អ្នក​សិល្បៈ​កម្ពុជា​ជា​ច្រើន​រូប​ ជាប់​ឈ្មោះ​នៅ​ក្នុង ​បញ្ជី​ខ្មៅ​កាណាដា

ភ្នំពេញៈ សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​ឲ្យ​ដឹង​តាម​សេច​ក្តី​ប្រកាស​របស់​ស្ថានទូត​កាណាដា​នៅ​ប្រទេស​ថៃ​ថា អ្នក​សិល្បៈ​កម្ពុជា​ជា​ច្រើន​រូប​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ ប្រទេស​កាណាដា និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ជាន់ដី​ប្រទេស​កាណាដា​ឡើយ។

Wednesday, 10 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​សម្តែង​ និង​ក្រុម​ភ្លេង​កម្ពុជា​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មុន​ពេល​ទៅ​សម្តែង​នៅ​បរទេស​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​សម្តែង​ និង​ក្រុម​ភ្លេង​កម្ពុជា​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មុន​ពេល​ទៅ​សម្តែង​នៅ​បរទេស​។ រូបថត សេត គឹមសឿន

រៀង​រាល់​ឆ្នាំ​មាន​អ្នក​សិល្បៈ​កម្ពុជា​ជា​ច្រើន​រូប​បាន​ទទួល​ឱកាស​ចេញ​ ទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​កាណាដា​ ហើយ​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ឡើយ។ ភាគ​ច្រើន​អ្នក​ដែល​បាន​ទៅ​សម្តែង​ច្រៀង​នៅ​ទីនោះ ពួក​គេ​រមែង​ជួប​នឹង​បញ្ហា​មិន​អាច​ចៀស​ផុត​ដែល​បណ្តាល​ឲ្យ​អ្នក​សិល្បៈ​ មួយ​ចំនួន​ត្រូវ​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ប្រទេស​កាណាដា ហើយ​អ្នក​សិល្បៈ​ខ្មែរ​ល្បីៗ​មួយ​ចំនួន​បាន​ទទួល​ការ​ពិន័យ​​មិន​ឲ្យ​ចូល កាណា​ដា​រយៈ​ពេល​៣​ឆ្នាំ ឬ​ច្រើន​ជាង​នេះ។

លោក ឃុន ដេវីត អ្នក​ធានា​អ្នក​សិល្បៈ​កម្ពុជា និង​ជា​សមាជិក​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​តារា​សម្តែង​កម្ពុជា​ស្រី​ប្រុស​ភាគ​ច្រើន​ត្រូវ​បាន​ធានា​មក​ កាន់​ប្រទេស​កាណាដា​ក្នុង​បំណង ​ធ្វើ​ការ​សម្តែង​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ប្រទេស​កម្ពុជា​វិញ​ ក្នុង​រូប​ភាព​លើក​ស្ទួយ​សិល្បៈ​វប្ប​ធម៌​ខ្មែរ​ ជួយ​ដល់​ក្មេង​កំព្រា និង​អ្នក​ខ្វះខាត​ក្នុង​ជីវភាព​ជា​ដើម​។

យោង​តាម​ម្ចាស់​ស្ពនស័រ​មួយ ​ចំនួន​បញ្ជាក់​​ថា បញ្ហា​ដែល​រមែង​កើត​ឡើង​ជា​ញឹកញាប់​បែប​នេះ​ ជា​មូល​ហេតុ​ចម្បង​ពិបាក​ក្នុង​ការ​ធានា​អ្នក​សិល្បៈ​កម្ពុជា​ទៅ​សម្តែង ឬ​ក៏​លេង​នៅ​ប្រទេស​កាណាដា​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដូច​បាន​លើក​ឡើង នេះ ទើប​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​កាល​ពី​ ថ្ងៃ​អាទិត្យ​ ទី​៧ ខែ​តុលា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ដើម្បី​រក​វីធី​ទប់ស្កាត់។


