ភ្នំពេញៈ បច្ចុប្បន្នគេសម្គាល់ឃើញ អ្នកចេះល្បិចសម្តែងសិល្បៈសៀករហ័សកម្មបែបឆ្ពិនភ្នែកមានចំនួនកាន់តែច្រើនសូម្បីតែក្មេងក៏ចេះសម្តែងល្បិចសិល្បៈសៀកបែបឆ្ពិនភ្នែកនេះដែរខណៈសម័យបុរាណវិជ្ជាសៀករហ័សកម្មឆ្ពិនភ្នែកនេះ ភាគច្រើនមានតែមនុស្សវ័យចំណាស់ និងនៅតំបន់ចុងកាត់មាត់ញកឬតំបន់ព្រៃភ្នំប៉ុណ្ណោះទើបចេះនោះ។
Wednesday, 19 December 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

លោក សុខ សំអុល ហៅ សូឡូ នៅពេលបង្ហាញពីក្បាច់សៀករហ័សកម្មនៅក្នុងពិធីមួយកាលពីពេលកន្លងមក។ រូបថត ឈឹម ស្រីនាង
អ្នកឯកទេសខាងសិល្បៈសៀករហ័សកម្ម និងជាសាស្រ្តាចារ្យសិល្បៈសៀកលោក សុខ សំអុលហៅនាយសូឡូ ក្រៅពីអះអាងថា លោកជាសិស្សជំនាន់ទី១ផ្នែកសិល្បៈសៀករហ័សកម្ម ដែលបានចូលរៀននៅសាលាភូមិន្ទវិចិត្រសិល្បៈនោះ នាយសូឡូ ក៏បានទទួលស្គាល់ថា សិល្បៈសៀកបែបរហ័សកម្មសព្វថ្ងៃនេះមានការរីកចម្រើនកាន់តែខ្លាំង សូម្បីតែក្មេងអាយុជាង១០ឆ្នាំក៏ពួកគេចេះដែរ។
លោកគ្រូ សូឡូ បានពន្យល់ថា៖
«សិល្បៈសៀកបែបកាយសម្ព័ន្ធ មានដូចជា ដើរលើខ្សែពួរ ជិះកង់ជើងមួយឬក៏ពត់ខ្លួនបង្វិលកងជាដើម។ ចំណែកសិល្បៈសៀករហ័សកម្មគឺជាការបញ្ចេញនូវសកម្មភាពរហ័សរហួនប៉ិនប្រសប់ អាស្រ័យជាមួយឧបករណ៍ដែលគេយកមកសម្តែងហើយមិនអាចឲ្យអ្នកទស្សនាមើលទាន់ដែលគេនិយាយថា ជាការឆ្ពិនភ្នែកនោះ»។ លោកបន្ថែមថា៖«ការពិតវាមិនមែនជាការឆ្ពិនភ្នែកទេ នេះជាភាពរហ័សរហួននិងការប៉ិនប្រសប់រួមជាមួយនឹងឧបករណ៍លេង»។
បើទោះជាបច្ចុប្បន្ននេះ សិល្បៈសៀកមានភាពរីកលូតលាស់គួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយប៉ុន្តែគេនៅមិនទាន់មានការកំណត់ឈ្មោះជាក់លាក់សម្រាប់សិល្បៈមួយនេះនៅឡើយដោយក្នុងឯកសារបានលើកឡើងថា គេពុំទាន់ដឹងនៅឡើយទេថា បុព្វបុរសខ្មែរយើងក្នុងសម័យអតីតកាលបានប្រើពាក្យណាមួយដើម្បីហៅសិល្បៈមួយប្រភេទនេះទេ ក្រៅពីក្រុមអ្នកចេះជំនាញនេះអះអាងថា ការឆ្ពិនភ្នែកនោះ។ អ្នកជំនាញបានបញ្ជាក់ថា៖«ពីមុន អ្នកចេះវិជ្ជានេះមានតែនៅតាមតំបន់ចុងកាត់មាត់ញកឬតំបន់ព្រៃភ្នំ និងមានវ័យចំណាស់ ប៉ុន្តែបច្ចុប្បន្ននេះគេសង្កេតឃើញមាននៅទីក្រុង និងទីប្រជុំជន ហើយក្មេងទៀតផង»។
