គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួចជំនួស​បាយ

ស្ទឹងត្រែង: ស្ត្រី និង​កូន​ប្រាំមួយ​នាក់ មួយ​គ្រួសារ រស់នៅ​ភូមិ​បា​ដឺ​ម​ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​ជួប​ការលំបាក​និង​អត់​អាហារ​។ ចំណែក​ប្តី​របស់គាត់​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពីបទ​ចោរកម្ម​។ ចំណែកឯ​កូនស្រី​ច្បង​មាន​អាយុ​១២​ឆ្នាំ​មិនបាន​ចូល​សាលារៀន ដោយសារតែ​ជីវភាព​ជួប​ការលំបាក ត្រូវ​បង្ខំចិត្ត​រក​ការងារ​ធ្វើ និង​នៅ​មើលថែ​ប្អូន​តូចៗ​ចំនួន​ប្រាំ​នាក់​ជំនួស​ម្តាយ​ដែល​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ​។​

ថ្ងៃទី 7 វិច្ឆិកា 2012
ដោយ: សេសាន
CEN

គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួច ជំនួស​បាយ

គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួច ជំនួស​បាយ


អង្គុយ​ក្នុង​ខ្ទម​ដ៏​តូច ​ដំបូល​ប្រក់​ស្បូវ​ធ្លុះធ្លាយ និង​ជ​ញ្ចាំ​ង​បាំង​ពី​ឫស្សី​ធ្លាក់​រយាក ស្ត្រី​ឈ្មោះ​ពុ​យ ខាំ​ពួ​ង អាយុ ៣៦​ឆ្នាំ ជាមួយ​កូនៗ​ប្រាំមួយ​នាក់​របស់គាត់ បាន​រៀបរាប់​ក្នុង​ទឹកមុខ​ស្រពោន​ឱ្យដឹងថា ក្រោយ​ប្តី​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​មក រូបគាត់​ទទួលបន្ទុក​ចិញ្ចឹម​កូន​ទាំងអស់​តែម្នាក់ឯង​។​
​រាល់ថ្ងៃ​កូន​គាត់​ហូប​អាហារ​មិន​គ្រប់គ្រាន់​ទេ ពេលខ្លះ​ហូប​មើម​ក្តួច​ជំនួស​បាយ​ក៏មាន​។ អ្នកស្រី​និយាយ​រៀបរាប់​បន្តទៀតថា កាលពីមុន ប្តី​នៅ​ជិត​គាត់​ទៅ​ស៊ីឈ្នួល​ដឹក​ក្របី​ឱ្យ​ក្រុមហ៊ុន​។ ក្រោយមក​គេ​ចោទប្រកាន់​ប្តី​គាត់​លួច​ក្របី​អ្នកស្រុក ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​។ តាំងពី​ពេលនោះមក ​រូបគាត់​និង​កូន​គ្មាន​អី​ជាទី​ពឹង​ក្នុង​គ្រួសារ​ទៀត​ទេ សុខចិត្ត​ដើរ​ស៊ីឈ្នួល​ច្រូតស្រូវ​ឱ្យគេដើម្បី​បាន​អង្ករ​មក​ចិញ្ចឹម​កូន​។

​ស្ត្រី​ឈ្មោះ​ពុ​យ ខាំ​ពួ​ង បាន​និយាយ​ទាំង​កម្សត់​ទៀតថា “​ពិតជា​អាណិតកូន​ណាស់ សូម្បីតែ​ឱ្យចូល​រៀនក្នុង​សាលា​ដូច​កូន​អ្នកភូមិ​ឯទៀតក៏​គ្មាន​លទ្ធភាព​ដែរ​។ ថ្ងៃ​អនាគត មិនដឹងថាវាសនា​កូនប្រុស​-​ស្រី​មានសំណាង​បែបណា​ទេ​?”

គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួចជំនួស​បាយ
គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួច ជំនួស​បាយ

​កុមារី​ឈ្មោះ​សាន កែវ អាយុ​១២​ឆ្នាំ ជា​កូនកាត់​ខ្មែរ​-​ឡាវ​របស់​អ្នកស្រី​ពុ​យ ខាំ​ពួ​ង បាន​រៀបរាប់ថា តាំងពី​នាង​មាន​អាយុ​៣​ឆ្នាំ​ដល់​១២​ឆ្នាំ មិនបាន​ចូលរៀន​សូត្រ​ដូច​ក្មេងៗ​ដទៃទៀត​ទេ​។​
​អាយុ​ចូលរៀន​ក្នុង​ឆាកជីវិត​ថ្ងៃ​ដំបូង ក្មេងស្រី​ម្នាក់​នោះ​មានឱកាស​ចូល​សិក្សា​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​១ រយៈពេល​បី​ខែ​ប៉ុណ្ណោះ​។ ក្រោយមក ក៏​ឈប់រៀន​វិញ​ដោយសារ​ក្រុមគ្រួសារ​ជួបនឹង​ជីវភាព​ខ្វះខាត​។​

