សម អាន់ដា ​ប្ដេជ្ញា​តាម​សុំ​ស្នេហ៍​ នៅ សូនីតា ឲ្យ​បាន

ភ្នំពេញៈ តារា​ចម្រៀង​គ្រាប់​ពូជ​របស់​ផលិតកម្ម ខេអេច ប្រូម៉ូហ្សិន រូប​សង្ហា សម អាន់ដា ​បាន​ប្រកាស​ពី​ការ​តាំង​ចិត្ត​តាម​ស្រឡាញ់​ តារា​សម្តែង​ និង​ម៉ូដែល​រូប​ស្រស់​ថ្ពាល់​ខួច នៅ ​សូនីតា លុះ​ដល់​នាង​ដើរ​ចែក​ធៀបការ​ជាមួយ​ប្រុស​ផ្សេង។​ ផ្ទុយ​ពី​ការ​តាំង​ចិត្ត​របស់ អាន់ដា នោះ​ នៅ សូនីតា​ បាន​ប្រាប់​ថា ស្នេហា​នាង​ និង​លោក​អាន់ដា មិន​មាន​ទេ មាន​ត្រឹម​តែ​ការ​រាប់​អាន​គ្នា​ជាមិត្ត​ភក្តិ​តែ​ប៉ុណ្ណោះ​។

Wednesday, 10 October 2012​
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង និង​ដើរ​ម៉ូដ​ជំនាន់​ក្រោយ​នាង នៅ សូនីតា វ័យ​ក្មេង​។ រូប​ថត សហ​ការី

តារា​សម្តែង និង​ដើរ​ម៉ូដ​ជំនាន់​ក្រោយ​នាង នៅ សូនីតា វ័យ​ក្មេង​។ រូប​ថត សហ​ការី

កំលោះ សង្ហា​និង​ជា​តារា​ចម្រៀង​ដ៏​ល្បី​របស់​ផលិតកម្ម ខេអេច ប្រូម៉ូហ្សិន លោក សម អាន់ដា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ដោយ​មិន​មាន​ការ​លាក់​លៀម​ថា ​លោក​ពិត​ជា​មាន​ចិត្ត​ស្រឡាញ់​ កញ្ញា​ នៅ​ សូនីតា​ ដោយ​ចិត្ត​ស្មោះមែន ហើយ​ថែម​ទាំង​មាន​បំណង​ឲ្យ​ចាស់​ទុំ​ចូល​ទៅ​ចែចូវ កញ្ញា​នៅ​ សូនីតា ដល់​ឪពុក​ម្តាយ​របស់​នាង​ទៀត​ផង​។

លោក​ អាន់​ដា ​បាន​បន្ត​ថា៖«ខ្ញុំ​មាន​ចិត្ត​ទៅ​លើ​តារា​សម្តែង​កញ្ញា​ នៅ​ សូនីតា​ នេះ​រយៈ​២ឆ្នាំ​ហើយ​ ពោល​គឺ​តាំង​ពី​ពួក​យើង​ចាប់​ផ្តើម​សម្តែង​ជា​មួយ​គ្នា​ដំបូង​ម្ល៉េះ»។

ប៉ុន្តែ តារា​ចម្រៀង​ដែល​ក្រាញន​នៀល​ជា​មួយ​ផលិតកម្ម ខេអេច ប្រូម៉ូហ្សិន មិន​ស្រមើ​ស្រមៃ​ចង់​ដូរ​ផលិតកម្ម​ដូច​មិត្ត​រួម​ទ្រនំ​ សម​ អាន់ដា បាន​បញ្ជាក់​ឲ្យ​ដឹ​ងថា​ រយៈ២​ឆ្នាំ ដែល​ខ្លួន​មាន​ចិត្ត​ស្រឡាញ់​នាង​សូនីតា នេះ​ ខ្លួន​មិន​ដែល​បាន​សារ​ភាព​ប្រាប់​នាង​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ​ ក្រៅ​ពី​អ្នក​ទាំង​ពីរ​បាន​ត្រឹម​បណ្តើរ​គ្នា​ទៅ​ចូល​រួម​កម្មវិធី​មិត្ត​ភក្តិ​ម្តងម្កាល និង​ទៅ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​នោះ។

