រុម ទើប​យុវជន​លន់ សុ​ផានិត​បានចាប់ផ្តើម​រៀន​សាដៀវ​ជាមួយ​លោកតា​របស់ខ្លួន រហូតមកដល់​សព្វថ្ងៃ​នេះដែរ​។​

ជីវិតអ្នកលេងសាដៀវ ឧបករណ៍ភ្លេង ដែលសឹងតែគេភ្លេចបាត់

យុវជន លន់ សុ​ផានិត ដែល​កំពុង​អង្គុយ​លែង​សាដៀវ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង នៅ​ក្រុងភ្នំពេញ

​លន់ សុ​ផានិត​បាន​និយាយថា “​ឧបករណ៍​ខ្ញុំ​ចេះ​លេង​ច្បាស់ និង​ជំនាញ​ជាងគេ គឺ​សាដៀវ​នេះឯង ហើយ​ចេះ​លែង​ឧបករណ៍​បន្ទាប់បន្សំ​មាន​ប៉ីអ ទ្រខ្មែរ ចាប៉ីដងវែង ប៉ីពក ថ្វីត្បិតតែ​លែង​មិន​ដូច​លោកតា​ខ្ញុំ​មែន ខ្ញុំ​នៅតែ​ព្យាយាម​លេង​វា​ដែរ​”​។​

​ដើម្បី​លេង​ឧបករណ៍​សាដៀវ​ឲ្យ​បាន​ពីរោះ យុវជន លន់ សុ​ផានិត​បាន​សម្តែង​ពី​អារម្មណ៍​ផ្ទាល់​របស់ខ្លួន គឺថា​បទ​ភ្លេង​ទាំងអស់ គឺ​វា​អ​ស្រ័យ​ទៅលើ​បទ​នីមួយៗ​ហើយ​សុទ្ធតែ​ពិ​រោះ​រៀងៗ​ខ្លួន​ដែរ​។​

​លន់ សុ​ផានិត​បាន​និយាយ​បន្តថា “​យើង​លេង​ទៅ​វា​ពីរោះ​មិន​ពីរោះ គឺ​វា​នៅលើ​អារម្មណ៍​អ្នកភ្លេង​ហ្នឹង ពេលដែល​យើង​លេង​ទៅ គឺ​វា​មាន​សច្ចធម៌​របស់​វា​នៅក្នុង​ហ្នឹង ភាព​ត្រឹម​របស់​វា​ដែរ ។ ប្រសិនបើ​បទ និង​ទំនោរ​របស់​វា​ហ្នឹង ហើយ​អារម្មណ៍​របស់​យើង​ពុំ​ដាក់​ទៅតាម​ទំនោរ​នៃ​បទ​ដែល​យើង​លេង​នោះទេ គឺ​យើង​លែង​មិន​បានល្អ​ទេ បានន័យថា​យើង​លេង​អត់​ត្រូវ​សច្ចធម៌ អត់​ត្រូវ​នឹង​ដែន​កំណត់​ដែល​បទ​នោះ​មាន អ៊ីចឹង​នៅពេល​លែង​ទៅ​អត់​មាន​អ្នកមើល​យើង​ទេ​”​។

​នៅពេល​លែង​បទ​ភ្លេង​ម្តងៗ ប្រសិនបើ​មាន​ភាព​រញ៉េរញ៉ៃ គឺ​យុវជន​យើង​លេង​បទ​នោះ​មិនត្រូវ​ទេ ហើយ​លេង​មិនសូវ​កើត​ទៀតផង ។​

​លន់ សុ​ផានិត​បាន​បន្តទៀតថា “​អារម្មណ៍​របស់​យើង​គឺ​ផ្តោតទៅលើ​បទ​នីមួយៗ ប្រសិនបើ​បទ​ភ្លេង​នោះ​បែប​សម័យ បែប​ជា​ចង្វាក់​ញាប់ នៅពេល​លែង​ទៅធ្វើ​ឲ្យ​ចង្វាក់បេះដូង​យើង​ដើរទៅ​តាម​នោះ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ​។ តែបើ​បទ​មនោ​សស​ញ្ចេ​ត​នា​ឬ​ជា​បទ​កម្សត់​នៅពេលនោះ​យើង​លេង​ត្រូវដាក់​ទឹកមុខ​ទៅតាម​ហ្នឹង​”​។​

