ភ្នំពេញ : តារាម៉ូដែលរូបស្រស់រាងខ្ពស់ស្រឡះកម្ពស់១,៧០ម៉ែត្រដែលទើបទទួលជ័យលាភីលេខ១ ក្នុងពិធីប្រឡងជ្រើសរើសកញ្ញាឯក Cambodia New Star Model Contest – Face of Cambodia ឆ្នាំ២០១៣ កញ្ញា ដួង លីនដា នឹងឡើងយន្តហោះទៅប្រកួតសម្រស់តំណាងនារីខ្មែរនៅប្រទេសកូរ៉េខាងត្បូងនៅពាក់កណ្តាលខែមករាឆ្នាំ២០១៣ខាងមុខនេះ។
Tuesday, 18 December 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ប៉ុន្តែដំណើរទៅប្រកួតសម្រស់នៅប្រទេសកូរ៉េនេះមិនត្រូវបានស្រីស្រស់លីនដា សម្តែងការទុកចិត្តលើខ្លួនឯងឡើយ ដោយនាងនិយាយថា៖«ខ្ញុំនៅមិនមានភាពជឿជាក់លើខ្លួនឯងនោះទេ»។
កញ្ញាឯកដែលជាតារាម៉ូដែលមកពី Sun Model Cambodia រូបនេះបានឲ្យដឹងថា៖ «ខ្ញុំនឹងឡើងយន្តហោះទៅចូលរួមប្រកួតជ្រើសរើសកញ្ញាឯកប្រចាំតំបន់អាស៊ីសម្រាប់ឆ្នាំ២០១៣នៅប្រទេសកូរ៉េខាងត្បូង នៅពាក់កណ្តាលខែមករាខាងមុខនេះដោយស្នាក់នៅទីនោះរយៈពេលមួយសប្តាហ៍ខណៈការប្រកួតមានតែមួយថ្ងៃ»។
ទោះជាយ៉ាងណា ឱកាសនាំយកសម្រស់ដ៏ផូរផង់ទៅប្រកួតស្រីស្អាតប្រចាំតំបន់អាស៊ីនេះធ្វើឲ្យកញ្ញាដួង លីនដា ស្ទាក់ស្ទើរមិនមានទំនុកចិត្តលើខ្លួនឯងទៅវិញ ដោយនាងនិយាយយ៉ាងដូច្នេះថា៖ «ដ្បិតថាខ្ញុំនៅឯការប្រកួតប្រជែងក្នុងស្រុកខ្មែរទទួលបានជ័យលាភីលេខ១ទាំងផ្នែករូបសម្រស់ស្លៀកពាក់ប្រពៃណីខ្មែរស្អាត និងកម្ពស់របស់ខ្ញុំជាប់កម្រិតស្តង់ដារម៉ូដែលខ្មែរក៏ដោយតែសម្រាប់ការប្រកួតនៅកូរ៉េខាងត្បូង ខ្ញុំនៅមិនទាន់ដឹងពីសម្រស់លក្ខណសម្បត្តិរបស់តារាមកពីបណ្តាប្រទេសជុំវិញពិភពលោក៥៥ប្រទេសថាគេមានរូបសម្រស់ស្អាត និងកម្ពស់គេប្រសើរជាងខ្ញុំឬយ៉ាងណានោះទេយើងមិនទាន់ដឹងនៅឡើយ»។
កញ្ញាដួង លីនដាបានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈផ្នែកម៉ូដែល២ឆ្នាំ ខណៈទទួលបានភ្លើងខៀវក្លាយជាតារាម៉ូដែលក្នុងក្រុម Sun Model Cambodia ដោយពុំធ្លាប់ឆ្លងកាត់ការប្រឡងឬហ្វឹកហាត់ក្នុងក្លិបណាមួយឡើយ។ តែយ៉ាងណាពីរឆ្នាំកន្លងទៅស្រីស្រស់កម្ពស់បានរូបនេះមិនសូវមានប្រជាប្រិយភាពនិងមានមហាជនស្គាល់នាងប៉ុន្មានទេក្នុងពិភពសិល្បៈ ព្រោះតែនាងមិនសូវលេចមុខតាមកញ្ចក់ទូរទស្សន៍ឬចម្រៀងខារ៉ាអូខេនានា ដូចតារាដទៃទៀត។
ស្រីស្រស់វ័យ១៩ឆ្នាំមានកំណើតនៅក្រុងប៉ោយប៉ែតរូបនេះនិយាយថា៖ «ខ្ញុំនៅក្នុងក្រុមSun Model Cambodia ក្នុងនាទីជាតារាបង្ហាញម៉ូដរយៈពេលជាងពីរឆ្នាំមកហើយគ្រាន់តែទស្សនិកជនមួយចំនួនធំមិនធ្លាប់បានស្គាល់រូបនាងខ្ញុំ»។
ថ្លែងទាក់ទិននឹងការងារសិល្បៈវិញបុប្ផាក្រុងប៉ោយប៉ែត ដែលនឹងបង្អួតសម្រស់លើឆាកអន្តរជាតិរូបនេះបានបញ្ជាក់ឲ្យថា៖ «ជាង២ឆ្នាំមកនេះឱកាសសម្តែងភាពយន្តមិនទាន់បានមួយរឿងនៅឡើយទេ សូម្បីតែតួរាយរងក៏ដោយ។តែបើការសម្តែងចម្រៀងកាយវិការខារ៉ាអូខេបានបីបទដែរឲ្យផលិតកម្មថោនមានបទ បងនឹកគេដល់ថ្នាក់ចង់ឈឺ បទស្ងៀមតែមិនល្ងង់និងបទមនុស្សបីនាក់»។