លោក ឃុន ដេវីត បាន​និយាយ​ថា៖​«​តាម​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ម្សិល​មិញ សមាជិក​របស់​យើង​មាន​គម្រោង​ជួយ ដល់​តារា​ចម្រៀង​ តារា​សម្តែង និង​តន្ត្រីករ​កម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​បាន​មក​សម្តែង​នៅ​ប្រទេស​កាណាដា​ ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​ស្គាល់ បាន​ជួប​ជាមួយ​នឹង​សមាគម​ខ្មែរ និង​ជួប​ជាមួយ​នឹង​ប្រជាជន​ខ្មែរ​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កាណា​ដា ហើយ​ជួយ​ពួក​គេ​ដើម្បី​រក​ប្រាក់​ជួយ​ប្រទេស​កម្ពុជា​វិញ​»។

លោក​បាន​ បន្ត​ថា៖​«​តាម​កម្ម​វិធី​តារា​ចម្រៀង​កម្ពុជា​២​ដួង​គឺ​កុល ដាវី និង​ ឆៃលី ដាឡែន ត្រូវ​មក​ដល់​ទីនេះ​[កាណាដា] នៅ​ថ្ងៃ​ទី១៧ តុលា​នេះ ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហា​ជើង​ហោះ​ហើរ ដូច្នេះ​ពួក​គេ​នឹង​មក​ដល់​ទីនេះ​យឺត​បន្តិច​»។

តាម​រយៈ​កិច្ច​ប្រជុំ​ របស់​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​ឲ្យ​ដឹង​ថា អ្នក​សិល្បៈ​កម្ពុជា​ជា​ច្រើន​ដួង​ប្រាថ្នា​ចង់​មក​សម្តែង​ច្រៀង​នៅ​ប្រទេស​ កាណាដា និង​ប្រទេស​ឯនាយ​សមុទ្រ​ជា​ច្រើន​ទៀត ប៉ុន្តែ​ពួក​គេ​គ្មាន​សំណាង គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង ដូច្នេះ​ពួក​គេ​គ្មាន​ការ​អនុញ្ញាត​។

ការ​មក សម្តែង​របស់​ ឆៃលី ដាឡែន ក៏​មក​ស្រប​គ្នា​នឹង​ អេឡិច ច័ន្ទត្រា ដែរ ប៉ុន្តែ​ពួក​គេ​មិន​អាច​សម្តែង​រួម​គ្នា​បាន​ទេ ព្រោះ ឆៃលី ដាឡែន និង​ កុល ដាវី មាន​ការ​ងារ​សម្តែង​ជាក់​លាក់​មួយ​នៅ​កាណាដា ពោល​គឺ​មាន​ដែន​កំណត់​ក្នុង​ការ​សម្តែង​។

លោក ឃុន ដេវីត បាន​បញ្ជាក់​ថា៖ « ប្រសិន​ពួក​គេ​ធ្វើ​ដោយ​គ្មាន​ការ​អនុញ្ញាត មន្ត្រី​ស៊ើប​អង្កេត​អន្តោ​ប្រវេស្តន៍​អាច​នឹង​ចាប់​ខ្លួន​ពួក​គេ​បាន​នៅ នឹង​កន្លែង​»។

ដោយ​សារ​តែ​បញ្ហា​នេះ ក្នុង​នាម​តំណាង​ឲ្យ​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា លោក ឃុន ដេវីត បាន​សុំ​អំពាវ​នាវ​ដល់​អ្នក​ស្ពនស័រ​ទាំង​អស់​នៅ​ប្រទេស​កាណាដា ត្រូវ​តែ​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ច្បាប់​របស់​ប្រទេស​កាណាដា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ចៀស​វាង​កើត​មាន​បញ្ហា​ណា​មួយ​ចំពោះ​អ្នក​សិល្បៈ​ខ្មែរ​សម្រាប់​ពេល​បច្ចុ​ ប្បន្ន និង​អនាគត​។