“​ភាគច្រើន​បទ​ដែល​ខ្ញុំ​លេង មាន​បទ​ខ្មៅ​បង បទ​ក្អែក​ដើរ​ដី បទ​ចោល​ចាប ដែលជា​បទ​ភាគច្រើន​នៅពេល​ខ្ញុំ​ស្រ​ម៉ៃ​ឃើញ​នៅ​វាលស្រែ ឃ្វាលគោ​អ៊ីចឹង ដែល​ខ្ញុំ​លេង​ទៅ​ហាក់បីដូចជា​ខ្ញុំ​កំពុង​ផ្សារភ្ជាប់​អារម្មណ៍​របស់ខ្ញុំ​ទៅនឹង​ទិដ្ឋភាព​ទាំងនោះ ” ។​លន់ សុ​ផានិត​បាន​បន្ថែម​។​

​យោងតាម​សម្តី​របស់​យុវជន​លន់ សុ​ផានិត​នោះ សាដៀវ​យើង​អាច​លេង​លាយ ជាមួយ​បទ​សម័យ​បាន តែ​ដោយ​អ្នក​សម័យ​គិតថា​សាដៀវ​នេះ កម្រ​មាន​អ្នកលេង​ណាស់ ហើយ​គិតថា​គ្មាន​អ្នកណា​អាច​លេង​ចំរុះ​បាន ជាមួយ​បទ​ក​ន្រឹ្ទ​ម ឬមួយ​បទ​សារា​វ៉ាន់​បាន​នោះទេ ព្រោះថា​គ្មាន​អ្នកណា​បានគិត​នឹក​ដល់​ឡើយ​។​

​យុវជន លន់ សុ​ផានិត​បាន​ចូល​ជា​ក្រុម​ដែលមាន​ឈ្មោះថា “​ម៉ោ​ន​ស្តឺ​(Monster)” ក្រុម​នេះ​មាន​គ្នា​៥​នាក់ ដែលមាន​ជនជាតិ​បរទេស​ម្នាក់ ឈ្មោះថា “​ដេវីដ ហ្គា​ន់​” លោក​ជា​អ្នកដឹកនាំ និង​ជា​អ្នក​កាន់​ខាង​ភ្លេង​អេ​ឡិច​ត្រូ​និ​ច កុំព្យូទ័រ ហើយ​ជនជាតិខ្មែរ​មាន​គ្នា​៤​នាក់ ព្រមទាំង​មាន​ស្រី​ម្នាក់​ផងដែរ​។ ណាមួយ​ការលេង​លាយ​បញ្ចូល​គ្នា​នេះ​ត្រូវបាន​សម្តែង​នៅ​វិទ្យាស្ថាន​បារាំង នៅ​កម្ពុជា​ទៀតផង​។​

​យុវជន​លន់ សុ​ផានិត​បាន​និយាយ​រៀបរាប់ថា “​តាម​ការពិត​អាចធ្វើ​បាន ហើយ​ពិ​រោះ​ទៀត លោក​ដេវីដ ហ្គា​ន់​បាន​យក​ភ្លេង​អេ​ឡិច​ត្រូ​និ​ច​របស់គាត់​មក​បង្កើត​ភ្លេង​អារម្មណ៍ គាត់​យក​ចង្វាក់ភ្លេង​ទាំងអស់​ដែលមាន​សំឡេង​គោ​រោទិ៍ ឬមួយ​សំឡេង​សត្វ​យំ ហើយ​ថត​នូវ​ទិដ្ឋភាព​ទុក្ខសោក ឬ​ភាពសប្បាយ​រីករាយ​មក​លាយ​ចូលគ្នា​ទាំងអស់​”​។​