​កុមារី​សាន កែវ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រាំមួយ​នាក់ បាន​រៀបរាប់​បន្តទៀតថា “​មូលហេតុមិនបាន​ចូលរៀន​នឹង​គេ​ ក៏​ព្រោះតែ​ឪពុក ម្តាយ​គ្មាន​លុយកាក់​ទិញ​សម្លៀកបំពាក់​សម្ភារៈ​រៀនសូត្រ​។ ម្យ៉ាងទៀត​ឪពុក​នាង​ត្រូវគេ​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​។​
​សព្វថ្ងៃ​ម្តាយ​របស់​នាង​ដើរ​ស៊ីឈ្នួល​ច្រូតស្រូវ​ស្រែ​ឱ្យគេ ដើម្បី​បាន​លុយកាក់​ខ្លះៗ​មក​ទិញ​អង្ករ​ហូប​។ ដូចនេះ សាន កែវ ត្រូវ​បង្ខំចិត្ត​មើលថែ​ប្អូន​តូចៗ​ទាំង​ប្រាំ​នាក់ មិនដែល​បានគិត​គូរ​រឿង​រៀនសូត្រ​ឡើយ​”​។​

​ថ្វី​ត្បិត​សាន កែវ ជា​កូន​ខ្មែរ​-​ឡាវ ហើយ​និយាយ​ភាសា​ខ្មែរមិនសូវ​ច្បាស់​ នាង​ក៏​ចង់​រៀនសូត្រ​ឱ្យបាន​ខ្ពង់ខ្ពស់​ដូច​ក្មេង​ឯទៀត​ដែរ​។ ខណៈពេលសួរថា បើសិនជា​មានឱកាស​បាន​ចូល​សិក្សា​រៀនសូត្រ​ក្នុង​សាលា​ដូច​គេ តើ​មានបំណង​ធ្វើ​អ្វី​នៅ​ថ្ងៃ​អនាគត​។ នាង​ឆ្លើយតប​មកវិញ​ថា ចង់​ធ្វើជា​គ្រូពេទ្យ​ដ៏​ល្អ​ម្នាក់​ក្នុង​សហគមន៍​។​

​អ្នកស្រី​សន សុខា ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា ទាក់ទិន​ទៅនឹង​កុមារ ពិសេស​កុមារី​ខាង​ មន្ទីរបាន​ជួយ​ជំ​រុញឱ្យ​ឪពុកម្តាយ​ក្នុង​សហគមន៍​ មេភូមិ​-​មេឃុំ ក្នុង​មូលដ្ឋាន​ទាំង​១២៨​ភូមិ ធ្វើយ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កុមារដែលមាន​អាយុ​៣​ទៅ​៥​ឆ្នាំ​ឱ្យបាន​ចូលរៀន​គ្រប់ៗ​គ្នា​។ លើសពីនេះ​ទៀត អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវ​លើក​គម្រោង​ជួយ​ដល់​ផ្នែក​ស្ត្រី ពិសេស​ចំណុច​ខ្វះខាត​សាលារៀន​នៅតាម​សហគមន៍ ដើម្បីឱ្យ​កុមារី​បាន​ចូលរៀន​ពី​ថ្នាក់​មតេ្តយ្យ​សិក្សា​ដល់​បឋមសិក្សា​។​

​ស្ត្រី​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ និយាយ​បន្តទៀតថា កុមារ​ដល់​អាយុ​ចូលរៀន​ទទួលបាន​ការអប់រំ​មាន​ចំនួន​ច្រើន​ក្នុង​ឆ្នាំ​២០១២-២០១៣​នេះ​។ ចំណែក​ការបោះបង់ចោល​ការសិក្សា​របស់​សិស្ស​កម្រិត​បឋម​សិក្សា​នៅតែមាន​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​២០១២-២០១៣ បញ្ជាក់ថា អគារសិក្សា​មាន​ចំនួន​២៥៣​ខ្នង​ ស្មើ​៨០១​បន្ទប់ ក្នុងនោះ​អគារ​មតេ្តយ្យ​សិក្សា​មួយ​ខ្នង​មាន​៣​បន្ទប់​។​
​អគារ​បឋមសិក្សា​មាន​២១៦​ខ្នង ​ស្មើ​៦២៨​បន្ទប់​។ អគារ​មធ្យមសិក្សា​មាន​៣៦​ខ្នង​ ស្មើ​១៧០​បន្ទប់​។ ថ្នាក់​មតេ្តយ្យ​សិក្សា​សិស្ស​ដល់​អាយុ​ចូលរៀន​ពី​៣​ទៅ​៥​ឆ្នាំ សរុប​មាន​៤៥៧២​នាក់ ស្មើ​៥៣​ភាគរយ ក្នុងនោះ​សិស្សស្រី​សរុប​២៣១៤​នាក់​(​ស្មើ​៥៤​ភាគរយ​)​។ សិស្ស​កម្រិត​បឋមសិក្សា​មាន​អាយុ​៥​ឆ្នាំ​ សរុប​១៧៧៩​នាក់ ស្រី​៨៨៤​នាក់​ ស្មើ​៦២​ភាគរយ​។​

