បញ្ហាជម្លោះផលប្រយោជន៍គណបក្សនយោបាយនៅតាមមូលដ្ឋានបានកម្រើកឡើងវិញហើយ ដោយមន្ត្រីបក្សប្រឆាំង បានចោទមេឃុំថា យកការងាររដ្ឋបាលឃុំ ទៅធ្វើនៅក្នុងការិយាល័យរបស់បក្សទៅវិញ។
ដោយ ខែ សុណង
2012-09-23
វិទ្យុអាស៊ីសេរី
ជំទប់ឃុំរបស់គណបក្ស សម រង្ស៊ី បានចោទមេឃុំមកពីគណបក្សប្រជាជនកម្ពុជាថា យកកិច្ចការរដ្ឋបាលរបស់សាលាឃុំយកទៅធ្វើក្នុងការិយាល័យគណបក្សប្រជាជនកម្ពុជាទៅវិញ។ ករណីនេះគឺជាការកេងចំណេញផ្នែកនយោបាយ។
ទំនប់ទី២ គណបក្ស សម រង្ស៊ី នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក មាស ប៉េង ថ្លែងនៅថ្ងៃទី២២ កញ្ញាថា មេឃុំបានយកការិយាល័យគណបក្សប្រជាជនកម្ពុជាធ្វើលិខិតស្នាមនានា ក្នុងម៉ោងធ្វើការរបស់រដ្ឋឲ្យប្រជាពលរដ្ឋ។ លោកថា ករណីនេះគឺវាខុសទៅនិងគោលការណ៍ច្បាប់ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ដែលបញ្ហានេះនឹងធ្វើឲ្យគ្មានតុល្យភាពផ្នែកនយោបាយ។
លោកសុំឲ្យមេឃុំធ្វើការក្នុងសាលាឃុំដូចធម្មតាវិញ៖ «ច្បាប់មន្ត្រីរាជការសាធារណៈធ្វើការបម្រើក្នុងស្ថាប័នមួយៗ ក្នុងម៉ោងរដ្ឋបាលរបស់ខ្លួន ក្នុងការិយាល័យការងាររបស់ខ្លួន។ ក្រៅម៉ោងការងារទើបធ្វើការឱ្យបក្សបាន។ ហេតុអីនៅឃុំបន្ទាយដែក នៅក្នុងម៉ោងធ្វើការទៅធ្វើនៅក្នុងមន្ទីរបក្ស ដូចជា ធ្វើសំបុត្រកំណើត ធ្វើលិខិតស្នាមនានា។ ប្រជាពលរដ្ឋចូលទៅណែនណូន ហើយមន្ទីរបក្សតាំងរូបសញ្ញាអី។ ទីពីរប៉ះពាល់ដល់នយោបាយ។ អ៊ីចឹងទៅធ្វើហ្នឹងគេអាចធ្វើចលនានយោបាយ។ គេធ្វើចលនាប្រជាពលរដ្ឋ ចេះតែឱ្យប្រជាពលរដ្ឋគាំទ្រគេអ៊ីចឹងទៅ យើងអាចសន្និដ្ឋានថា អ៊ីចឹង»។
យ៉ាងណាក៏មេឃុំ បន្ទាយដែក លោក ឃួន គង់ ដែលរងការចោទប្រកាន់បានបដិសេធចំពោះបញ្ហានេះ។ លោកអះអាងថា ម្ដងម្កាលប៉ុណ្ណោះដែលលោកបានឆ្លៀតយកការងាររដ្ឋបាលទៅធ្វើក្នុងការិយាល័យបក្ស ដោយហេតុផលថា មន្ទីរឃុំមានទំហំតូចចង្អៀត និងពុំមានកន្លែងអង្គុយគ្រប់តម្រូវការពលរដ្ឋដែលមកធ្វើលិខិតស្នាមនានា។
លោក ឃួន គង់៖ «បាទ! មិនមែនរាល់ថ្ងៃឯណា គឺទើបម្សិលមិញម្សិលម្ង៉ៃ។ មន្ទីរឃុំអត់មានកៅអី ពីព្រោះស្មៀនក៏អត់នៅ ជំទប់ទីមួយ ក៏អត់នៅ គ្នាមកជួយធ្វើអត្តសញ្ញាណប័ណ្ណផង ហើយនឹងចុះឈ្មោះបោះឆ្នោតផង។ អ៊ីចឹងមនុស្សចេញអស់ពីឃុំទៅ។ ជំទប់ទីមួយ ក៏អត់នៅ ជំទប់ទីពីរក៏អត់នៅ ហើយប្រជាជនច្រើន ឱ្យគាត់ឈរហាលភ្លៀងយ៉ាងម៉េច។ ចង់ធ្វើម៉េចបម្រើប្រជាជនឱ្យចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ទីមួយ។ ទីពីរ ឱ្យបានអត្តសញ្ញាណគ្រប់ៗ គ្នា»។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី នាយកប្រតិបត្តិអង្គការ និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា បានពន្យល់ថា ការប្រើប្រាស់ទីស្នាក់ការគណបក្ស ដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋក្នុងនាមជាក្រុមប្រឹក្សាឃុំ គឺជាការខុសឆ្គងមួយ គឺខុសពីច្បាប់ និងខុសពីតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហង្ស ពុទ្ធា៖ «ក្រសួងមហាផ្ទៃ លោកអាចដាក់ពិន័យបាន ក្នុងករណីបែបហ្នឹង។ ប៉ុន្តែស្រុកយើងចេះតែមិនអីទេ ម្ដងម្កាលបន្តិចបន្តួច។ ជាគោលការណ៍ត្រូវតែទទួលពិន័យហើយ។ ទីមួយព្រមានផ្ទាល់មាត់ ទីពីរលាយលក្ខណ៍អក្សរ ទីបីដាក់ពិន័យតែម្ដង។ ពិន័យហ្នឹងអាចដល់ការបញ្ឈប់គាត់ទៅតាមការប្រព្រឹត្ត»។
កន្លងមកធ្លាប់លិចឮព័ត៌មានថា មេឃុំឬក៏មន្ត្រីថ្នាក់ក្រោមដែលប្រកាន់និន្នាការគណបក្សប្រជាជនកម្ពុជាបានយកម៉ោងរដ្ឋបាលរដ្ឋ ទៅបម្រើការងារគណបក្សនយោបាយ។ ក៏ប៉ុន្តែលើកនេះ បែរជាយកកិច្ចការរដ្ឋបាលរបស់រដ្ឋទៅធ្វើក្នុងការិយាល័យបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកគុម្មុយនិស្ដផ្ដាច់ការទាំងនេះ មិនដែលធ្វើការបំរើជាតិទេ គេធ្វើបំរើតែបក្សគេតែប៉ុណ្ណោះ។
មេធំរបស់cpp ជាថៅកែក្រុមហ៊ុន កម្ព ុជា ខ្មែរ មានឈ្មោះថា សាដាម Hun sen
ថៅកែស្រីឈ្មោះ ទ្រឿង រ៉ានី គេចង់ធ្វើអីស្រេចតែក្បាលវ៉ាល់គេ បើមិនធ្វើតាមគេអាច
ជាប់គុក រឺ ចេតរ៉ូយ ។