ជាមួយ​គ្នា​នោះ​លោក ឃុន ដេវីត ក៏​បាន​លើក​ឡើង​ពី​ឈ្មោះ​របស់​អ្នក​សិល្បៈ​កម្ពុជា​ល្បី​ៗ​មួយ​ចំនួន​ផង​ដែរ ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៅ​កាណាដា និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​កាណាដា​រយៈ​ពេល​៣​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​។ អ្នក​មាន​មុខ​មាត់​ម្នាក់​ក្នុង​សមាគម​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​សិល្បៈ​ក្នុង​បញ្ជី​ខ្មៅ​ទាំង​នោះ​រួម​មាន​ តារា​ចម្រៀង យន់ សុភាព យ៉ុង ចាន់​កន្និកា ម៉ូលីនី ពេជ្រ សោភា និង មាស សុខ​សោភា ព្រម​ទាំង​តារា​មួយ​ចំនួន​ទៀត​។ ពួក​គេ​ត្រូវ​បាន​ប្រកាស​ដោយ​មន្ត្រី​អន្តោប្រវេស្តន៍​របស់​កាណាដា​នៅ​ ទីក្រុង​បាង​កក​ប្រទេស​ថៃ​។

តារា​ចម្រៀង សុគន្ធ និសា និង ឈិត សុវណ្ណ​បញ្ញា បាន​ទៅ​សម្តែង​នៅ​កាណាដា​យ៉ាង​ជោគ​ជ័យ និង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ​ឡើយ ពោល​គឺ​ពួក​គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្អ​នៅ​ទីនោះ​។ តាម​រយៈ​ការ​សាង​កេរ្តិ៍​ឈ្មោះ​ប្រសើរ​ឡើង​វិញ​នេះ លោក ឃុន ដេវីត និង​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា​សង្ឃឹម​ថា អ្នក​សិល្បៈ​កម្ពុជា​នឹង​ទទួល​ការ​អនុញ្ញាត​បាន​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ ប្រទេស​កាណាដា​កាន់​តែ​ច្រើន​។

ក្នុង​បញ្ជី​តារា​ចម្រៀង​ដែល​មាន​បញ្ហា​ នៅ​ប្រទេស​កាណាដា​គេ​ក៏​ឃើញ​មាន​ឈ្មោះ​តារា​ចម្រៀង​ល្បី មាស សុខ​សោភា ផង​ដែរ​។ តែ​ចំពោះ​ការ​បញ្ចេញ​ឈ្មោះ​បែប​នេះ លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​នៅ​ផលិតកម្ម​ថោន និង​ជា​បង​ប្រុស​មាស សុខ​សោភា បាន​ប្រាប់​ថា លោក​មិន​បាន​ដឹង​រឿង​នោះ​ទេ ហើយ​ប្អូន​ស្រី​របស់​លោក​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ដែរ​នៅ​ពេល​ចេញ​ទៅ សម្តែង និង​ច្រៀង​នៅ​ប្រទេស​កាណាដា​ម្តង​ៗ។

លោក​បាន​និយាយ​ថា៖​«[រឿង ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ហ្នឹង​] ខ្ញុំ​មិន​ដែល​បាន​ដឹង​ផង​។ នាង​ធ្លាប់​ទៅ​សម្តែង​នៅ​កាណាដា តែ​អត់​ដែល​មាន​បញ្ហា​ទេ ហើយ​រឿង​នាង​មាន​គូ​ដណ្តឹង​នៅ​កាណាដា​ក៏​មិន​មាន​អី​ទាក់​ទង​គ្នា​ដែរ តែ​នោះ​ប្រហែល​ជា​មាន​បញ្ហា​លើ​ការ​រស់​នៅ​ហួស​កាល​កំណត់​អី ខ្ញុំ​មិន​ដឹង​ទេ»។

