ភ្នំពេញៈ អតីតពិធីការិនីកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN ដែលបានឃ្លាតឆ្ងាយពីឆាកកម្មវិធីនេះជាង១ឆ្នាំនាង ឯក សុជាតា ហៅសាសា កំពុងរងបណ្តឹងដ៏ក្តៅគគុក ខណៈដែលដើមបណ្តឹងអះអាងថា នាងសាសា បានល្បួងយកឡានគេទៅបញ្ចាំលេងល្បែង ហើយគេចវេះមិនសងលុយ។
Wednesday, 07 November 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
លោក ហ៊ុយ តារា ជាម្ចាស់រថយន្តបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ថា លោកបានដាក់ពាក្យប្តឹងនាង សាសា អតីតពិធីការិនីទូរទស្សន៍ CTN ពីបទ ឆបោក ចេញសែកអត់សាច់ប្រាក់ ហើយពាក្យបណ្តឹងនេះ លោកបានដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ម្ល៉េះ។ លោក ហ៊ុយ តារា ក៏បានប្រាប់ឲ្យដឹងផងដែរថា មូលហេតុ ដែលនាំឲ្យកើតរឿងរ៉ាវចម្រូងចម្រាស ដល់ថ្នាក់ប្តឹងប្តល់នេះ គឺដោយសារតែនាង សាសា នេះបានខ្ញីឡានរបស់លោកយកទៅបញ្ចាំ លេងល្បែង ហើយគេវេះមិនព្រមដោះស្រាយឬសងឡើយ។
ដើមបណ្តឹងរូបនេះ អះអាងថា លោក និងសាសាមិនពាក់ព័ន្ធនឹងសម្ព័ន្ធស្នេហាឡើយ។ តែមូលហេតុដែលនាំឲ្យ លោកនិងសាសា ឈានដល់ការស្និទ្ធស្នាល រហូតដល់ថ្នាក់ហ៊ានឲ្យឡាននាងបញ្ចាំនោះ គឺដោយសានាងសាសារមែងប្រើពាក្យផ្អែមល្ហែម ហើយទទូចឲ្យលោកជូនទៅនេះ ជូនទៅនោះជាញឹកញាប់ក្នុងនាមជាមិត្តភក្តិ។ ដើមបណ្តឹងរូបនេះ បានឲ្យដឹងបន្តថា ក្រៅពីបបួលគ្នាទៅផឹកស៊ីច្រៀងរាំក្នុងក្លិបមួយចំនួន នៅតាមមាត់ទន្លេជាមួយមិត្តភក្តិក្នុងសិល្បៈជាច្រើនទៀត ហើយនាងសាសា ក៏ឧស្សាហ៍ ឲ្យលោកជូននាងទៅលេងល្បែងនៅណាហ្គាវើលជាញឹកញាប់ដែរ។
លោក បញ្ជាក់ថា៖ «ពេលនាងចូលទៅលេង[ល្បែង]ម្តងៗ ខ្ញុំសង្កេតឃើញថា នាង សាសា លេងមានចាញ់ និងឈ្នះ ដល់ទៅរាប់ពាន់ដុល្លារឯណោះ»។ លោកបន្តថា៖«បើទោះជាយ៉ាងណាក៏ដោយមុនៗនោះ នាងមិនដែលល្បួងឲ្យខ្ញុំ បញ្ចាំឡានឬរបស់ខ្ញុំមាន យកប្រាក់ឲ្យនាងលេងល្បែងនោះដែរ។ នាងទៅលេងលើកចុងក្រោយ នាងសាសាបានលេងចាញ់ប្រាក់អស់ពីខ្លួន ហើយនាងនិយាយថា នាងចង់ស្រង់ដើម ហើយមិនចង់បកទៅផ្ទះវិញ ពេលនោះនាងល្បួងសុំដាក់ឡានខ្ញុំទៅបញ្ចាំ ដើម្បីយកប្រាក់លេងបន្តឬហៅថា [ស្រង់ដើម]»។ លោក តារាប្រាប់ថា៖«ពេលនោះខ្ញុំក៏ឲ្យឡានទៅបញ្ចាំ ក្នុងទឹកប្រាក់ចំនួនតែ២០០០ដុល្លារទេ ប៉ុន្តែដឹងអីខ្ញុំចូលបន្ទប់ទឹក លុះត្រឡប់មកវិញ ស្រាប់តែឃើញក្រដាសបញ្ចាំនោះ មានទឹកប្រាក់មួយម៉ឺនដុល្លារ ហើយប្រាក់នោះក៏ចាញ់អស់ទៀត»។
លោកបញ្ជាក់ថា៖ «ក្រោយពីលិខិតបញ្ជាក់ថា រថយន្តខ្ញុំបញ្ចាំ១ម៉ឺនដុល្លារ ខ្ញុំមានការខកចិត្តណាស់ ហើយក៏ល្បួងនាងធ្វើយ៉ាងណា យកប្រាក់លោះរថយន្តឲ្យបានលឿនបំផុត ព្រោះមិនចង់ឲ្យរឿងនេះដឹងដល់ឪពុកម្តាយ។ ប៉ុន្តែដឹងអីទៅដល់ផ្ទះនាងសាសា បានឆ្លើយតាមទូរស័ព្ទថា នាងអត់មានប្រាក់ដល់មួយម៉ឺនដុល្លារដើម្បីលោះឡាននោះមកវិញទេ ហើយបញ្ជាឲ្យខ្ញុំនេះ យកឡាននេះទៅលក់តែម្តងទៅ ទម្រាំចាំដល់ថ្ងៃគេសងប្រាក់នាងវិញ ចាំនាងសងឲ្យគ្រប់ ហើយឲ្យលោកទិញឡានមកជិះវិញ»។