​លោក​ជា សុផល អនុប្រធាន​ការិយាល័យ​បឋមសិក្សា នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង និយាយ​ឱ្យដឹងថា បច្ចុប្បន្ន​ការអនុវត្តលើ​កម្មវិធី​ផ្នែក​កុមារ​មេត្រី​កំពុង​ខ្វះខាត​ថវិកា​។ គ្រូ​មួយចំនួន​នៅតាម​សាលា​ជនបទ​ដាច់ស្រយាល មិន​យកចិត្តទុកដាក់​លើក​ម្ម​វិធី​នេះ​ទេ​។ ទន្ទឹមនឹងនេះ​មន្ទីរ​ក៏​កំពុង​ជំ​រុញឱ្យ​កម្មវិធី​ផ្នែក​លើកកម្ពស់​សិទ្ធិ​កុមារ​នេះអនុវត្ត​ន៍ឱ្យ​កាន់តែ​ដើរ​លឿន​ទៅមុខ​។ ក្នុងនោះ​ជំរុញ​ឱ្យ​ខាង​សហគមន៍​យល់ដឹង​ពី​សិទ្ធិ​កុមារ​ផង ទើប​អាចទៅរួច​។ ផ្ទុយទៅវិញ​បើសិនជា​សាលា​ខ្វះខាត​ធនហើយ​នោះ ​ការអនុវត្ត​លើ​សិទ្ធិ​កុមារ​ក៏​មិនអាច​ទទួលបាន​លទ្ធផល​ល្អ​ដែរ​៕​ S ​

What Next?

Recent Articles

7 Responses to "គ្រួសារ​កម្សត់កូន​មិនបាន​ចូលរៀន​ ដល់​ថ្នាក់​ហូប​មើម​ក្តួចជំនួស​បាយ"

  1. អ្នកលេង says:

    ជយោ ! ផែនការនាំចេញអង្ករ អោយ បាន ១លានតោន នៅ ឆ្នាំ ២០១៥ និង ជយោ !

    យុទ្ធសាស្រ្តចតុកោណ ដើម្បីបំបាត់ភាពក្រីក្រ ក្រោមការដឹកនាំមហាអស្ចារ្យរបស់

    សុំដាច់អាចម៏ជោរ ។

    ដូច្នេះបំបាត់ភាពក្រីក្រ គឺ អ្នកក្រត្រូវតែស្លាប់ អោយអស់ ទុកតែអ្នកមានប៉ុណ្ណោះ ។

  2. គ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយទេ ដូចនេះគាត់ខ្លួនឯងត្រូវរកក្តួចមកជំនួសបាយ ដើម្បីកុំឲ្យបាក់មុខថ្នាក់ដឹកនាំ។ ពិតជាគួរឲ្យសរសើរពីគោលជំហរគាត់ណាស់។ តែគាត់ទោះជាយ៉ាងណា មិនអាចជួយបានរឿងកូនៗគាត់មិនរៀនសូត្រ ។ ឯណាទៅ “គោលនយោបាយ អប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ”?

  3. ក្មេងៗ says:

    ឡូយណាស់កម្ពុជា ជាព្រះរាជាណាចក្រ​អច្ឆរិយ!!!!!!!!!!!!!!!!!!

  4. Khmerologist says:

    This is how life goes on under the great leadership of Ah Kwang.

  5. ក្មេងវត្ត says:

    ថាជំនាន់ប៉ុលពតចុះវាហូបក្ដួច ចុះឥឡូវជំនាន់សម្ដេចតេជោទៅហើយនៅតែមានមនុស្សហូបក្ដួចទៀត! នេះបញ្ជាក់ឲ្យច្បាស់ថាសម័យតេជោក៍គ្មានអ្វីខុសប្លែកពីរបបប៉ុលពតដែរ ព្រោះនៅតែមានមនុស្សហូបមើមក្ដួចនៅឡើយ ចុះឧកញ្ញ៉ាៗនិងបណ្ឌិតៗសឹងតែមួយចំហៀងភ្នំពេញដែលម្នាក់លុយរាប់លានដុល្លាក៍មិនយកភ្នែកមើលផង? គួរឲ្យអនិចារក្មេងតូចៗកំព្រាឪពុកតាំងពីប៉ុណ្ណឹងទោហើយ ពិតជាអយុត្តិធម៌ណាស់សង្គមខ្មែរសព្វថ្ងៃ ដែលមនុស្សម្នាក់ៗគិតតែពី អាត្មានិយម,គ្រួសារនិយម,
    បក្សពួកនិយម។

  6. CT says:

    This kind of family situation has been happening in many isolate and remote areas…………….such thing is not get into hear and eyes of local authorities/////// because these families are not providing any benefit to them////////// the big gap between rich and poor will be a big changes soon////// harvest time is on the way of fruits collecting//////// achievement and fake reports will reflected back to them as troubles data in today power and future generation////////////////////////////

  7. សាវ៉ាត្រា says:

    សម្តេចពោលថា សម័យដែកចូ មិនអោយរាស្ត្រដេកស្លាប់អត់បាយទេ៕
    តែស្លាប់ដោយសារអត់ក្តួចអាចមានស្លាប់ អត់ធានាទេ បងប្អូន!