ដោយ​ឡែក​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ​នាង ពេជ្រ សោភា ដែល​ធ្លាប់​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា ហើយ​ស្ទើរ​កើត​មាន​រឿង​ប្តឹង​ប្ដល់​គ្នា​ជាមួយ​នឹង​ម្ចាស់​ស្ពនស័រ​ ដែល​ពេល​នេះ​ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ប្រទេស​កាណាដា​ដែរ​នោះ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​ទូរស័ព្ទ​របស់​នាង​គ្មាន អ្នក​លើក​។

តារា​ចម្រៀង​ជើង​ចាស់​ មាស សារ៉ាន់ ដែល​ធ្លាប់​សម្តែង​នៅ​កាណាដា​ពីរ​ដង​បាន​ឲ្យ​ដឹង​ថា សម្រាប់​លោក​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ទេ តែ​​បញ្ហា​ដែល​អាច​កើត​មាន​ដូច​ជា​ការ​ផុត​ទិដ្ឋាការ​ជា​ដើម។ លោក​បាន​បន្ត​ថា អ្នក​ធានា​ទៅ​ពួក​គាត់​ស្រួល​ៗ​ណាស់ ប៉ុន្តែ​បញ្ហា​អាច​កើត​មាន​​ដោយ​សារ​អ្នក​សិល្បៈ​ស្រី​មួយ​ចំនួន​ធ្វើ​បាប​ ម្ចាស់​ស្ពន​ស័រ​ទៅ​វិញ​ទេ​។

លោក មាស សារ៉ាន់ ​មាន​ប្រសាសន៍​ថា៖​«​សម្រាប់​ខ្ញុំ​ទៅ​ពីរ​ដង​ហើយ អត់​ដែល​មាន​បញ្ហា​អ្វី​ទេ រឿង​ផុត​វីសា​អី​វា​កម្រ​ណាស់…អូ! ខ្ញុំ​នឹក​ឃើញ​ហើយ​រឿង​ហ្នឹង គឺ​ខ្លាច​តែ​តារា​ស្រី​ៗ​មួយ​ចំនួន​អត់​គោរព​គាត់​ទេ អា​នេះ​ខ្ញុំ​មនុស្ស​ចាស់​ឃើញ​ផ្ទាល់​ភ្នែក​ អត់​កុហក​ទេ ព្រោះ​តារា​ស្រី​ខ្លះ​អ្នក​ធានា​អនុញ្ញាត​ឲ្យ​ដើរ​លេង​តែ​មួយ​យប់ ស្រាប់​តែ​ដើរ​បាត់​៣-៤​យប់​មិន​ដឹង​ទៅ​ណា​ទេ អានេះ​ជា​បញ្ហា​ដែរ​»។

ជុំវិញ រឿង​នេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​ឯក​សារ​ឬ​ក៏​ដំណឹង​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ការ​បញ្ចូល​ឈ្មោះ​សិល្ប​ករ​ខ្មែរ​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​កាណាដា​ប្រហែល​ ជា​មាន​មូល​ហេតុ​។

លោក​លើក​ឡើង​ថា៖«​នោះ​ប្រហែល​ជា​សិល្បករ​របស់​យើង​ មាន​បញ្ហា​ជាមួយ​ម្ចាស់​ស្ពនស័រ ឬ​ក៏​វីសា​ផុត​កំណត់​មិន​ព្រម​មក​វិញ​ហើយ​មើល​ ទៅ​ព្រោះ​ធម្មតា​វា​មិន​ដែល​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នោះ​ទេ​»។

រីឯ​ ស្ថាន​ទូត​កាណាដា​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​មិន​អាច​ សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិល​មិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដាក់​ឈ្មោះ​ អ្នក​សិល្បៈ​ខ្មែរ​ក្នុង​បញ្ជី​មិន​ល្អ​នោះ​។

លោក ឱក សុផុន អគ្គ​នាយក​អគ្គ​នាយក​ដ្ឋាន​បច្ចេក​ទេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា នោះ​មិន​មែន​ជា​សមត្ថ​កិច្ច​របស់​លោក​ក្នុង​ការ​ស្រាវ​ជ្រាវ​រឿង​នេះ​ទេ​។

