ភ្នំពេញៈធ្លាយចំណងស្នេហ៍ឆ្លងទ្វីបមិនបានប៉ុន្មានផង ស្រាប់តែនៅមុននេះបន្តិចមានការបញ្ជាក់ពីសាមីខ្លួនថា ស្នេហាមួយនេះបានរលាយបាត់ពីដួងចិត្តរបស់ពិធីការិនីនាង អឿន ដាលីស ហើយ។ ប៉ុន្តែគេមើលឃើញថា ស្នេហាមួយនេះអាចនឹងមានពន្លកជីវិតស្នេហ៍ឡើងវិញ ក្រោយពេលមានការផ្សះផ្សា ខណៈពេលខាងមុខដ៏ខ្លីនេះគេបានដឹងថា អឿន ដាលីស គ្រោងនឹងវិលទៅកាន់ទឹកដីអូស្ត្រាលីជួបមុខស្នេហ៍ចាស់វិញនោះ។
Wednesday, 19 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ពិធីការិនីវ័យក្មេង អឿន ដាលីស បានចេញទៅអូស្ត្រាលីកាលពីឆ្នាំមុន ដោយនាងបានបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ទឹកដីប្រទេសដែនកោះនោះ គ្មានអ្វីក្រៅពីចេញទៅសិក្សាជំនាញមើលថែកូននោះឡើយ។ ក្រោយចប់កម្មវិធីសិក្សាមួយឆ្នាំ តារាស្រីសម្តីពីរោះសាច់សខ្ចីបីដូចបណ្តូលចេករូបនេះ ក៏បានវិលមកកម្ពុជាជាប្រទេសកំណើតវិញ ហើយនាងក៏ទទួលបានការស្វាគមន៍ជាថ្មីពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងនាមជាពិធីការិនីកម្មវិធីTop Teen Concert ដូចកាលពីមុន។
បន្ទាប់ពីជាន់ដីកម្ពុជាមិនទាន់បានប៉ុន្មានផង ភ្នំពេញ ប៉ុស្តិ៍ ក៏ទទួលបានព័ត៌មានពីអូស្ត្រាលីថា ក្រោយពេល អឿន ដាលីស សំចតយកពេលសិក្សានៅផ្ទះបងស្រីក្នុងប្រទេសនោះមិនបានមួយឆ្នាំស្រួលបួលផង នាងក៏បានផ្តើមស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងបុរសអាណិកជនខ្មែរម្នាក់ដែលគេដឹងថាស្នេហាមួយនេះផ្តើមចេញពីការណែនាំរបស់ចាស់ទុំពិសេសបងស្រីបង្កើតរបស់នាង។
ជាមួយគ្នានោះ ពិធីការិនីមិនដែលដើរជាន់រឿងអាស្រូវស្នេហា ហើយធ្លាប់តែមាត់រឹងគ្រប់ការចោទសួរពាក់ព័ន្ធនឹងបញ្ហាបេះដូងនោះ ក៏បានបន្ទន់ចិត្តឥរិយាបថទទួលស្គាល់នៅពេលនោះដែរថា នាងពិតជាមានគូកំណាន់ក្នុងបេះដូងជាអ្នករស់នៅអូស្ត្រាលីមែន ប៉ុន្តែមិនទាន់មានអ្វីស៊ីជម្រៅចាក់ទឹកមិនលិចនោះឡើយខណៈពេលនេះនាង និងបុរសរូបនោះកំពុងស្វែងយល់ចិត្តថ្លើមគ្នានោះ។ហ្សេម គូស្នេហ៍របស់អឿន ដាលីស ត្រូវគេដឹងថា ជាអាណិកជនខ្មែរមានទ្រព្យវ័យក្មេងម្នាក់។ នៅក្នុងអំឡុងពេលស្នេហាប្រៀបបានទឹកឃ្មុំ ពេលខ្លះពួកគេតែងសរសេរពាក្យពេចន៍ស្នេហានៅលើហ្វេសប៊ុកឆ្លើយឆ្លងគ្នាដោយ វីរៈ ហ្សេម សរសេរថា៖ «Miss u so much my honey!!!»។ អឿន ដាលីស ក៏តបវិញពេលបន្ទាប់ថា៖