លោកបានបន្តថា៖ «ខ្ញុំបានបង្ខំចិត្តលក់ឡានក្នុងតម្លៃ២៤៦០០ដុល្លារ និងបានបង់ការប្រាក់ឲ្យណាហ្គា មួយថ្ងៃ៥០០ដុល្លារសម្រាប់ទឹកប្រាក់ដែលសាសាបានបញ្ជាំមួយម៉ឺន ដុល្លារនោះទៀត»។
ទោះយ៉ាងណា ប្រាក់ដែលសាសាជំពាក់១ម៉ឺនដុល្លារក៏ត្រូវបាននាងសងបានខ្លះដែរ លោកប្រាប់ថា ក្រោយមកដោយមានការកាត់នូវរបស់របរមួយចំនួននោះ នាងសាសានៅជំពាក់លោកតែចំនួន៧៧០០ដុល្លារទេ តែចំនួននេះនាងបែរជាគេចមិនលើកទូរស័ព្ទនឹងគេចមិនព្រមដោះស្រាយ។ ដោយទង្វើមិនទទួលខុសត្រូវ និងមានចេតនាគេចវេះមិនព្រមសងប្រាក់នោះ លោកហ៊ុយ តារា ប្រាប់ថា៖«ខណៈដែលសាសា កាត់ផ្តាច់ទំនាក់ទំនងនឹងមិនទទួលទូរស័ព្ទនោះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២នេះ ខ្ញុំក៏នាំម្តាយ និងម្តាយមីងទៅដល់ផ្ទះ ដែលជួលគេនៅម្តុំទួលគោក ក្នុងគោលបំណងទារលុយ។ តែពេលទៅដល់ផ្ទះនាងថ្ងៃនោះ ក៏បានឃើញនាងសាសា នៅក្នុងផ្ទះកំពុង ធ្វើពិធីជប់លៀង សុទ្ធតែបុរសៗចំនួនដប់នាក់»។
លោកបញ្ជាក់ថា៖«ក្នុងគោលបំណង ចង់បិទបាំងការពិតនោះ ពេលនោះនាង សាសា មកសម្រុះសម្រួលហើយប្រាប់ខ្ញុំថា ប្រាក់ដែលនៅសល់នាងសុំសងក្នុង១ខែចំនួន១១០០ដុល្លារ។ ប៉ុន្តែមិនមានប្រាក់ឲ្យថ្ងៃនេះទេ គឺចាំដល់ពីរបីថ្ងៃទៀតទើបឲ្យគេយកមកឲ្យ»។
បើទោះជានាងសន្យា យ៉ាងនេះក៏ដោយ ក៏លោកមិនបានទទួលយកការសន្យានេះដែរ លោកប្រាប់ថា ដោយអស់ការជឿជាក់ចំពោះនាង ពេលនោះទាំងលោកនិងម្តាយ ម្តាយមីង មិនព្រមត្រឡប់មកវិញទេ ឃើញដូចនេះនាងសាសាក៏ព្រមចេញសែកមួយឲ្យ ដែលនាងប្រាប់ថា ក្នុងសែកនេះមានទឹកប្រាក់ចំនួន៧៧០០ដុល្លារ ប៉ុន្តែនាងក៏បានប្រាប់ទៀតថា សែកនេះមានសុពលភាពមួយខែ[គិតពី ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១២នេះ] ។
ពេលបានសែកលោកហ៊ុយ តារា បញ្ជាក់ថា៖«សែកនោះ ពេលដែលខ្ញុំយកមកបើកលុយនោះ ត្រូវធនាគាអះអាងថា អត់មានសុពលភាពទេ និងថាលេខគណនីរបស់សាសា ត្រូវបិទយូរណាស់មកហើយ។ ខាងធនាគារបានទាំងប្រាប់ខ្ញុំទៀតថា ឈ្មោះឯក សុជាតា ហៅសាសានេះ ឧស្សាហ៍ចេញសែកបែបនេះឲ្យគេមកបើកប្រាក់ណាស់ ដោយសូម្បីតែក្នុងគណនី របស់នាងមិនមានទឹកប្រាក់នៅសល់សោះក៏ដោយ»។
លោក ហ៊ុយ តារា បានលើកឡើងដែរថា៖«ក្នុងដំណើរទៅទារបីនាក់ម្តាយនិងម្តាយមីងនេះ ហើយដែលនាងសាសា គេអះអាងថា ខ្ញុំនេះទៅបង្ខំឲ្យគេចេញសែកឥតសាច់ប្រាក់នេះ »។
ដោយឡែកពេលនេះយើងមិនអាចសូមការពន្យល់យ៉ាងណាពីអតីតពិធីការិនីនាងសាសាបានទេ ដោយទូរស័ព្ទនាងខលចូលហើយនាងនិយាយថាស្តាប់មិនបាន រួចព្យាយាមចុចបញ្ជូនម្តងជាពីរដងចូលហើយតែនាងមិនលើក រហូតនាងបិទទូរស័ព្ទតែម្តង៕


ឡានជាកម្មសិទ្ធរបស់លោកតារា ហេតុអ្វីនាងសាសាចុះហត្ថលេខាជំនួសលោកតារាដែលជាម្ចាស់
ឡានយកលុយ១០០០០ដុល្លារ៏ទៅវិញខ្ញុំមិនយល់?