តាម ​រយៈ​សមាគម​ខ្មែរ​នៅ​កាណាដា​បាន​ឲ្យ​ដឹង​ថា អ្នក​សិល្បៈ​ខ្មែរ​ជា​ច្រើន​រូប​នឹង​ត្រូវ​ធានា​ឲ្យ​ចេញ​ទៅ​សម្តែង​ច្រៀង​ នៅ​ប្រទេស​កាណាដា​នៅ​ក្នុង​រដូវ​រងា និង​រដូវ​ក្តៅ​ខាង​មុខ​នេះ​ ហើយ​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​សម្តែង​តាម​ការ​ស្នើ​សុំ​មិន​ ខាន៕

What Next?

Recent Articles

5 Responses to "អ្នក​សិល្បៈ​កម្ពុជា​ជា​ច្រើន​រូប​ ជាប់​ឈ្មោះ​នៅ​ក្នុង ​បញ្ជី​ខ្មៅ​កាណាដា"

  1. Anonymous says:

    What the western government should do is, apply penalty or reject the visa of those who are intentionally coming to settle illegally in the countries like the U.S. or Canada. What do they want from Khmer immigrants living abroad, while the majority of them in Cambodia, cursing us with provocative languages ?. They praised that Cambodia is now well developed and prosperous. If so, why bother to seek for fortune in the western world ? Some of them even mentioned that the Khmer oversea are living in poverty with slaves like condition. You are damn right, just stay where you belong to, snobby !

  2. Ta yém says:

    Dara srey srey jabb klang Nass. Rok sy te Lork num Ar-kor Ning eng. mok dall Srok vinh norm knea tov de yang tek 5 tné. Sror ving tirk kdor Canadian dork Kloun min Rouch te.

  3. បានឃើញឈ្មោះលោកតាយ៉ែមនឹកឃើញដល់ប្រវត្តិលោកតាម្នាក់ឈ្មោះយ៉ែមនៅសម័យ
    បារាំងចូលស្រុកគាត់ជាឣ្នកមានយុទ្ធសិល្ប៍មន្តវិជ្ជាការខ្លាំងម្នាក់ដែលចេះវិជ្ជាបែងភាគបង្រួញ
    ដីដ៏ល្បីល្បាញដែលមានលោកគ្រូសង្គ្រាជជាច្រើនវត្តបានឃើញផ្ទាល់!

  4. តាសីុក្លូ says:

    អ្នកណាៗខ្ញុំមិនតូចចិត្តទេដែលបានសាងស្នាដៃក្នុងអាជីបសិល្បៈរបស់គេនោះ តែអ្វីដែលខ្ញុំមានការណិតខ្លាំងជាងគេនោះគឺសែស្រឡាយោក សិុន សីុសាមុត ដែលរហូតដល់ កូន (លោកសិុន ឆោមឆៃយ៉ា និងចៅរបស់គាត់ គឺលោក សិុន សិទ្ឋិកុល ដែលមានទេពកោសល្យក្នុង វិស័យចំរៀងតែគ្មានអ្នកណាSponsor ដូច្នេះសូមម្ចាស់ផលិតកម្មនានាមេត្តាជួយដល់រូបគាត់ ព្រមទាំង ក្រុមគ្រួសាផង។ បំណងល្អពីតាសីុក្លូ
    សូមស្តាប់ចំរៀងរបស់គាត់ បើទោះសម្លេងមិនដូចជីតារបស់គាត់ ១០០% តែមានសំនៀងប្រហាក់ប្រហែល

    http://www.youtube.com/watch?v=Mf68Aivf5qE&feature=related

  5. តាសីុក្លូ says:

    សូមស្តាប់បទគាត់១បទទៀត

    http://www.youtube.com/watch?v=wCEFT2U0dWs&feature=relmfu