បើ​ទោះ​ជា​ រយៈ​កន្លង​មក​ លោក​មិន​បាន​សារភាព​ប្រាប់​នាង​ដោយ​ផ្ទាល់​មាត់ និង​មិន​ទាន់​ទទួល​បាន​ចម្លើយ​ថា យ៉ាង​ណា​ពី​នាង​ក៏​ដោយ តែ​លោក​អះអាង​ថា កន្លង​មក​លោក​តែង​សម្គាល់​មើល​ចិត្ត​នាង​ដែរ​ ហើយ​ការ​សម្គាល់​នោះ ​អាច​និយាយ​បាន​ដែរ​ថា សូនីតា​ ក៏​មាន​​ចិត្ត​លើ​លោក​ខ្លះ​ដែរ​។

ផ្ទុយ ពី​ការ​គិត​របស់​លោក​ អាន់ដា ​នោះ ​មុន​នេះ ​កញ្ញា ​នៅ ​សូនីតា ​បាន​ប្រកាស​ដាច់​ខាតថា នាង​មិន​មាន​ចិត្ត​បង្កើត​ចំណង​ស្នេហា​ជាមួយ​លោក​ សម​ អាន់ដា​ សូម្បី​កូន​ចិត្ត​តូច​មួយ​ក៏​គ្មាន​ដែរ​ ក្រៅ​ពី​ចាត់​ទុក​ អាន់ដា ជា​មិត្តភក្តិ និង​ដូចជា​បង​ប្រុស​នាង​នោះ។ ជាមួយ​ការ​បដិសេធ​មិន​មាន​អារម្មណ៍​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​ លោក​ សម​ អាន់ដា​ នោះ​នាង​ក៏​បាន​ប្រកាស​ដោយ​បើក​ចំហ​ថា ​មិន​ទទួល​យក​ស្វាមី​ ដែល​មាន​អាជីព​ជា​អ្នក​សិល្បៈ​ទៀត​ផង​ ដោយ​នាង​និយាយ​ថា មួយ​ជាតិ​នេះ ​បើ​រក​ប្តី​មិន​បាន​ក៏​មិន​យក​ដែរ​ស្វាមី​ជា​អ្នក​សិល្បៈ​នោះ​។

បើ​ទោះ​ជា ស្រី​ស្រស់​ថ្ពាល់​ខួច​មាន​មន្ត ស្នេហ៍ សូនីតា​ ប្រកាស​មិន​ទទួល​យក​ចិត្ត​ស្នេហ៍​ពី​លោក​អាន់ដា យ៉ាង​ណា​ក៏​ដោយ​ តែ​លោក សម​ អាន់​ដា​ បាន​ប្រកាស​ពី​ជំហរ​តាម​សុំ​ស្នេហ៍​នាង សូនីតា​ មិន​ដក​ថយ​ឡើយ​។ លោក​អះអាង​ថា ថ្ងៃ​ដែល​លោក​ដក​ចិត្ត​ឈប់​តាម​​ស្រឡាញ់​កញ្ញា នៅ​ សូនីតា​ លុះ​ណា​តែ​ថ្ងៃ​នោះ​ កញ្ញា​ នៅ​ សូនីតា​ ដើរ​ចែក​ធៀប​រៀប​ការ​ជាមួយ​អ្នក​ផ្សេង តែ​បើ​ដរាប​ណា កញ្ញា នៅ សូនីតា ​នៅ​ទំនេរ​ខ្លួន​មួយ​ដូច​ពេល​នេះ ​នោះ​គឺ​បេះដូង​លោក​នៅ​តែ​ថត​រូប​នាង​ទុក​ជានិច្ច ហើយ​លោក​ក៏​មិន​ទាន់​អស់ សង្ឃឹម​ដែរ។ ជាមួយ​ការ​តាំង​ចិត្ត​នេះ​ទៀត​ តារា​ចម្រៀង​សង្ហា​រូប​នេះ បាន​ប្រៀប​ប្រដូច​ស្នេហា​គេ​មាន​ចំពោះ​កញ្ញា​នៅ សូនីតា ទៅ​នឹង​សេចក្តី​ស្នេហា រវាង​នេន​ទុំ និង​នាង​ទាវ​ទៀត​ផង​។