«I miss you too honey»។
តាមរយៈការពោលពាក្យជាសាធារណៈនោះ នៅពេលនោះ អឿន ដាលីស ក៏អស់ពាក្យនិយាយប្រកែកដែរ ពោលគឺនាងមានតែការទទួលស្គាល់ តែមិនទាន់និយាយពេញមាត់បានត្រឹមថាកំពុងស្វែងយល់ចិត្តគ្នាប៉ុណ្ណឹង។ នាងបានទទួលស្គាល់នៅក្នុងគ្រានោះថា ក្រុមគ្រួសាររបស់នាង និងវីរៈ ហ្សេម បានស្គាល់គ្នាអស់ហើយ។
អឿន ដាលីស បានប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីនៅពេលហ្នឹងថា៖«ខ្ញុំនិងគាត់ [វីរៈ ហ្សេម] កំពុងតែស្វែងយល់ចិត្តគ្នា ទៅវិញទៅមក អ៊ីចឹងអត់ទាន់ច្បាស់លាស់ទេ»។ ដូចជាពាក្យអឿន ដាលីស បញ្ជាក់ថា ស្នេហារបស់ពួកគេនៅមិនច្បាស់លាស់នោះ មិនបានប៉ុន្មានផង ស្នេហាដែលអ្នកណាៗក៏គិតថាអាចដើរដល់ផ្លូវចូលរោងការនោះ ក៏បានធ្លាយពីការបែកបាក់គ្នា ក្រោយពេលដែល អឿន ដាលីស មកដល់ស្រុកខ្មែរបានរយៈពេលប្រមាណ៣ខែ។
អឿន ដាលីស បានបញ្ជាក់ឲ្យដឹងថា នាង និងលោក វីរៈ ហ្សេម ពិតជាបានចែកផ្លូវគ្នាមែន តែនាងសុំមិនលាតត្រដាងពីមូលហេតុចម្បងឡើយ។
ការបែកបាក់នេះ ត្រូវបានអ្នករស់នៅក្នុងសង្គមសិល្បៈលើកឡើងថា ទំនងបណ្តាលមកពីអឿន ដាលីស ដែលជាស្រីស្អាតមានចិត្តវៀចវេរក្រោយពេលនាងបានជួបនឹងបុរសរូបសង្ហាអ្នកមានទ្រព្យណាម្នាក់ក្នុងស្រុកនោះខណៈដែលនាងក៏មានសម្រស់ស្រស់បំព្រងមិនចាញ់ផ្កាកុលាបនោះ។
ប៉ុន្តែមានអ្នកសិល្បៈមួយចំនួនទៀតដែលមានទំនាក់ទំនងល្អនឹងអឿន ដាលីស បានបង្ហើបឲ្យដឹងថា ការផ្តាច់ចំណងស្នេហាទាំងកណ្តាលទីនេះ អាចបណ្តាលមកពីលោក វីរៈ ហ្សេម ជាមនុស្សមានចិត្តចង្អៀតបន្តិចតែងសម្តែងអារម្មណ៍ហួងហែងចំពោះអឿន ដាលីស ដែលជាអ្នកសិល្បៈចាយសម្រស់នោះ។
ទោះជាយ៉ាងណាស្នេហាមួយនេះត្រូវបានគេគិតថានឹងអាចមានដំណោះស្រាយឬក៏ការផ្សះផ្សាល្អឡើងវិញ ខណៈពេលដែលមិនដល់មួយខែទៀតផងអឿន ដាលីស នឹងត្រូវឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលីវិញនោះ។ ដូចដែលអឿន ដាលីស បានបញ្ជាក់ថា ស្នេហាមួយនេះ ចាស់ទុំទាំងសងខាងបានទទួលដឹងឮនោះដូច្នេះ ចាស់ៗជាមេបាអាចនឹងពន្យល់ណែនាំពួកគេឲ្យជានានឹងគ្នាវិញមិនខាន។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងអឿន ដាលីស បានទេកាលពីម្សិលមិញ ព្រោះទូរស័ព្ទរបស់នាងមិនអាចទទួលការហៅចូលបានប៉ុន្តែនាងបានប្រាប់សារព័ត៌មានមួយថា ការវិលត្រឡប់របស់នាងមិនពាក់ព័ន្ធនឹងស្នេហាទេ៕

