អង្គការសុខភាពពិភពលោក (WHO) បានមើលឃើញថា ការរំលោភលើបញ្ញត្តិដែលនៅជាធរមាន ស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មបារីនៅកម្ពុជា នៅតែបន្តកើតមាន។
ដោយ សុ ជីវី
2012-10-09
វិទ្យុអាស៊ីសេរី

លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យ ស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ នាសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២។ RFA/Sochivy
ប្រការនេះជំរុញអោយអង្គការសុខភាពពិភពលោក បើកវគ្គសិក្សាអប់រំមន្ត្រីមកពីតាមបណ្ដាខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ ពីបទដ្ឋានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបានទទូចអោយមន្ត្រីពាក់ព័ន្ធចូលរួមទប់ស្កាត់។
មន្ត្រីអង្គការសុខភាពពិភពលោក បានជួបប្រជុំជាមួយមន្ត្រីដឹកនាំមួយចំនួនរបស់រាជធានីភ្នំពេញ នៅថ្ងៃទី៩ តុលា ដើម្បីសុំឲ្យពួកគេយកចិត្តទុកដាក់បំបាត់ការឃោសនានានា ពាក់ព័ន្ធដល់ឧស្សាហកម្មថ្នាំជក់។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) មានប្រសាសន៍ថា ការរំលោភទៅលើបញ្ញត្តិហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលបារី នៅបន្តកើតមាននៅពាសពេញពិភពលោក។ លោក ភីធឺ បន្តថា ក្នុងពេលនេះឧស្សាហកម្មថ្នាំជក់កំពុងស្វះស្វែងបង្កើនអោយមានការប្រើប្រាស់អោយបានកាន់តែច្រើននូវផលិតផលថ្នាំជក់ ដែលបង្កអោយមានទំនាស់ផលប្រយោជន៍រវាងសមត្ថកិច្ចដែលអ្នកត្រួតពិនិត្យថ្នាំជក់ និងឧស្សាហកម្មថ្នាំជក់។
លោក ភីធឺ វ៉ាន់ម៉ារេន៖ «ក្នុងនាមអង្គការសុខភាពពិភពលោក និងក្នុងនាមផលប្រយោជន៍សាធារណៈ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់អ្នកទាំងអស់គ្នា ដែលមានវត្តមាននៅទីនេះ នៅថ្ងៃនេះ អោយនៅឆ្ងាយពីភាពជាដៃគូ និងជំនួបជាមួយនឹងឧស្សាហកម្មថ្នាំជក់។ ក្នុងករណីដែលមិនជាជៀសបាន នៅពេលមានទំនាក់ទំនងជាមួយឧស្សាហកម្មថ្នាំជក់ ឬជាមួយអ្នកដែលធ្វើការងារដើម្បីផលប្រយោជន៍ថ្នាំជក់ ត្រូវតែអោយមានទំនួលខុសត្រូវ និងតម្លាភាព»។
លោក ភីធឺ វ៉ាន់ម៉ារេន បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យ ស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ ដោយមានការចូលរួមពីអភិបាល អភិបាលរងខណ្ឌ និងអធិការ អធិការរង នគរបាល មកពីខណ្ឌទាំង៩។
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ កាលពីឆ្នាំ២០១១ ស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ មាត្រា៦ នៃអនុក្រឹត្យបានហាមឃាត់ការផ្សាយពាណិជ្ជកម្មបារីគ្រប់ទម្រង់ទាំងអស់ ទោះជារូបភាពណាក៏ដោយ មានដូចជា ការផ្សាយតាមផ្ទាំងរូបភាព បដា ប៉ាណូ ឆត្រ យានយន្តចល័ត ប័ណ្ណផ្សព្វផ្សាយ និងសម្ភារៈផ្សេងៗ។ល។ ការប្រព្រឹត្តល្មើស នឹងត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូតសម្ភារៈផ្សព្វផ្សាយ ផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងបិទអាជីវកម្មក្នុងករណីមិនរៀងចាល។
អភិបាលរងរាជធានីភ្នំពេញ អ្នកស្រី ទូច សារ៉ុម មានប្រសាសន៍ថា ការប្រព្រឹត្តល្មើសនៅបន្តកើតមានតាមទម្រង់មួយចំនួន ហើយសកម្មភាពត្រួតពិនិត្យក៏ត្រូវបានរឹតបន្តឹង៖ «នៅមានទម្រង់ខ្លះ នៃការផ្សាយពាណិជ្ជកម្មបារីនៅមានសេសសល់មួយចំនួនតូច មានជាអាទិ៍ ការផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងរូបភាព ឆត្រ និងលើទូលក់បារីតែម្តង។ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងទៅក្រុមហ៊ុនថ្នាំជក់ និងអ្នកពាក់ព័ន្ធអោយបញ្ឈប់ការផ្សាយពាណិជ្ជកម្មបារី និងចេញលិខិតប្រគល់ភារកិច្ចទៅខណ្ឌទាំង៩ អោយដកហូតសម្ភារៈផ្សាយពាណិជ្ជកម្ម ដែលបំពានទៅនឹងអនុក្រឹត្យរបស់រដ្ឋាភិបាល»។
របាយការណ៍វិទ្យាស្ថានស្ថិតិ អោយដឹងថា នៅឆ្នាំ២០១១ ពលរដ្ឋកម្ពុជាពេញវ័យប្រមាណ ២លាននាក់ ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមាន ១,៤លាននាក់ ជក់បារី និងជាងកន្លះលាននាក់ទៀត ចុកថ្នាំជក់។ ចំណែកអត្រាមរណៈដែលចេញដោយអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១១ បង្ហាញថា នៅកម្ពុជា មានពលរដ្ឋកម្ពុជាប្រមាណ ១សែននាក់ បានស្លាប់ដោយសារជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
If there are a lot of issues arising out of smoking cigarettes, why the Government does not stop the tobacco/cigarettes business? Why need to allow the kind of business when at the same time the Government wastes money and time to educate people not to smoke and to cure sick people for smoking cigarettes?
How much Tax revenues does the Government get from tobacco and cigarettes? Comparing to the time and expense wasted on smoking issues, is it worth allowing the cigarettes business?