​យុវជន​លន់ សុ​ផានិត​បាន​និយាយទៀតថា “​នៅពេល​លេង​លាយ​គ្នា​ហើយ គាត់​បាន​ឲ្យ​ខ្ញុំ​លេង​សាដៀវ​ជាមួយ​ដែរ ហើយ​យើង​នឹក​ទៅ​ទិដ្ឋភាព​អារម្មណ៍​ទាំងអស់នោះ ទៅតាម​អារម្មណ៍​ដែល​យើង​នឹកឃើញ​ហ្នឹង​ឲ្យ​វា​ស៊ីចង្វាក់​គ្នា​ទៅ រួច​ខ្ញុំ​ធ្លាប់បាន​លាយ​ជាមួយ​បទ​ក​ន្រឹ្ទ​ម​ទៀតផង​”​។​

​យុវជន​លន់ សុ​ផានិត​បានមក​លេង​សាដៀវ​នៅក្នុង​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​។ ក្នុង​មួយខែ​គាត់​លេង​៤​ដង ហើយ​មួយអាទិត្យ​លេង​តែម្តង​ទេ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ចាប់ផ្តើម​លែង​ពី​ម៉ោង​៤ ដល់​ម៉ោង​៦​ល្ងាច គឺមាន​រយៈពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​។​

ឥឡូវនេះ សុផាត​បានរៀបចំ​សរសេរ​គម្រោង​មួយ​ដែល​ទាក់ទង​នឹង​សាដៀវ ឧបករណ៍​ភ្លេងខ្មែរ និង​ប្រពៃណី​ខ្មែរ ដែលមាន​ជា​ភាគ ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​បានដឹងថា​អ្វី​ទៅជា​ឧបករណ៍​ភ្លេងខ្មែរ តើ​អ្វី​ជា​សីលធម៌​ខ្មែរ ប្រពៃណី​ខ្មែរ យ៉ាងណាខ្លះ​៕​

What Next?

Recent Articles

8 Responses to "ជីវិតអ្នកលេងសាដៀវ ឧបករណ៍ភ្លេង ដែលសឹងតែគេភ្លេចបាត់"

  1. ខ្ញុំសូមគាំទ្រ និង ជូនពរអោយបានសេចក្តីសុខ គ្រប់ពេលវេលា ដើម្បីរក្សាកេរ្ត៍ដំណែលដ៎ពិរោះរងំមួយនេះ ។

  2. សិរីរត្ន័ខេមមា says:

    អរគុណណាស់ កូនខ្មែរពិតៗ

  3. ភភ says:

    ខ្ញុំ សុំគាំទ្ររគាត់ នឺង ជូនពរគាត់មានអ្នកគាំទ្ររអោយកាន់តែច្រើន!!!

  4. ខ្មែរ says:

    ក្នុងនាមខ្ញុំជាកូនខ្មែរមួយ រូបខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះលោក ដែលបានចូលរួមចំនែក​ថែរក្សាកេរ្តិ៏មរតកខ្មែរ។

  5. Angry Bird says:

    សូមកូនខ្មែរទាំងឡាំយត្រូវចេះស្រលាញ់ឧបករណ៍តន្រ្តីខ្មែរ និងនិយាយប្រាប់ ទាំកូនចាំ និងមិត្តយើងផង។ មិនតែប៉ុណ្ណោះ ត្រូវប្រាប់មិត្តភក្តិយើងផង

  6. សំរាប់ខ្ញុំជាកូនខ្មែរម្នាក់ ខ្ញុំពិតជាស្រលាញ់ឧបកណ៏ភ្លេងនេះណាស់។ពិរោះ ស្តាប់ទគឺមានន័យណាស់។

  7. ប្រុសពៅ says:

    សូមគាំទ្រពេញ ទំហឹងចំពោះ ការលើកតំកើន ភ្លេងខ្មែរ ! សង្ឃឹមថាកូនខ្មែរទាំងអស់ ចងចាំ ស្រលាញ់ នឹងថែរក្សា នូវអត្តសញ្ញាណជាតិមួយនេះចុះ។

  8. hong vansamedi says:

    i want to study this equipment how can i do i wan so much