ភាពរីកដុះដាលនៃសិល្បៈសៀកបែបឆ្ពិនភ្នែកនេះត្រូវបានអ្នកឯកទេសផ្នែកសិល្បៈសៀករហ័សកម្មលោក សុខ សំអុលទទួលស្គាល់ថា៖«សព្វថ្ងៃសិល្បៈសៀកនៅស្រុកខ្មែរមានភាពរីកចម្រើនច្រើន មិនថាសិល្បៈសៀកលើឆាកឬសិល្បៈសៀកមហាជនទេ ពិសេសសិល្បៈសៀកបែបរហ័សកម្ម។ ភាពរីកចម្រើននៃសិល្បៈសៀករហ័សកម្មនេះ ទីមួយមកពីសិល្បៈប្រភេទនេះ អ្នកដែលចេះគេថាអ្នកអស្ចារ្យម្នាក់ដែរទី២គេគិតថាបើចេះវិជ្ជាសិល្បៈនេះគេក៏អាចរកចំណូលមកចិញ្ចឹមខ្លួននិងគ្រួសារបានដែរ ដូច្នេះហើយទើបពួកគេចង់ចេះនូវវិជ្ជានេះ»។
លោកសាស្រ្តាចារ្យបានបញ្ជាក់ថា សិល្បៈសៀករហ័សកម្មអ្នកដែលមានចំណងចង់ចេះវិជ្ជានេះមិនពិបាកទេក្រៅពីមានគ្រូៗរៀមច្បងបើកបង្រៀនអ្នកខ្លះចេះភាសាអង់គ្លេសគាត់ក៏អាចរៀនវិជ្ជានេះបានយ៉ាងងាយតាមប្រព័ន្ធអ៊ីនធឺណិតព្រោះថាក្នុងអ៊ីនធឺណិតគេមានគ្រប់ស្នៀតគ្រប់ល្បិចដូចមានគ្រូបង្ហាត់ផ្ទាល់ដែរសំខាន់ឲ្យតែអ្នកដែលរៀននោះមានឧបករណ៍។
យុវជនវាសនាវ័យ២៥ឆ្នាំ មាននាទីជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយនៅក្រុងតាខ្មៅនិងមានអាជីពមួយផ្សេងទៀតជាជាងគំនូរផងនោះបានអះអាងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ក្នុងជំនួបនៅកម្មវិធីទេពកោសល្យអច្ឆរិយផ្ទះលេខ១១ របស់ស្ថានីយទូរទស្សន៍អប្សរាថា៖ «ជំនាញសិល្បៈសៀករហ័សកម្មនេះ ខ្ញុំចេះតាំងអាយុ១២ឆ្នាំម៉្លេះ រៀនពីលោកគ្រូ សូឡូ »។ កូនសិស្សលោកគ្រូសូឡូបានបញ្ជាក់ថា៖ «ក្រៅពីរៀនមុខវិជ្ជានេះពីលោកគ្រូសូឡូចំនួន២០ក្បាច់ធំៗខ្ញុំក៏បានជួបគ្រូពីរនាក់ម្នាក់ជាជនជាតិបារាំងនិងម្នាក់ទៀតជាជនជាតិអូស្រ្តាលី ពួកគាត់បានបង្ហាត់បង្ហាញពីក្បាច់សម្តែងជាច្រើនក្នុងរយៈពេលប្រមាណកន្លះខែ ហើយពួកគាត់ក៏បានប្រាប់ពីគេហទំព័រសៀកបរទេសមកខ្ញុំ ហើយសព្វថ្ងៃខ្ញុំចេះមិនក្រោមពី២០០ក្បាច់នោះទេហើយគ្រប់ក្បាច់ដែលលើកឡើងនេះក្បាច់ណាក៏អាចលេងបានដែរតែវាស្រ័យទៅលើកឧបករណ៍»។
យុវជនរូបនេះបានបន្ថែមថា៖«នៅមិនយូរទេយ៉ាងហោចរយៈពេល២ខែទៀតនោះ ខ្ញុំនឹងសម្តែងឈុតសៀករហ័សកម្មមួយក្បាច់ឲ្យផ្អើលក្រុងតាខ្មៅ ដែលសៀកមួយឈុតនេះត្រូវចំណាយថវិកាមិនក្រោម៥០០ដុល្លារទៅលើឧបករណ៍ទេ ហើយធានាថា ប្លែកនិងមានភាពរន្ធត់ជាងឈុតឆាកដែលក្រុមសៀកធ្លាប់សម្តែងកន្លងមកទៅទៀត»៕

it is an illusion or or magical acts.