ដោយឡែកជាមួយនឹងឱកាសទៅប្រកួតសម្រស់តំណាងឲ្យនារីកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងនោះកញ្ញា ដួង លីនដា បានថ្លែងក្នុងជំនួបផ្ទាល់នៅឯការិយាល័យភ្នំពេញប៉ុស្តិ៍ថា៖«ការចាកចេញទៅប្រឡងបវរកញ្ញាតំណាងប្រទេសកម្ពុជា នៅឯប្រទេសកូរ៉េខាងត្បូងនេះគឺមានការលំបាកណាស់ ព្រោះមុននឹងជាប់ឈ្មោះបានទៅប្រទេសកូរ៉េខ្ញុំត្រូវឆ្លងកាត់ការប្រឡងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។ សម្រាប់ការប្រឡងដើម្បីចេញទៅប្រកួតនៅប្រទេសកូរ៉េកាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០១២នេះ គឺមានអ្នកប្រកួតរហូតដល់ទៅ២២នាក់ឯណោះ ក្នុងនោះមានប្រុស១១នាក់និងស្រី១១នាក់ »។
ការប្រកួត Cambodia New Star Model contest – Face of Cambodia ឆ្នាំ២០១៣ បានសម្រាំងយកបេក្ខនារីលេខ១ និងលេខ២។ សម្រាប់បុរសក៏ដូច្នោះដែរ ដើម្បីទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។
នាងក៏បានបង្ហាញឲ្យដឹងពីចំណុចដែលនាងបានជាប់ជាកញ្ញាឯកលេខ១ពីការប្រកួតនេះដែរថា៖ «ខាងគណៈកម្មការវិនិច្ឆ័យគាត់ឲ្យពិន្ទុខ្ញុំជាប់លេខ១នោះយោងទៅលើការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ទី២រូបសម្បតិ្តនិងទី៣គឺកម្ពស់របស់ខ្ញុំ១,៧០ម៉ែត្រ»។
ដួង លីនដា បានបង្ហើបឲ្យដឹងទៀតថា ការចេញទៅប្រកួតនៅទឹកដីកូរ៉េ ជាលើកដំបូងរបស់នាងនៅគ្រានេះនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា ឆ្នាំ២០១៣ ដោយមានការចូលរួមពីកញ្ញា អឿន វល័ក្ខ និងប្រហែលជាមានវត្តមានរបស់ កញ្ញា អឿន លៈលីតា ផងដែរ។
បើទោះជាកញ្ញា ដួង លីនដា បានឆ្លងកាត់ដំណាក់កាលប្រកួតយ៉ាងរំជើបរំជួលកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ នៅក្នុងស្រុកក្ដី ក៏ម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះកំពុងតែសម្តែងការមិនទុកចិត្តលើសម្រស់ខ្លួនខណៈត្រូវប្រឈមនឹងកញ្ញាឯកដល់ទៅជាង៥០នាក់ទៀតនោះ។
តារាម៉ូដែលរាងស្រឡូនសាច់សខ្ចី កញ្ញា ដួង លីនដា បានសម្ដែងនូវភាពស្រពេចស្រពិលថា៖ «ខ្ញុំនៅមិនទុកចិត្តលើរូបសម្រស់ខ្ញុំឡើយ ខណៈមានស្រីស្អាតមកពីបណ្តាប្រទេសផ្សេងៗគ្នាដល់ទៅចំនួន៥៥ប្រទេសឯណោះមកធ្វើការប្រកួតប្រជែងនៅប្រទេសកូរ៉េលើកនេះ»។
បើទោះជានាងមានកម្ពស់រាងរៅត្រូវតាមស្ដង់ដារអន្តរជាតិក្ដី ប៉ុន្តែនាងបែរជាចាត់ទុកលក្ខណសម្បត្តិនេះជាចំណុចខ្សោយរបស់ខ្លួនទៅវិញ។
នាងបានបញ្ជាក់យ៉ាងខ្លីថា៖ «ចំណុះដែលខ្ញុំបារម្ភនោះគឺ កម្ពស់របស់ខ្ញុំតែម្ដងដែលនាំឲ្យខ្ញុំបារម្ភតែបើរូបសម្រស់នោះដូចមិនជាបញ្ហាប៉ុន្មានទេ»៕


សូមជូនពរឧ្យយទទួលជ័យជំនះ
you will be success, i hope so!
Wishing you to get success for her contest in Korea Bravo Cambodian Women.
But do all the best for the Khmer Ladies.