ប៉ូលិស​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ស្ត្រី​ថៃ​ម្នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ជាង​៥​គីឡូក្រាម

ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ ម្នាក់ ព្រម​ទាំង​រឹបអូស​បាន​គ្រឿង​ញៀន ប្រភេទ​មេតំហ្វេតាមីន (Methamthetamines) ជាង ៥គីឡូ​ក្រាម កាល​ពី​រសៀល​ថ្ងៃ​ពុធ​ទី២៦ ខែ​កញ្ញា។

ដោយ ហង្ស សាវយុត
2012-09-27
​វិទ្យុ​អាស៊ីសេរី

២៧-កញ្ញា-២០១២៖ ស្ត្រី​ជន​ជាតិ​ថៃ ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) ត្រូវ​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប ចាប់​ខ្លួន​ជាមួយ​នឹង​វត្ថុ​តាំង​គ្រឿង​ញៀន​ជាង ៥គីឡូក្រាម។

២៧-កញ្ញា-២០១២៖ ស្ត្រី​ជន​ជាតិ​ថៃ ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) ត្រូវ​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប ចាប់​ខ្លួន​ជាមួយ​នឹង​វត្ថុ​តាំង​គ្រឿង​ញៀន​ជាង ៥គីឡូក្រាម។ RFA/Hang Savyouth

លោក​វរៈ​សេនីយ៍​ទោ នន់ សុផាន្នី ជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​កញ្ញា ថា សមត្ថកិច្ច​មាន​ការ​សង្ស័យ​ទៅ​លើ​ស្ត្រី​ជន​ជាតិ​ថៃ ម្នាក់​ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) អាយុ ៤៩​ឆ្នាំ នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​តាម​យន្តហោះ មក​ដល់​ប្រលាន​យន្តហោះ​អន្តរជាតិ ខេត្ត​សៀមរាប ហើយ​មាន​ចំណុច​ខុស​ធម្មតា។ បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ ហើយ​ប្រទះ​ឃើញ​គ្រឿង​ញៀន​ទំងន់ ៥​គីឡូ និង ៦៤០​ក្រាម។

លោក​វរៈ​សេនីយ៍​ទោ នន់ សុផាន្នី៖ «មេតំហ្វេតាមីន ម្សៅ​គ្រើម​ទឹក​កក។ មាន​ព័ត៌មាន​ពី​ខាង​ប៉ូលិស​ច្រក​ទ្វារ នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ សៀមរាប ហ្នឹង គាត់​មាន​បញ្ជី​ឈ្មោះ​អ្នក​ចុះ​មក គាត់​ឃើញ​មាន​បញ្ជី​ឈ្មោះ​គួរ​ឱ្យ​សង្ស័យ។ នាង​ហ្នឹង​មួយ មក​ពី​ញូដេលី (New Daily) ប្រទេស​ឥណ្ឌា ហើយ​ប្ដូរ​ជើង​យន្តហោះ នៅ​កូឡាឡាំពួរ (ប្រទេស​ម៉ាឡេស៊ី)។ ដល់​អីចឹង ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​មក​ពី​កូឡាឡាំពួរ មក​ចុះ​សៀមរាប មិន​ទៅ​ថៃ? ដូច្នេះ យើង​ឆ្ងល់ៗ​ក៏​សង្ស័យ ចាប់​ផ្ដើម​ធ្វើ​ការ​ឆែកឆេរ»

នេះ​ជា​លើក​ទី២ ហើយ​ដែល​ប៉ូលិស​បាន​ឃាត់​ខ្លួន​ជន​បរទេស និង​រឹបអូស​គ្រឿង​ញៀន​ខុស​ច្បាប់ ដែល​បាន​ឆ្លង​កាត់​ខេត្ត​សៀមរាប ក្នុង​រយៈពេល ១ខែ​ជាប់ៗ​គ្នា។

កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លង​ទៅ ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ ម្នាក់ អាយុ ២៩ឆ្នាំ និង​បុរស​ជន​ជាតិ​ហ្វីលីពីន ម្នាក់ អាយុ ៣៩ឆ្នាំ ដោយ​រឹបអូស​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន ជាង ៣គីឡូ​ក្រាម និង ៤​ខាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ប៉ូលិស​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ស្ត្រី​ថៃ​ម្នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ជាង​៥​គីឡូក្រាម"

  1. mission impossible says:

    authority, needs to be tough , very tough on this issues..