លោក សម អាន់ដា បាន​បញ្ជាក់​ថា៖​«ក្រោយ​ពេល​ដែល​មាន​បណ្តាញ​សារព័ត៌មាន​ចេញ​ផ្សាយ​ថា កញ្ញា​ នៅ ​សូនីតា​ និយាយ​ថា ​នាង​មិន​មាន​ចិត្ត​លើ​ខ្ញុំ​នោះ ​ខ្ញុំ​ក៏​បាន​ខល​ទៅ​សួរ​នាង​ដែរ តែ​ពេល​នោះ នាង​បាន​ប្រាប់​ខ្ញុំ​ថា ពាក្យ​នោះ​នាង​មិន​បាន​និយាយ​ទេ ខាង​សារព័ត៌មាន​នោះ​គេ​និយាយ​បំផ្លើស​ហ្នឹង​»។

ទាក់ទិន​នឹង​រឿង​រ៉ាវ​ នេះ​ដែរ អ្នក​ស្រី នង​ សុភា ​ជា​ម្តាយ​បង្កើត​របស់​ កញ្ញា ​នៅ ​សូនីតា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ឲ្យ​ដឹង​ផង​ដែរ​ ដោយ​អ្នក​ស្រី​និយាយ​ថា៖​«រឿង​ក្មេងៗ​អ្នក​ស្រី​មិន​សូវ​ជា​បាន​ដឹង​ទេ ប៉ុនែ្ត​អ្នក​ស្រី​អះអាង​ថា​ កូន​ខ្ញុំ សូនីតា​ នាង​នៅ​ក្មេង​ណាស់​ ឆ្នាំ​នេះ​អាយុ​២២​ឆ្នាំ និង​នៅ​សិក្សា​ទៀត ខ្ញុំ​មិន​ទាន់​ចង់​ឲ្យ​កូន​គិត​ពី​រឿង​នេះ​ទេ ទុក​ឲ្យ​នាង​រៀន​បាន​ខ្ពស់​ជាង​នេះ ​ដូច​ប៉ា ចប់​អនុបណ្ឌិត»។

ជាមួយ​គ្នា​នោះ​អ្នក​ស្រី​ក៏​បាន​លើក​ឲ្យ​ដឹង​ទៀត​ថា៖​«សព្វ​ថ្ងៃ​នេះ​ ប៉ា ម៉ាក់​ នៅ​ផ្ទះ​ក៏​កំពុង​តែ​ឈឺក្បាល​នឹង​ព័ត៌មាន​ពី​រឿង ទំនាក់​ទំនង​ស្នេហ៍​កូន​ជាមួយ​លោក​ អាន់ដា នេះ​ដែរ​»។ អ្នក​ស្រី​បន្ត​ថា៖​«​ខ្ញុំ​ដឹង​ត្រឹម​ថា លោក​ អាន់ដា ​ជា​មិត្ត​ភក្តិ​រាប់​អាន​កូន​ខ្ញុំ​ធម្មតាៗ​ទេ​ តែ​ចំណែក​ស្នេហា​នោះ​ខ្ញុំ​មិន​បាន​ដឹង​ទេ »។

ប៉ុន្តែ​អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ស្រី​មិន​ប្រកាន់​ថា អ្នក​នៅ​ក្នុង​សិល្បៈ​ឬ​ក្រៅ​សិល្បៈ​នោះ ទេ ​ឲ្យ​តែ​កូន​ពេញ​ចិត្ត​ ហើយ​អ្នក​នោះ​នាំ​ចាស់​ទុំ​ចូល​តាម​ផ្លូវ​ប្រពៃណី​នោះ ​អ្នក​ស្រី​នឹង​គិត​គួរ​តាម​នោះ​ហើយ​រឿង​លោក​អាន់ដា តាម​ស្រឡាញ់​កូន​អ្នក​ស្រី លុះ​ដល់​ពេល​ណា​ក៏​មិន​បាន​ខ្វល់​ដែរ ព្រោះ​ថា​រឿង​នេះ​វា​អាស្រ័យ​លើកូន​របស់​អ្នក​ស្រី​មាន​ចិត្ត ឬ​មិន​មាន​ចិត្ត​៕

What Next?

Recent Articles